អន្តរជាតិ
អ្នកនយោបាយ​ជំនាន់​ក្រោយ​ថៃ ប្តេជ្ញា​ទប់ស្កាត់​«​វដ្ត​នៃ​រដ្ឋប្រហារ​ម្តង​ហើយ​ម្តងទៀត​» ក្នុងសង្គម​ថៃ​
08, Feb 2019 , 9:19 pm        
រូបភាព
ដោយ:
​អ្នកនយោបាយ​ជំនាន់​ក្រោយ និង​ជា​ប្រមុខ​បក្ស​ទើប​បង្កើត​ថ្មី​អនាគត​ឆ្ពោះទៅមុខ លោក Thanathorn Juangroongruangkit បាន​សន្យា​កាត់បន្ថយ​គម្លាត​សេដ្ឋកិច្ច​របស់​ប្រជាជន និង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧ ឲ្យ​ស្រប​តាមបែប​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ នៅពេល​បក្ស​របស់លោក បាន​ដឹកនាំ​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​ក្នុង​អាណត្តិ​ក្រោយនេះ​។ លោក ក៏​ប្តេជ្ញា​ធានា​មិន​ឲ្យ​មាន​រដ្ឋប្រហារ​កើតឡើង​ទៀតផង​ដែរ​។​

 
​ក្នុង​ដំណើរ​ចុះ​ធ្វើ​យុទ្ធនា​ការរក​សំឡេងគាំទ្រ​តាម​ខណ្ឌ​នៃ​រាជធានី​បាងកក​នៅ​ថ្ងៃ​៦ កុម្ភៈ លោក Thanathorn ប្រធាន​បក្ស​អនាគត​ឆ្ពោះទៅមុខ បាន​អះអាងថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧ ដែលជា​រដ្ឋធម្មនុញ្ញ​ធ្វើ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​របប​សឹក គឺជា​រឿង​ដែល​លោក ត្រូវធ្វើ​មុនគេ ហើយ​ទិសដៅ​ចម្បង​ដែល​ត្រូវ​ពិនិត្យ​នោះ​គឺ អំណាច​របស់​ព្រឹទ្ធសភា​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bangkok Post ការណ៍ ដែល​ធ្វើ​ឲ្យ​អ្នកនយោបាយ​ជំនាន់​ក្រោយ​រូបនេះ ចង់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយសារ​លោក យល់ឃើញថា ការផ្តល់អំណាច​ឲ្យ​ព្រឹទ្ធសភា​ក្នុងការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី មិន​សម​ស្របតាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​មិនមាន​តម្លាភាព​ឡើ​ុ​។ លោក​ព្យាករ​ថា វា​អាច​នឹងមាន​រឿងចម្រូងចម្រាស​ស្មាន​មិន​ដល់​កើតឡើង​បន្ទាប់ពី​ការបោះឆ្នោត ដោយសារតែ​មាត្រា​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ​។​
 
​តែ​យ៉ាងណាក៏ដោយ ប្រមុខ​បក្សនយោបាយ​វ័យក្មេង ដែល​បោះបង់​មុខ​ជំនួញ​ធំ​មក​ប្រឡូក​ក្នុង​នយោបាយ​រូបនេះ បាន​ទទួលស្គាល់ថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ មិនមែនជា​រឿង​ងាយស្រួល​ឡើយ​។ ត្រង់ចំណុច​នេះ លោក​អះអាងថា ខ្លួន​ក៏មាន​ផែនការ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន​បានដឹង និង​គាំទ្រ​រូបលោក​ដែរ​។​
 
​ក្រៅពី​ការសន្យា​កែប្រែ​រដ្ឋធម្មនុញ្ញ លោក ក៏​ប្តេជ្ញា​កាត់បន្ថយ​គម្លាត​សេដ្ឋកិច្ច ហើយ​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ស្គាល់​ចលនា​រដ្ឋប្រហារ​មិនចេះចប់ ប្រឈម​នឹង​ការតវ៉ា​ហិង្សា​តាម​ដងផ្លូវ ដែល​ប៉ះពាល់​សេដ្ឋកិច្ចជាតិ​ទៀតឡើយ​។ ការប្រឆាំង​អំពើពុករលួយ ក៏​ស្ថិតនៅក្នុង​គោលការណ៍​អាទិភាព​របស់លោក​ផងដែរ​។ 
 
​តាម​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត​ថៃ ទោះបីជា​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​ទើបតែ​បង្កើត​ថ្មី​ក៏ដោយ គណបក្ស​នេះ ក៏​ស្ថិតនៅ​ក្នុងចំណោម​គណបក្ស​លេចធ្លោ និង​មាន​ចំនួន​សមាជិក​សកម្ម​ច្រើន​ផងដែរ នៃ​គណបក្ស​សរុប​ជាង​១០០ ដែល​ចុះបញ្ជី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោតជាតិ​លើកដំបូង​បន្ទាប់ពី​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤៕
 

Tag:
 ថៃ​
  Thanathorn Juangroongruangkit
© រក្សាសិទ្ធិដោយ thmeythmey.com