ជាតិ
ពីនេះ ពីនោះ
ខ្មែរ ចាត់ទុក​ពាក្យ​ចិន ដូចជា​ពាក្យ​ខ្មែរ តើ​ពាក្យ​ទាំងនោះ​មាន​អ្វីខ្លះ​?
10, Mar 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្មែរ​យើង​សព្វថ្ងៃ​ប្រើពាក្យ​ចិន​សឹងតែ​ចាត់ទុក​ពាក្យ​ទាំងនោះ​ជា​ពាក្យ​របស់ខ្លួន​ទៅហើយ​។ តើ​ពាក្យ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?


 
«​ហេង​» ជា​កម្ចី​ពី​ចិន មានន័យ​ដូចគ្នា​ថា​នឹង​ពាក្យ​ខ្មែរ «​លាភ​» សំដៅលើ  សេចក្តីចម្រើន​, សមប្រកប​, មានជោគ​, ចំណេញ​,​អ្វីៗ​ដែល​គួរ​បាន​។​
 
​ចំពោះ ពាក្យ «​ស៊យ​» ជា​កម្ចី​ពី​ចិន ក៏​មានន័យ​ដូចគ្នា​នឹង​ពាក្យ «​ឧបទ្រព​» ជា​ពាក្យ​ខ្មែរ មានន័យថា ភាពមិន​សមបំណង​,  អពមង្គល​, ចង្រៃ ជាដើម​។ 
 
​ពាក្យ «​សេង​» ដែល​ខ្មែរ​ចំណាំ​និយាយថា សេង​តូប សេង​ឡាន សេង​ផ្ទះ​នោះ គឺជា​ពាក្យ​ចិន មានន័យថា ការដោះដូរ របស់​អ្វីមួយ ទៅ​ឲ្យ​នរណាម្នាក់​ផ្សេងទៀត ដោយ​ប្តូរ​មកវិញ​នូវ​ថវិកា​។

ពលរដ្ឋ​ខ្មែរ​ដែល​ប្រកបមុខរបរ​រកស៊ី ច្រើនតែ​ប្រើពាក្យ «​សេង​»​ក្នុងន័យ​ថា សេង​ផ្ទះ​ឲ្យ​គេ សេង​តូប​អីវ៉ាន់​ឲ្យ​គេ ជាដើម​។ 
 
«​ចាប់ហួយ​» ជា​ពាក្យ​ពេញនិយម​សម្រាប់​អ្នក​ដែល​ប្រកបមុខរបរ​រកស៊ី ជាពិសេស​ខ្មែរ​ដែល​កាត់​សែស្រឡាយ​ចិន​។ ការពិត «​ចាប់ហួយ​» ខ្មែរ​យើង​ក៏មាន​ពាក្យ​របស់​ខ្លួនឯង​ផងដែរ គឺ «​ការលក់ទំនិញ​» ជា​ការលក់​របស់រប​រ  រាយរង​នេះ​ខ្លះ នោះ​ខ្លះ ខ្លះ​ប៉ប៉ះ​ប៉ុន​។ 
 
​សម្រាប់​អាជីវករ​ភាគច្រើន​គេ​ប្រើពាក្យ​«​ឡុងចុង​»​សំដៅ​ដោយ ការរកស៊ី​ខាតចុង ខាតដើម​។ ឧទាហរណ៍​៖ ពូ​ខ្ញុំ​បើក​ភោជនីយដ្ឋាន​មួយកន្លែង ឡុងចុង​អស់ហើយ​។​
 
«​ឡាំសាំ​» ជា​ពាក្យ​កម្ចី​ពី​ភាសា​ចិន​គឹ​ង​តាំង ឬ​ក្វាង​ទុង ដែល​មានន័យថា ផ្តេសផ្តាស​។ ឧទាហរណ៍​៖ ធ្វើ​ឡាំសាំ​, និយាយ​ឡាំសាំ​, សម្តី​ឡាំសាំ​។ 
 
​ពាក្យ «​ឆាឆៅ​« មានន័យថា ធ្វើ​អុកឡុក​, ធ្វើ​ឲ្យ​រអាក់រអួល និង​ធ្ចើ​ឲ្យ​ទាស់​ដំណើរ​កិច្ចការ​អ្វីមួយ​។  «​ឆាប​» មានន័យថា ហើរ​ហក់ចុះ​ទាប ដើម្បី​ចាប់​អ្វីមួយ​។ 
 
​ពាក្យ «​ឆុង​» សំដៅលើ ចាក់ទឹក​ក្តៅ សំយុង​ចុះទៅ​លើ​តែ ឬ ទៅលើ​ថ្នាំ​ផង់​សម្រាប់​កែរោគ ឬក៏​បង់​ស្លឹក​តែ​បង់​ថ្នាំ​ផង់ ចាក់ទឹក​ក្តៅ ឲ្យ​ចេញ​រសជាតិ​។ «​ឆុង​» ក៏​មានន័យ​ម្យ៉ាង​ទៀតថា ចុះ​រាសី​,​អាប់​សិរី​សួស្តី​, ថយអនុភាព​។ 
 
​ពាក្យ​«​ឆៃថាវ​» ដែល​សាធារណជន​ស្គាល់​ថា​ជា​ដំណាំ​ដែលមាន​មើម មាន​ក្លិន​ហាង​ឆួល សម្រាប់​«​ធ្វើជា​ឆៃប៉ូវ​»​ក៏​ជា​ពាក្យ​កម្ចី​ពី​ចិន មានន័យថា ផ្អក​ធ្វើ​ពី​មើម​ឆៃថាវ ដែល​ចិត​ចំណិត​ជា​បន្ទះៗ ប្រឡាក់​អំបិល ហាលថ្ងៃ​ឱ្យ​ស្ងួត ទុក​សម្រាប់​បរិភោគ​។​
 
«​បង្អែម​តៅស៊ន​» ជា​ពាក្យ​កម្ចី​ពី​ចិន សំដៅលើ​បង្អែម​ដែលជា​បបរសណ្តែក លាយ​ជាមួយ​ម្សៅ ដែលមាន​សណ្ឋាន​ដូចនឹង​សម្បោរ សម្រាប់​បរិភោគ​ជាមួយ​នឹង​ឆា​ខ្វៃ​។ 
¨«​កៅអី​» ជា​ភាសា​ចិន ដោយឡែក «​ជើងម៉ា​» ជា​ភាសា​ខ្មែរ​។ ¨«​កៅអី​» និង​«​ជើងម៉ា​» មានន័យ​ដូចគ្នា ជា​របស់​សម្រាប់​អង្គុយ​។ 
 
«​សៀវភៅ​» ដែល​ខ្មែរ​សឹងតែ​ស្គាល់​គ្រប់គ្នា​នោះ មិនមែនជា​ពាក្យ​ខ្មែរ​ទេ វា​ជា​ពាក្យ​ចិន មានន័យថា ជា​ប្រជុំ​ក្រដាស​ដែល​ដេរ​កាត់​ស្រេច មាន​ទំហំ និង​កម្រាស់​តាម​ការប្រកប និង​មាន​ក្រប​ពី​ខាងក្រៅ សម្រាប់​សរសេរ ឬ​កត់ត្រា ដែល​គេ​បាន​បោះពុម្ព​រួច​។ 
 
​ពាក្យ​ខាងលើ​ទាំង​ប៉ុន្មាន​នេះ គឺជា​ពាក្យ​ចិន​ទាំងអស់​។ នៅមាន​ពាក្យ​ជាច្រើន​ទៀត​ដែលជា​ពាក្យ​ចិន ខ្មែរ​យើង​ប្រើ​ក្នុង​ជីវភាព​រស់នៅ ពាក្យ​ទាំងនោះ​មានដូចជា ទឹកស៊ីអ៊ីវ​, ចាប់ឆាយ​, ទឹក​ស៊ី​អ៊ី​, ឆា​,​កុងស៊ី​,​យីហោ​,​កាវ​, គុយទាវ​, កៅឆាយ​,​ផាវ​,​កៅឡាក់​, អៀម​, អុងប៉ាង​,​ចិក​។​ល​។ 
 
​មិនមែន​មានតែ​ពាក្យ​ចិន​តែមួយ​មុខ​នោះ​តែ ដែល​ខ្មែរ​ប្រើ សូម្បី​ពាក្យ​ដែលជា​កម្ចី​ពី​វៀតណាម ក៏​ខ្មែរ​ប្រើ​ដែរ រួមមាន​ដូចជា​ពាក្យ អ៊ែ​ម​, ឡាំប៉ា​,​ណែម​ណែវ​, ឡុកឡាក់​,​ខ្វែវ​,​ទូកដរ​,​ចាវ​,​ខ្វែវ ជាដើម​៕ 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com