ជាតិ
កម្ពុជា ចំណាយអស់៨០០លានដុល្លារ ដើម្បីឆ្លើយតបជំងឺអេដស៍ រយៈពេល២៨ឆ្នាំនេះ រូបភាពពីអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍
× ភ្នំពេញ៖ កម្ពុជា បានចំណាយថវិកាអស់៨០០លានដុល្លារអាមេរិក ដើម្បីឆ្លើយតបជំងឺអេដស៍រយៈពេល២៨ឆ្នាំមកនេះ។ ជាលទ្ធផលនោះ គឺកម្ពុជាអាចបង្ការមិនឲ្យមនុស្ស៩សែននាក់ឆ្លង និងបញ្ចៀសមនុស្ស៦សែននាក់ មិនឲ្យស្លាប់ ពាក់ព័ន្ធនឹងជំងឺអេដស៍។
ប្រធានអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍លោក អៀង មូលី ដែលអះអាងពីកម្ពុជា ដែលជាប្រទេសជោគជ័យក្នុងការប្រឆាំងជំងឺអេដស៍នោះ បានសង្កត់ធ្ងន់ថា កម្ពុជាបានសម្រេចគោលដៅ៩០ភាគរយ (៩០-៩០-៩០)តាំងពីឆ្នាំ២០១៧មក។ គោលដៅ៩០ភាគរយ ដែលលោក អៀង មូលី លើកឡើងនេះ គឺសំដៅទៅលើការយល់ដឹងរបស់អ្នកជំងឺ ដែលបានដឹងស្ថានភាពជំងឺពួកគេ ហើយពួកគេបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ខណៈអ្នកជំងឺខ្លះទទួលការព្យាបាលមានបន្ទុកមេរោគអេដស៍ទាបបំផុតនៅក្នុងឈាម។ បើតាមលោក អៀង មូលី កម្ពុជាបានប្តេជ្ញាបញ្ចប់ការចម្លងមេរោគអេដស៍នៅឆ្នាំ២០២៥ គឺមុនការប្តេជ្ញាចិត្តរបស់ពិភពលោករយៈពេល៥ឆ្នាំ។
រូបភាពពីអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍
ដោយសារតែកម្ពុជាទទួលបានជោគជ័យខ្លាំង ក្នុងប្រយុទ្ធនឹងជំងឺអេដស៍ ទើបអ្នកផ្ដល់ជំនួយបរទេស ក៏ថមថយក្នុងការផ្ដល់ឲ្យកម្ពុជាដែរ។ ប៉ុន្តែវាគ្មានបញ្ហាអ្វីសម្រាប់កម្ពុជា ក្នុងការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺអេដស៍នេះឡើយ។
ថ្លែងក្នុងការបង្ហាញមួយ តាមរយៈសន្និសីទពានរង្វាន់ព្រះអង្គម្ចាស់ម៉ាហ៊ីដុល កាលពីពេលថ្មីៗនេះ ប្រធានអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍កម្ពុជា បាននិយាយដូច្នេះថា៖«នៅក្នុងស្ថានភាពបច្ចុប្បន្នដែលជំនួយពីប្រភពខាងក្រៅបន្តធ្លាក់ចុះ ការផ្តល់ហិរញ្ញវត្ថុពីថវិកាជាតិបាននិងកំពុងបង្កើន។ ក្នុងនោះ យើងមានការលំបាកក្នុងការស្វែងរកអ្នកជំងឺអេដស៍១ម៉ឺននាក់ ដែលបាត់មិនបានចូលក្នុងប្រព័ន្ធព្យាបាល។ ថវិកាសម្រាប់ប្រព័ន្ធសុខាភិបាលមានភាពរាយប៉ាយ មិនមានការផ្តល់ថវិកាដល់អង្គការសង្គមស៊ីវិល និងការគំរាមកំហែងពីជំងឺមិនឆ្លងផងដែរ។
ប៉ុន្តែយើងមានការជឿជាក់ ក្នុងការឈានទៅលុប បំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ ដោយកម្ពុជាមាននូវឆន្ទៈនយោបាយដ៏មោះមុត និងសមត្ថភាពបច្ចេកទេស សេដ្ឋកិច្ចបន្តនូវកំណើនដែលមាននូវលំហថវិកា និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍គឺជាជើងឯកក្នុងការធ្វើចលនាប្រភពធនធាន»។
រូបភាពពីអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍
រដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាផ្តល់សេវាសុខាភិបាលជាសកល តាមរយៈគម្រោងគាំពារសង្គម ឆ្នាំ២០១៦-២០២៦ ដើម្បីឲ្យមានប្រព័ន្ធមួយ ដែលមានប្រសិទ្ធភាព និរន្តរភាព និងជាឧបករណ៍ក្នុងការកាត់បន្ថយភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព។
ដើម្បីប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជាជោគជ័យ គឺទី១ ការព្យាបាល និងថែទាំអ្នកជំងឺអេដស៍ត្រូវបានធ្វើវិមជ្ឈការ, ទី២ ជោគជ័យក្នុងការផ្តល់ឱសថប្រឆាំងមេរោគអេដស៍ គឺបានធ្វើឡើងតាមរយៈវិធីសាស្ត្រប្រាកដនិយម, ទី៣ តួនាទីរបស់អង្គការសង្គមស៊ីវិល និងវិស័យឯកជន គឺត្រូវបានធ្វើឱ្យមានចីរភាព និងធានាសិទ្ធិខាងសុខភាព និងសមធម៌ និងទី៤ វិធីសាស្ត្រយកមនុស្សជាស្នូលនៃបញ្ហា ត្រូវបានប្រើប្រាស់ក្នុងប្រព័ន្ធសុខាភិបាលមួយដែលមានភាពទូលាយ (មិនទុកចោលនរណាម្នាក់)។ បច្ចុប្បន្នកម្ពុជា ត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយក្នុងចំណោម ប្រទេស៧នៅលើសកលលោក ដូចជាប្រទេសបុតស្វាណា ដាណឺម៉ាក អ៊ីស្លង់ សិង្ហបុរី ស៊ុយអ៊ែត និងអង់គ្លេស ដែលបានជោគជ័យជាងគេ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ នេះបើតាមលោក អៀង មូលី ប្រធានអាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍៕
© រក្សាសិទ្ធិដោយ thmeythmey.com