ជាតិ
កម្ពុជា​នាំចេញ​សត្វ​ស្វា​ក្ដាម ទៅ​ក្រៅប្រទេស ជាង​១​មុឺន​ក្បាល​ក្នុង​ឆ្នាំ​២០១៨
07, Feb 2019 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា បាន​នាំចេញ​សត្វ​ស្វា​ក្ដាម​ទៅ​ក្រៅប្រទេស ជាង​១​ម៉ឺន​ក្បាល នៅក្នុង​ឆ្នាំ​២០១៨​។ កម្ពុជា ចាប់ផ្ដើម​នាំចេញ​សត្វ​ស្វា​ក្ដាម ទៅ​ក្រៅប្រទេស តាំងពី​ឆ្នាំ​២០១០​។ នេះ​បើតាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​


 
​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា កម្ពុ​ជាមាន​ក្រុមហ៊ុន​ចំនួន​៦ ដែលមាន​កសិដ្ឋាន​ស្រាវជ្រាវ ចិញ្ចឹម និង​បង្កាត់​ពូជ​សត្វ​ស្វា​ក្ដាម​យក​កូន​ចំនួន ៧​ទីតាំង​ស្ថិតនៅ ភ្នំពេញ ខេត្តកំពង់ធំ កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង​។ បើតាម​ក្រសួងកសិកម្ម សត្វ​ស្វា​ក្ដាម​នៅតាម​បណ្ដា​កសិដ្ឋាន​ទាំងនោះ មាន​ចំនួន​សរុប ៥៣ ៩២៤​ក្បាល ហើយ​ត្រូវបាន​នាំ​ចេញទៅ​ក្រៅប្រទេស​ចំនួន​១០ ៧៦២​ក្បាល​។​
 
​កសិដ្ឋាន​ចិញ្ចឹមសត្វ​ស្វា​ក្ដាម បាន​នាំ​ចេញទៅ​ក្រៅប្រទេស​ដូចជា សហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង សិង្ហ​បុរី និង​អូស្ត្រាលី​។ ការនាំចេញ​សត្វ​ស្វា​ក្ដាម​នេះ គឺ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ផ្នែក​ឱសថ​មនុស្ស និង​សត្វ​។ នេះ​បើ​យោងតាម​ក្រសួងកសិកម្ម​។​
 
​ពាក់ព័ន្ធ​នឹង​ការនាំចេញ​នេះ ខាង​សង្គម​ស៊ីវិល ដែល​ធ្វើការ​ផ្ដោតលើ​ការងារ​អភិរក្ស​សត្វ ក៏​ធ្លាប់មាន​ការបារម្ភ​ចំពោះ​ការចាប់​សត្វ​ស្វា​ក្តាម​ព្រៃ​មក​ចូលក្នុង​កសិដ្ឋាន  និង​ស្នើ​ឲ្យ ក្រសួង​ពាក់ព័ន្ធ​មាន​យន្តការ​ច្បាស់លាស់​ក្នុងការ​តាមដាន និង​ត្រួតពិនិត្យ​ការធ្វើ​អាជីវ​កម្មនេះ ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួក​សត្វ​ស្វា​ក្ដាម​។​សត្វ​ស្វា​ក្តាម គឺជា​ប្រភេទ​សត្វ ដែល​ចូលចិត្ត​រស់នៅ​ជា​ហ្វូង​តាម​តំបន់​ព្រៃ​លិច​ទឹក តំបន់​ព្រៃភ្នំ តំបន់​ព្រៃកោងកាង តាម​ឆ្នេរសមុទ្រ និង​តំបន់កសិកម្ម​។​
 
​សូម​រំលឹកថា នៅ​ឆ្នាំ ២០០៣ ក្រសួងកសិកម្ម បានអនុញ្ញាត ឲ្យ​មានការ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម និង​បង្កាត់​ពូជ​ស្វា​ក្តាម​សម្រាប់ធ្វើ​ការនាំចេញ​។  ឆ្នាំ​២០០៧ រដ្ឋាភិបាល​ប្រកាស​ស្តីពី​ចំណាត់ថ្នាក់ និង​បញ្ជី​ឈ្មោះ​សត្វព្រៃ​បាន​បង្ហាញថា សត្វ​ស្វា​ក្តាម (Scientific Name: Macaca fascicularis) ជា​ប្រភេទ​សត្វ​មាន​បង្គួរ និង មិន​ខ្លាច​ទឹក ហើយ​ពួកវា​រស់នៅ​ជា​ហ្វូង​ធំ​រហូតដល់​ទៅ​១០០​ក្បាល​។​
 
​ចាប់តាំងពី​ឆ្នាំ​២០១០ កម្ពុជា​បាន​នាំចេញ​សត្វ​ស្វា​ក្ដាម ទៅ​ក្រៅប្រទេស ជា​មធ្យម​ពី​៣​ពាន់​ក្បាល​ទៅ​៥​ពាក់​ក្បាល​ក​ក្នុង​មួយឆ្នាំ​។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៨​នេះ ក្រសួងកសិកម្ម បានចេញ​ផ្សាយ​ថា មាន​ចំនួន​សត្វ​ស្វា​ក្ដាម​ជាង​១​ម៉ឺន​ក្បាល ត្រូវបាន​នាំចេញ​ទៅ​ក្រៅប្រទេស​។​
 
​បើតាម​ក្រសួងកសិកម្ម ស្វា​ក្តាម​មាន​វត្តមាន​ស្ទើរតែ​ទូទាំង​តំបន់​នៃ​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​នានា​នៃ​ភូមិភាគ​អាស៊ីអាគ្នេយ៍​រួមមាន​៖ ប្រទេស​ថៃ ម៉ាឡេស៊ី ហ្វីលីពីន និង​កោះ​សូ​ម៉ា​ត្រា​។ របាយការណ៍​ស្តីពី សភាពការណ៍​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា សត្វ​ស្វា​ក្តាម​នៅតាម​បណ្តា​កសិដ្ឋាន​ទាំងអស់​មាន​ចំនួន​សរុប​៥៣ ,៩២៤​ក្បាល ដោយ​ក្នុងនោះ មានកូន​កើតមក​ក្នុង​ខែ​ចំនួន ១១, ៨១៣​ក្បាល ដឹកជញ្ជូន​ក្នុងស្រុក​ចំនួន ២ ,១៣១​ក្បាល និង​នាំ​ចេញទៅ​ក្រៅ​ចំនួន ១០, ៧៦២​ក្បាល​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com