ជាតិ
សុខភាព
វេជ្ជបណ្ឌិត​ស្ម័គ្រចិត្ត​ពី​អាមេរិក​នឹងធ្វើ​ការព្យាបាល​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្តកំពង់ធំ​
08, Feb 2019 , 7:59 pm        
រូបភាព
រូប​ឯកសារ៖ លោក​វេជ្ជបណ្ឌិត តាន់ សុង ​ប្រធាន​សមាគម​ក្រុម​វេជ្ជបណ្ឌិត​នៃ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​ពិនិត្យ​អ្នក​ជំងឺ​ក្នុង​អំឡុង​បេសកកម្ម​មួយ​នៅ​ខេត្ត​ស្វាយរៀង​កាល​ពី​ឆ្នាំ​២០១៥។ (រូប​ផ្តល់​ឲ្យ​ដោយ CHPAA)
រូប​ឯកសារ៖ លោក​វេជ្ជបណ្ឌិត តាន់ សុង ​ប្រធាន​សមាគម​ក្រុម​វេជ្ជបណ្ឌិត​នៃ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​ពិនិត្យ​អ្នក​ជំងឺ​ក្នុង​អំឡុង​បេសកកម្ម​មួយ​នៅ​ខេត្ត​ស្វាយរៀង​កាល​ពី​ឆ្នាំ​២០១៥។ (រូប​ផ្តល់​ឲ្យ​ដោយ CHPAA)
ដោយ: VOA
​ក្រុម​វេជ្ជបណ្ឌិត​ពី​សហរដ្ឋអាមេរិក​នឹង​បំពេញបេសកកម្ម​មនុស្ស​ធម៌​រយៈពេល​មួយ​សប្តាហ៍​ដោយ​ធ្វើការ​ពិនិត្យ​ព្យាបាល​ជំងឺ​និង​ផ្តល់​ថ្នាំពេទ្យ​ជូន​ពលរដ្ឋ​កម្ពុជា​អត់​គិតថ្លៃ​។​

 
​ការព្យាបាល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ច័ន្ទ​ទី​១១ ដល់​ថ្ងៃ​សៅរ៍​ទី​១៦​ខែកុម្ភៈ​នៅ​មន្ទីរពេទ្យ​កំពង់ធំ​ក្នុង​ទី​រួម​ខេត្តកំពង់ធំ និង​ស្រុក​បារាយណ៍​ដែលមាន​នៅ​មណ្ឌល​សុខភាព​ឈូក​ខ្សាច់​និង​មណ្ឌល​សុខភាព​ក្រ​វា​។​
 
​លោក​វេជ្ជបណ្ឌិត សុង តាន់ ប្រធាន​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​បានបញ្ជាក់​ប្រាប់ VOA Khmer ថា ក្រុមការងារ​មាន​វេជ្ជបណ្ឌិត​និង​ជំនួយការ​ជាង​១០០​នាក់​ដែល​ធ្វើដំណើរ​ពី​ទីក្រុង​នានា​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។​
 
​លោក​បន្ថែមថា​៖
 
«​សេវា​របស់​យើង​គឺមាន​វះកាត់​ខាង​ជំងឺ​ទូទៅ ស្ត្រី ជំងឺ​ផ្ទៃក្នុង​ដូចជា​ជំងឺ​កូនក្មេង​មនុស្ស​ចាស់​។ យើង​យក​ថ្នាំ​ទៅគ្រប់​គ្រាន់​ដើម្បី​ប្រជាពលរដ្ឋ ព្យាបាល​ប្រជាពលរដ្ឋ​៧.០០០​ឬ​៨.០០០​នាក់​។ យើង​មាន​ទន្តសាស្ត្រ​ខាង​ធ្មេញ ខាង​ឈឺឆ្អឹងឆ្អែង ហើយ​មាន​ចែក​វ៉ែនតា​និង​ដៃ​សិប្បនិម្មិត​ផ​ង‍​​»​។​
 
​នេះ​គឺជា​បេសកកម្ម​ប្រចាំឆ្នាំ​លើក​ទី​៩​ដែល​រៀបចំ​ដោយ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​(CHPAA) ហើយ​ចំនួន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត តាន់ សុង​។​
 
​លោក​បាន​បន្ថែមថា​៖
 
«​ចំនួន​យើង​កាន់តែ​កើនឡើង​ហើយ​យើង​មានកេរ្តិ៍ឈ្មោះ គឺ​ដោយសារ​កេរ្តិ៍ឈ្មោះ​របស់​យើង​ផង​។ យើង​ទៅ​ព្យាបាល​គឺ​យើង​រៀបចំ​បាន​ស្រួល ហើយ​យើង​ទៅដល់​ហ្នឹង​យើង​ព្យាបាល​ប្រជាជន​បានល្អ​។ ដូច្នេះ​អ្នកស្ម័គ្រចិត្ត​ទាំងអស់គ្នា​មាន​កម្លាំងកំហែង​ពេល​ត្រឡប់មកវិញ​។ មាន​ភាគច្រើន​ទៅ​ស្ទើរតែ​រាល់​ឆ្ន‍ាំ​»​។​


 រូប​ឯកសារ​៖ គ្រូពេទ្យ​ស្ម័គ្រចិត្ត​ថត​រួម​ជុំគ្នា​ក្នុងអំឡុង​បេសកកម្ម​របស់​ក្រុម​វេជ្ជបណ្ឌិត​នៃ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក នៅ​ខេត្តបាត់ដំបង​កាលពី​ឆ្នាំ​២០១៤​។ (​រូប​ផ្តល់​ឲ្យ​ដោយ CHPAA)​
 
​បេសកកម្ម​លើក​នេះ​ក៏មាន​ការចូលរួម​ពី​លោក​វេជ្ជបណ្ឌិត សេង សៀង អ្នកនិពន្ធ​សៀវភៅ​«​រដូវ​អត់​ឃ្លា​ន‍​» (Starving Season) ដែល​បាន​ប្រថុយ​ជីវិត​យក​វិជ្ជាពេទ្យ​ទៅ​ជួយ​ព្យាបាល​មេកង​ខ្មែរក្រហម ក្នុងពេលដែល​មនុស្ស​ជាច្រើន​លាក់​ប្រវត្តិរូប​និង​ចំណេះដឹង​ខ្លាច​ត្រូវ​របប​ខ្មែរក្រហម​យកទៅ​សម្លាប់ចោល​។​
 
​លោក​វេជ្ជបណ្ឌិត សៀង សេង ដែលមាន​ឯកទេស​ខាង​ជំងឺ​ខាងក្នុង​និង​ផ្នែក​សម្ភព​បានបញ្ជាក់​ប្រាប់ VOA Khmer ថា​៖
 
«​ខ្ញុំ​ធ្លាប់បាន​រស់នៅក្នុង​រប​ប ប៉ុល ពត ហើយ​បាន​ស្គាល់​ភាព​វេទនា ភាពក្រីក្រ ភាពខ្វះ​ថ្នាំពេទ្យ ភាពខ្វះ​គ្រូពេទ្យ ភាពខ្វះ​មុខ ខ្វះក្រោយ ដូច្នេះហើយ​ទោះជា​ខ្ញុំ​លែង​ស្គាល់​ភាព​ទាំងនោះ​ក្តី ខ្ញុំ​មិន​ភ្លេច​ភាព​ដែល​ខ្ញុំ​រៀបរាប់​ខាងលើ​ដែរ​គឺថា​ពេល​ទៅ ជួប​បងប្អូន​យើង​តែងតែ​នឹក​អាណិត​ស្រឡាញ់​បងប្អូន​យើង​ជានិច្ច​។ ដូច្នេះហើយ​ឱ្យតែបាន​ទៅលេង​ស្រុក​ខ្មែរ​ខ្ញុំ​ក៏​គិតគូរ​ថា យ៉ាងហោចណាស់​ក៏​ជួយ​បងប្អូន​ខ្មែរ​យើង​ដែ​រ‍​»​។​
 
​លោក​វេជ្ជបណ្ឌិត សៀង សេង មើលឃើញថា ការទទួលបាន​សេវា​សុខាភិបាល​នៅ​តំបន់​ជនបទ​នៅមានកម្រិត​តិចតួច​នៅឡើយ​។​
 
«​ពេលដែល​យើង​ទៅ គឺ​យើង​ទៅ​កន្លែង​ណា​ដែល​ឆ្ងាយ​ពី​ទីក្រុង ហើយ​នៅ​ជនបទ ដូច្នេះ​បងប្អូន​យើង​នៅ​ទីនោះ​គ្នា​ក្រ​ណាស់ ហើយ​មិនសូវមាន​ថ្នាំ​ឬក៏​មិនសូវ​បាន​ជួប​គ្រូពេទ្យ​ទេ​។ ពេល​ទៅ​ម្តងៗ​គ្នា​អោបដៃអោបជើង​យើង សុំ​អង្វរ​ឱ្យតែ​យើង​ទៅ​ជួប​ម្តងទៀត​។ ខ្ញុំ​មានការ​សប្បាយចិត្ត​យ៉ាងខ្លាំង​ពេលដែល​ទៅ​ជួយ​បងប្អូន​យើង​ម្តងៗ​​»​។​
 
​បេសកកម្ម​ឆ្នាំនេះ​គឺជា​លើក​ទី​បី​ទៅ​ប្រទេស​កម្ពុជា សម្រាប់​លោកស្រី​វេជ្ជបណ្ឌិត Gracie Ann Dinkins អ្នកឯកទេស​ខាង​ការវះកាត់​។ លោកស្រី​ធ្លាប់​ចូលរួម​បេសកកម្ម​ស្ម័គ្រចិត្ត​នៅ​ប្រទេស​វៀតណាម ហៃ​ទី​និង​សេ​រ៉ា​ឡេ​អូន​។​
 
​លោកស្រី​យល់ថា ជា​រៀងរាល់​បេសកកម្ម​ទៅ​កម្ពុជា​គឺជា​«​ការផ្តល់​រង្វាន់​មួយ​»៖
 
«​ខ្ញុំ​មានការ​ស្ងើចសរសើរ​ចំពោះ​ភាព​គួរសម​រួសរាយ ភាព​សុភាពរាបសារ ការអត់ធ្មត់​និង​ភាពថ្លៃថ្នូរ​របស់​អ្នកជំងឺ​ដែល​ខ្ញុំ​ព្យាបា​ល‍​»​។​
 
​ដោយសារតែ​រយៈពេល​បេសកកម្ម​មានកំណត់​តែត្រឹម​មួយ​សប្តាហ៍​និង​លទ្ធភាព​ព្យាបាល​មានកំណត់​លោក​វេជ្ជបណ្ឌិត សុង តាន់ បញ្ជាក់ថា​អាទិភាព​គឺ​ផ្តល់ជូន​អ្នក​ដែល​មកដល់​កន្លែង​ព្យាបាល​មុនគេ​។​
 
«​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​បងប្អូន​ទៅរក​ខ្ញុំ​ក៏ប៉ុន្តែ​យើង​មាន​សមត្ថភាព​មាន​ព្រំដែន​។ យើង​មើល​បានតែ​មួយចំនួន​។ ដូច្នេះ​បើ​គ្រប់​ចំនួន​ហើយ​យើង​មិនអាច​ធ្វើ​បានទេ​។ ដូច្នេះ​អញ្ជើញ​ទៅ​គឺថា អ្នក​ទៅមុខ​បាន​មុ​ន‍​ដោយ​អត់​រើសអើង​សាសនា ឋានៈ​អី​ទាំងអស់​គឺថា​អ្នកណា​ទៅមុន​បាន​មើល​មុ​ន‍​»​។​
 
​ក្រុមគ្រូពេទ្យ​និង​និស្សិត​ពេទ្យ​កម្ពុជា​ក៏​ចូលរួម​ក្នុង​បេសកកម្ម​នេះដែរ ដែល​វា​ជា​ឱកាស​មួយ​សម្រាប់​ពួកគេ​រៀនសូត្រ​និង​ប្តូរ​បទពិសោធន៍​គ្នា​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត សុង តាន់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com