ជាតិ
សង្គមជាតិ
សមត្ថកិច្ច​ព្រះសីហនុ បំភ្លឺ​ជាថ្មី​ថា គ្រាប់កាំភ្លើង​បាញ់​ទៅលើ ហើយ​ធ្លា​ក់មក​ត្រូវ​ពលរដ្ឋ​
08, Feb 2019 , 5:03 pm        
រូបភាព
លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ (កណ្តាល) ថ្លែងក្នុងសន្និសីទកាសែត
លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ (កណ្តាល) ថ្លែងក្នុងសន្និសីទកាសែត
ដោយ: ថ្មីៗ
​លើក​មុន​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ សង្ស័យថា មាន​ជន​បាតដៃ​ទី​៣ ជា​អ្ន​ល​លួច​បាញ់​ប្រជាពលរដ្ឋ ដែល​ទៅ​តវ៉ា​រឿង​ដីធ្លី ដើម្បី​ទម្លាក់កំហុស​ឲ្យ​សមត្ថកិច្ច​។ ប៉ុន្តែ លើក​នេះ សមត្ថកិច្ច បែរជា​បកស្រាយ​ថា ប្រហែលជា​គ្រាប់កាំភ្លើង​របស់​សមត្ថ​កិច្ច ដែល​បាញ់​ឡើង​ទៅលើ ហើយ​ធ្លាក់​មកវិញ ក៏ត្រូវ​ប្រជាពលរដ្ឋ​។​


 
​ដើម្បី​បំភ្លឺ​ឲ្យ​សាធារណជន បាន​យល់ច្បាស់​ពី​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ ដែល​កើតឡើង​ប៉ុន្មាន​សប្តាហ៍​មកនេះ រហូតដល់​មាន​អំពើហិង្សា​រវាង​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ ដែលជា​អ្នកទទួល​បញ្ជា​ដឹកនាំ​កម្លាំង​ដោះស្រាយ​បញ្ហា​នេះ ក៏​សម្រេច​ធ្វើ​សន្និសីទកាសែត នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។ 
 
​នៅ​ចំពោះមុខ​ក្រុមអ្នកកាសែត ដោយមាន​ការចូលរួម​ពី​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ផង​នោះ លោក ផៃ ប៊ុន​វណ្ណៈ សារភាព​ត្រង់ៗ​ថា កម្លាំង​សមត្ថកិច្ច ពិតជា​បាន​បាញ់កាំភ្លើង​ប្រមាណ​២០​គ្រប់ ឡើង​ទៅលើ ក្នុងពេល​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​ប្រជាពលរដ្ឋ​។ លោក ថ្លែង​ការពារ​សមត្ថកិច្ច​ថា ដំបូង​ឡើយ សមត្ថកិច្ច គ្មាន​ចេតនា​ប្រើប្រាស់​អាវុធ​ឬក៏​ចង់​ឲ្យ​កើត​អំពើហិង្សា​នោះទេ ប៉ុន្តែ ដោយសារតែ​ខាង​ប្រជាពលរដ្ឋ ជា​អ្នក​ផ្តើម​មុន ដោយ​កែន​គ្នីគ្នា​រាប់រយ​នាក់ ទៅ​តវ៉ា រហូត​មាន​ដុត​កង់ឡាន គប់​ដប​សាំង ដប់​ដុំថ្ម និង​បាញ់​ចម្ពាម លើ​ក្រុមសមត្ថកិច្ច ដែល​បណ្តាល​ឲ្យ​ឆេះ​អេ​ស្កា​វ៉ាទរ និង​ឆេះ​ឡានទឹក ទើប​កម្លាំង​សមត្ថកិច្ច សម្រេច​បាញ់កាំភ្លើង​ឡើងលើ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ បញ្ឈប់​អំពើហិង្សា​។ 
 
​អភិបាលរង​រូបនេះ សន្និដ្ឋានថា ទំនងជា​គ្រប់​កាំ​ភ្លើង​ដែល​បាញ់​ឡើងលើ​នោះ​ហើយ ដែល​ត្រូវ​ប្រជាពលរដ្ឋ ពេល​ធ្លាក់ចុះ​មកក្រោម​វិញ​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​ពេលនោះ មាន​អំពើហិង្សា​កើតឡើង ដោយមាន​ផ្ទុះអាវុធ​បាញ់​ឡើង​ទៅលើ ប្រហែល​ប្រមាណ​​២០​គ្រាប់ ហើយ​ប្រហែលជា​គ្រាប់​ធ្លាក់​មកវិញ ត្រូវរបួស​មនុស្ស​ម្នាក់​។ ការ​រងរបួស​នេះ មិន​បង្ក​ឲ្យ​បាត់បង់​អាយុជីវិត​ទេ​»​។ 
 
​សំឡេង​លោក ផៃ ប៊ុន​វណ្ណៈ ដែល​ថ្លែង​ក្នុង​សន្និសីទកាសែត​។ សំឡេង​នេះ ថត​ចេញពី​វីដេអូ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ គង់ ប៊ុ​ន​ថា Buntha KONG


 
​គេ​មិនទាន់​ភ្លេច​ទេ​ថា ក្រោយពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ពៅ សារ៉ន ត្រូវរបួស​ដោយ​គ្រាប់កាំភ្លើង ពេល​ទៅ​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ផ្សេងទៀត សមត្ថកិច្ច ហាក់​ព្យាយាម​ដកខ្លួន​ចេញពី​ការទទួល​ខុសត្រូវ​នេះ​។ កាលនោះ លោក ផៃ ប៊ុន​វណ្ណៈ បាន​បកស្រាយ​ថា គ្រាប់កាំភ្លើង​នោះ ជា​គ្រាប់កាំភ្លើង​ប្រភេទ​ឡុ​ក ដែល​មិនមែនជា​គ្រាប់កាំភ្លើង​របស់​សមត្ថ​កិច្ច​ឡើយ​។ 
 
​លោក ផៃ ប៊ុន​វណ្ណៈ ក៏​ដាក់​ការសង្ស័យថា ពេល​ចលាចល​កើតឡើង ដោយសារ​ការប្រទូសរ៉ាយ​រវាង​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច ជន​បាតដៃ​ទី​៣ ក៏​ឆ្លៀតឱកាស​បាញ់​ប្រជាពលរដ្ឋ​តែម្តង ដើម្បី​ទម្លាក់កំហុស​ឲ្យ​សមត្ថកិច្ច​។ 
 
​លើសពីនេះ តាមរយៈ​វីដេអូ​ដែល​គេ​ថត​បាន និង​បង្ហោះ​លើ​បណ្តាញ​សង្គម គេ ក៏​ឃើញ​សមត្ថកិច្ច បាន​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​ផងដែរ ដោយ​ក្នុងនោះ មាន​សមត្ថកិច្ចម្នាក់ បាន​យក​កាំភ្លើង ទៅ​វាយ​ខ្នង​ប្រជាពលរដ្ឋ​ម្នាក់ ដែល​​អង្គុយ​លុតជង្គង់ ហើយ​ដៃ​ទាំង​២ ត្រូវបាន​ចងស្លាបសេក​។ 
 
​ដោយ​ដឹងថា ក្នុងចំណោម​សមត្ថកិច្ច​ទាំងនោះ ក៏មាន​កម្លាំង​កងរាជអាវុធហត្ថ​ដែរនោះ លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច ដើម្បី​ឲ្យ​ចុះទៅ​ស្រាវជ្រាវ​និង​ស្វែងរក​កងរាជអាវុធហត្ថ​ណា ដែល​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​។ មកដល់ពេលនេះ គណៈកម្មការ​ចំពោះ​កិច្ច បាន​រកឃើញ​កងរាជអាវុធហត្ថ​ម្នាក់​ហើយ ដែល​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ និង​បានសម្រេច​ដកចេញ​ពី​ក្របខណ្ឌ​។ បច្ចុប្បន្ន គណៈកម្មការ​នេះ កំពុង​បន្ត​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​។​
 
អត្ថបទទាក់ទង
 
​មកដល់ពេលនេះ ការប្រឈមមុខ​ដាក់គ្នា​រវាង​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច បាន​ស្ងៀមស្ងាត់​។ ប៉ុន្តែ ប្រជាពលរដ្ឋ ប្រហែលជា​មិនទាន់​បញ្ឈប់​ការតវ៉ា​ឡើយ ព្រោះ​ពួកគាត់ នៅតែ​មិន​សុខចិត្ត និង​ចាត់ទុក​សាលដីកា​របស់​តុលាការ​កំពូល ដែល​ឲ្យ​ពួកគាត់​ចាញ់ក្តី ថា​ជា​រឿង​អយុត្តិធម៌​។ 
 
​លោក ផៃ ប៊ុន​វណ្ណៈ អះអាង​ក្នុង​សន្និសីទកាសែត​ថា រដ្ឋបាលខេត្ត​ព្រះ​សី​ហុន នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ចំពោះ​បញ្ហាដីធ្លី​នេះ​។ ប៉ុន្តែ​លោក សង្កត់ធ្ងន់ថា សមត្ថកិច្ច ត្រូវតែ​ស្រាវជ្រាវ​ឲ្យ​ឃើញ​ជាមុនសិន​ថា ប្រជាពលរដ្ឋ​ទាំងនោះ​ពិតជា​ជនរងគ្រោះ​មែន​។ 
 
​លោក និង សមត្ថកិច្ច សង្ស័យថា មាន​ប្រជាពលរដ្ឋ​ខ្លះ អាច​មិនមែនជា​ជន​គ្រោះ តែ​ពួកគាត់ ចាញ់​ការបោក​បញ្ឆោត​របស់​មេ​ខ្លោង​ណា​ម្នាក់ ឲ្យ​ទៅ​តវ៉ា ហើយក៏​នាំគ្នា​ទៅ​រំលោភ​និង​កាន់កាប់​ដី​ស្របច្បាប់​របស់​អ្នក​ដៃ​។ លោក ព្រមាន​យ៉ាង​ដូច្នេះ​ថា​៖«​នេះហើយ​ជា​គំនិត​ផ្តួច​ផ្តើ​របស់​មេខ្លោង​។ យើង​កំពុង​ស្រាវជ្រាវ​រក​មេខ្លោង​ហ្នឹង​»​។ 
 
​លោក បំភ្លឺថា អ្នក​ដែល​ត្រូវបាន​តុលាការ ស​ម្រេច​ឲ្យ​ឈ្នះ​លើ​រឿង​ដីធ្លី​នេះ មិនមែនជា​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ ទេ តែ​ជាម​នុស្ស​២​នាក់​ផ្សេង ដោយ​ម្នាក់​ឈ្មោះ ឆាយ ណារិន និង​ម្នាក់ទៀត​ឈ្មោះ គង់ វណ្ណា​។ 
 
​យ៉ាងណាក៏ដោយ ដី​របស់​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ  ក៏​ជាប់​តំបន់​ដី​នោះដែរ​។ លោក ផៃ ប៊ុន​វណ្ណៈ បន្តថា លោក ធ្លាប់​ដឹកនាំ​កម្លាំង ចុះទៅ​វាស់វែង​នៅ​តំបន់​ដី​នោះ ដើម្បី​ឲ្យ​ដឹងថា ដី​ណា​ស្របច្បាប់ ហើយ​ដី​ណា​មិន​ស្របច្បាប់ និង​ដី​ណា​ជា​របស់​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ ហើយ​ដី​ណា ជា​របស់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ ដោយសារតែ​ពេលនោះ ប្រជាពលរដ្ឋ នាំគ្នា​ទៅ​តវ៉ា​និង​ដុត​កង់ឡាន​តាមផ្លូវ ក៏​ធ្វើ​ឲ្យ​ក្រុមការងារ​របស់លោក ខក​ខាន​ក្នុងការ​វាស់វែង​។ 
 
​សូមបញ្ជាក់ថា ទំនាស់​ដីធ្លី​នេះ កើតឡើង​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក ព្រៃនប់​ខេត្ត​ព្រះសីហនុ​៕ 
 

Tag:
 ទំនាស់​ដីធ្លី​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com