ជាតិ
អាជ្ញាធរ ចាប់ផ្តើម​ជួសជុល​ចិញ្ចើមផ្លូវ​បណ្តោយ​មហា​វិថីសហព័ន្ធរុស្ស៊ី ចាប់ពី​មហាវិថី​ព្រះ​នរោត្តម​ដល់​មុខ​ព្រលានយន្តហោះ​
09, Feb 2019 , 12:33 pm        
រូបភាព
រូបភាពពី ហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
រូបភាពពី ហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
ដោយ:
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ផ្តើម​រៀបចំ​ចិញ្ចើមផ្លូវ​នៅ​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី  ដែល​អាជ្ញាធរ​ថា​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ចាប់ពី​ចំណុច​មហាវិថី​ព្រះ​នរោត្តម ដល់​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។  អាជ្ញាធរ​នឹង​រៀបចំ​ក្រាល​កា​រឺ​ឡា​ថ្មី កា​រឺ​ឡា​សម្រាប់​ជនពិការ​នៅលើ​ចិញ្ចើមផ្លូវ រៀបចំ​ខឿន​ចិញ្ចើមផ្លូវ និង​ខឿន​ស៊ុម​ដើមឈើ ដើម្បី​កែលម្អ​សោភណភាព និង​រៀបចំ​សណ្ដាប់ធ្នាប់​ចិញ្ចើមផ្លូវ​សាធារណៈ​។​

 
​រដ្ឋបាល​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​គម្រោង​ក្រាល​កា​រឺ​ឡា​ថ្មី កា​រឺ​ឡា​សម្រាប់​ជនពិការ​នៅលើ​ចិញ្ចើមផ្លូវ រៀបចំ​ខឿន​ចិញ្ចើមផ្លូវ និង​ខឿន​ស៊ុំ​ដើមឈើ នៅ​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី  ចាប់ពី​មហាវិថី​ព្រះ​នរោត្តម ដល់​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គម្រោង​នេះ​ធ្វើឡើង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៨ ខែកុម្ភៈ​នេះ ដើម្បី​កែលម្អ​សោភ័ណភាព និង​រៀបចំ​សណ្ដាប់ធ្នាប់​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ និង​ដើម្បី​ឲ្យ​ស្របតាម​បទដ្ឋាន​បច្ចេកទេស បន្ទាប់ពី​អាជ្ញាធរ​មើលឃើញថា ចិញ្ចើមផ្លូវ​នៅ​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​នេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម ដោយសារ​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​មួយចំនួន បាន​ប្រើប្រាស់​ធ្វើជា​ទីតាំង​លក់ដូរ និង​ធ្វើ​ចរាចរណ៍​លើ​កា​រឺ​ឡា​ជាដើម​។​
 
​ដើម្បី​ឲ្យ​ការអនុវត្ត​ដំណើរការ​ដោយ​រលូន រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ម្ចាស់​អាជីវកម្ម និង​ស្ថាប័នរដ្ឋ​-​ឯកជន​ទាំងអស់​ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​ដែល​ត្រូវ​ជួលជុល​នេះ រុះរើ​សំណង់​របស់ខ្លួន​ដែល​បាន​សាងសង់​នៅលើ​ចិញ្ចើមផ្លូវ និង​ស្នើ​ឲ្យ​យោគយល់​ចំពោះ​ដំណើរ​ចេញ​-​ចូល​ស្ថាប័ន ឬ​គេហដ្ឋាន​របស់ខ្លួន​៕
 

Tag:
 ជួសជុល​ផ្លូវ​
 ​ចិញ្ចើមផ្លូវ​
© រក្សាសិទ្ធិដោយ thmeythmey.com