ជាតិ
អាជ្ញាធរពិន័យបានជាង៥០០លានរៀល ពីរថយន្តលើសទម្ងន់ជាង២០០គ្រឿង នៅដើមឆ្នាំ២០១៩ រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
× គិតត្រឹមក្នុងខែមករា ឆ្នាំ២០១៩ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២១៥គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥៣១,៩០០,០០០ រៀល។ បើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុកផ្លួវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រសួងសាធារណការ និងដឹងជញ្ជូនបានឲ្យដឹងថា ចំនួនរថយន្ត ដែលចាប់បានទាំង២១៥គ្រឿងនេះ មានការកើនឡើងចំនួន១គ្រឿង ដោយក្នុងខែធ្នូ ឆ្នាំ២០១៨ មាន២១៤គ្រឿង ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៣២តោន។
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
សម្រាប់រថយន្តលើសទម្ងន់ ដែលខាងជំនាញរបស់ក្រសួងសាធារណការ ឃាត់បានដោយក្រុមការងារចល័តក្រសួង៥២គ្រឿង បន្ទាប់មកគឺខេត្តកំពង់ចាម មានរថយន្ត៣៣គ្រឿងលើសទម្ងន់ ដែលឃាត់បាននៅស្ថានីយថ្នល់កែង និង ខែលជ័យ។ ចំណែកខេត្តត្បូងឃ្មុំ មានរថយន្ត១៩គ្រឿងលើទម្ងន់នៅស្ថានីយថ្នល់ទទឹង ខណៈខេត្តកំពង់ធំ ឃាត់បានរថយន្ត១៥គ្រឿង នៅស្ថានីយប្រាសាទ ។ ដោយឡែករថយន្ត១៣គ្រឿងនៅខេត្តស្ទឹងត្រែង ឃាត់បាននៅស្ថានីយរាជានុកូល ហើយរថយន្ត១២គ្រឿងនៅខេត្តព្រៃវែង នៅស្ថានីយព្រៃល្ពៅ និងអ្នកលឿង។ ចំណែកខេត្តកណ្ដាលឃាត់រថយន្តលើសទម្ងន់បាន១១គ្រឿង ពោធិ៍សាត់៧គ្រឿង រតនគិរី៧គ្រឿង កំពង់ឆ្នាំង៦គ្រឿង កំពង់ស្ពឺ៦គ្រឿង ក្រចេះ៦គ្រឿង បន្ទាយមានជ័យ៥គ្រឿង សៀមរាប៥គ្រឿង ស្វាយរៀង៣គ្រឿង ស្វាយរៀង៣គ្រឿង ភ្នំពេញ៣គ្រឿង កំពត់ និងខេត្តព្រះសីហនុ១គ្រឿង៕
© រក្សាសិទ្ធិដោយ thmeythmey.com