អន្តរជាតិ
តុលាការ​ថៃ​កោះហៅ​លោក ប្រា​យុទ្ធ ទៅ​បំភ្លឺ​ជុំវិញ​បញ្ហា​ផ្សែង​ពុល
07, Feb 2019 , 10:16 am        
រូបភាព
រូបភាព The Nation ថៃ
រូបភាព The Nation ថៃ
ដោយ:
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា​, អភិបាលក្រុង​បាងកក Aswin Kwanmuang និង​សមាជិក​នៃ​គណៈកម្មការ​ទទួលបន្ទុក​ផ្នែក​បរិស្ថាន​ថៃ ត្រូវបាន​គេ​កោះហៅ​ឲ្យ​ទៅ​ស្រាយ​បំភ្លឺ​នៅ​តុលាការ​រដ្ឋបាលកណ្តាល​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ពាក់ព័ន្ធ​នឹង​វិបត្តិ​ខ្យល់​កខ្វក់ PM2.5 ដែល​ជះឥទ្ធិពល​លើ​ក្រុង​បាងកក​រយៈពេល​ជិត ២ ខែ​កន្លងទៅនេះ​។ 

 
​ការកោះហៅ​របស់​តុលាការ​នេះ គឺធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅ​បណ្តឹង​ពីស​មាគម​ប​ញ្ឈ​ប់​បម្រែបម្រួល​អាកាសធាតុ (SGWA) និង​ប្រជាជន​បាងកក​ចំនួន ៤១ នាក់​។ អ្នកដាក់ពាក្យ​បណ្តឹង​ចោទប្រកាន់​មន្ត្រី​គ្រាក់ៗ​ទាំងនោះ​ថា មិន​យកចិត្តទុកដាក់​លើ​បញ្ហា​ផ្សែង​ពុល ដោយ​អះអាងថា ពួកគេ​បរាជ័យ​ក្នុងការ​អនុវត្ត​ច្បាប់​សុខភាព​សាធារណៈ​និង​បរិស្ថាន​ដើម្បី​គ្រប់គ្រង​កម្រិត PM2.5 ។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation ។​
 
​យោងតាម​បណ្តឹង​ដដែល​នេះ ការព្រងើយកន្តើយ​រប​ស់ម​ន្ត្រី​ក្នុងការ​ដោះស្រាយ​វិបត្តិ​ខ្យល់​កខ្វក់​នេះ បាន​បង្ខំ​ឲ្យ​សាលារៀន និង​ក្រុមហ៊ុន​ជាច្រើន​បិទទ្វារ​ជា​បណ្តោះអាសន្ន​។ ប្រជាជន​មួយចំនួន​មាន​បញ្ហា​សុខភាព​ផ្លូវដង្ហើម ហើយ​សេដ្ឋកិច្ច​ថៃ​ទទួលរង​ផលប៉ះពាល់​ថែម​ទៀតផង​។ លើសពីនេះ ភ្ញៀវទេសចរ​ហាក់​ស្ទាក់​ស្ទើរនឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ ក្រោយពី​ទទួលដំណឹង​ពី​បញ្ហា​គុណភាព​ខ្យល់​។​
 
​ប្រធាន​សមាគម​ប​ញ្ឍ​ប់​បម្រែបម្រួល​អាកាសធាតុ (SGWA) លោក Srisuwan Janya បាន​ប្រាប់​សារព័ត៌មាន The Nation ថា លោក​នឹង​រៀបចំ​ភស្តុតាង​ដែល​បង្ហាញ​ពី​ការធ្វេសប្រហែស​របស់រ​ដ្ឋា​ភិ​បាល​ទាក់ទិន​នឹង​បញ្ហា​ខ្យល់​កខ្វក់ និង​ស្នើ​ឲ្យ​តុលា​ការចេញ​បញ្ជា​ឲ្យ​មន្ត្រី​ដែល​ត្រូវ​ចោទប្រកាន់​ទាំងនោះ ដាក់ចេញ​វិធានការ​ថ្មី​ដើម្បី​ទប់ទល់នឹង​ប្រភព​នៃ​ការបំពុល​ខ្យល់​។ លោក​ថា ទាំងអ្នកដុត​ចម្ការ​អំពៅ និង​អ្នកទិញ​អំពៅ​ដែល​ដុត​រួច​គួរតែ​ប្រឈម​នឹង​ការដាក់ពិន័យ​។​
 
​សូមបញ្ជាក់ថា ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ថៃ​បាន​ព្រមាន​ថា ប្រសិនបើ​វិបត្តិ​ផ្សែង​ពុល​ពុំ​ត្រូវបាន​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​នៅតែ​បន្ត​ក្នុង​រយៈពេល​វែង​នោះ សេដ្ឋកិច្ច​ថៃ​នឹងត្រូវ​ខាតបង់​ក្នុង​ចន្លោះ​ពី ១០ ពាន់​លាន​បាត (៣១៩,៧ លាន​ដុល្លារ​) ទៅ ១៥ ពាន់​លាន​បាត (៤៧៩,៥) ក្នុង​មួយខែ ។ ការប៉ាន់ស្មាន​នេះ​គឺធ្វើឡើង ដោយ​ផ្អែកលើ​លុយ​ដែល​ប្រជាជន​ចំណាយ​ទិញ​ថ្នាំ និង​ម្ស៉ា​ស N95 រួមទាំង​ចំណូល​មកពី​វិស័យ​ទេសចរណ៍​ផងដែរ​។ បើតាម​ការដឹង​របស់​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ថៃ បច្ចុប្បន្ននេះ​ប្រជាជន​ចំណាយ​ជា​មធ្យម​ប្រមាណ ៥៩៤ បាត (១៩ ដុល្លារ​) ក្នុង​មួយខែ​សម្រាប់​ផលិតផល​ការពារ​ពី​ខ្យល់​កខ្វក់​៕
 

Tag:
 ថៃ​
  ប្រា​យុទ្ធ​ចាន់​អូ​ចា​
  បញ្ហា​ផ្សែង​ពុល​
© រក្សាសិទ្ធិដោយ thmeythmey.com