ONE Championship
កីឡាជាតិ
ជាតិ
នៅ ស្រី​ពៅ បានការ​លើកទឹកចិត្ត​ពី​រៀមច្បង សំ ថា​រ័ត្ន សម្រាប់​វត្ត​មាននៅ ONE Championship
09, Feb 2019 , 1:21 pm        
រូបភាព
ដោយ Matias Andres


​នៅ ស្រី​ពៅ ជើងឯក​ខ្សែក្រវាត់ Kun Khmer World Champion នឹង​បង្ហាញ​វត្តមាន​ជា​លើកដំបូង​នៅលើ​សង្វៀន​ពិភពលោក ONE Championship នា​ថ្ងៃ​សៅរ៍ ទី​១៦ ខែកុម្ភៈ ខាងមុខនេះ​។ ស្រី​ពៅ ត្រូវ​តទល់​ជាមួយ​កីឡាការិនី​រូប​ស្រស់​ថៃ Rika ‘Tiny Doll’ Ishige ក្នុង​ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS នាទី​ក្រុង​បាងកក ប្រទេស​ថៃ​។



​វ័យ​២៤​ឆ្នាំ ស្រី​ពៅ ត្រៀមខ្លួន​យ៉ាងខ្លាំង​ក្លា​សម្រាប់​ការប្រកួត​ខាងមុខ តាមរយៈ​ការហាត់​សមជា​មួយ​កីឡាករ​ល្បីៗ​នៅ​កម្ពុជា​។ ក្រៅពី វី ស្រី​ខួច ដែលជា​មិត្ត​រួម​អាជីព និង​ជា​អ្នក​ដែល​តែងតែ​ជ្រោមជ្រែង នៅ ស្រី​ពៅ ទទួលបាន​ការណែនាំ​បន្ថែម​ផងដែរ​ពី​សំណាក់​រៀមច្បង សំ ថា​រ័ត្ន​។​

​ថារ​ត្ន័ ទើបតែ​ត្រឡប់​មកពី​បរទេស​ក្នុងការ​សម្ពោធ​ចាក់​បញ្ចាំង​រឿង​ថ្មី​របស់​នាង​គឺ «Surviving Bokator» មិនបាន​ប៉ុន្មាន​ផង ប៉ុន្តែ​នាង​ស្ម័គ្រចិត្ត​យក​ពេលវេលា​របស់ខ្លួន មក​ចាប់​ហាត់​ជាមួយ ស្រី​ពៅ​។ ថា​រ័ត្ន​សរសើរ​ពី​ការខិតខំ​យកចិត្តទុកដាក់​ខ្លាំង​របស់​ស្រី​ពៅ​។​

«​ស្រី​ពៅ ខំ​ខ្លាំងណាស់ ខំ​មែនទែន​តែម្តង​! កីឡា​គុន​ចំរុះ និង​ការហ្វឹកហាត់ គឺ​ថ្មី​មែនទែន​សម្រាប់​គាត់​។ គាត់​នៅ​ប្រឹង​ហាត់ ក្លេ កៀប រឹត ច្រើន​បន្ថែមទៀត​។ ពេល​ហាត់​យកចិត្តទុកដាក់​មិន​ចោល​ទេ​»​។

​ថារ​ត្ន័ ដែលមាន​រហស្សនាម​ថា កូន​កង្កែប មាន​ប្រវត្តិ​បញ្ចេញថ្វីដៃ​ដំបូងបង្អស់​នៅ​សង្វៀន​អន្តរជាតិ​គឺ​កាលពី​ឆ្នាំ ២០១៤ នៅ​រាជធានី​ភ្នំពេញ​នា​ព្រឹត្តិការណ៍ ONE: RISE OF THE KINGDOM ហើយ​បាន​យកឈ្នះ វី ស្រី​ឆៃ តែ​ក្នុង​ទឹក​ទី​១ ប៉ុណ្ណោះ​។

​ចាប់តាំងពី​ពេលនោះ​មក នាង​បានធ្វើ​ដំណើរ​ទៅ​បរទេស​ជា​ញឹកញយ​ដើម្បី​ប្រកួត​តំណាង​ប្រទេស​កម្ពុជា បាន​កសាង​កំណត់ត្រា​ឈ្នះ​ពីរដង គឺ​ឈ្នះ​ដោយ​អាជ្ញាកណ្តាល​បញ្ឈប់ និង​ការ​គោះ​សុំ​ចាញ់​ពី​គូប្រកួត​។

​កញ្ញា​ក្បាច់គុន​រូបនេះ សព្វថ្ងៃ​ក៏​កាន់​អាជីព​ជា​តួកុន​ម្នាក់​ដែរនោះ យល់ច្បាស់​ពី​អារម្មណ៍​ត្រូវ​ឡើង​ឆាក​ធំ​ដែល​នៅ​ជុំវិញ​នឹងមាន​ភ្នែក​រាប់លាន​ចាំ​ទស្សនា ប៉ុន្តែ​បន្ទាប់ពី​បាន​ហាត់​ឡាំ​ជាមួយ  នៅ ស្រី​ពៅ មក​នាង​មាន​ជំនឿ​ចិត្ត​លើ ស្រី​ពៅ ថា​មាន​ស្មារតី​នឹងធឹង​ល្អ​អាច​តទល់​ភាពរន្ធត់​នៅលើ​សង្វៀន ONE Championship បាន​។

​ថារ​ត្ន័ ប្រាប់ថា​៖ «​ក្បាច់​ក្លេរ​ហ្នឹង​វា​អា​ញ៉េ​អា​ញៃ​មែនទែន អីចឹង​វា​ស៊ីសង​ទៅលើ​អ្នក​ហាត់​ឆ្លាត​ពី​កំណើត និង​ការប្រឹងប្រែង​ខ្លាំង​លាយឡំ​គ្នា​ដែរ​»​។

«​បើ​គាត់ មិន​ឈឺខ្លួន​ពេក ហើយ​អាចមក​ហាត់​រៀងរាល់ថ្ងៃ និង​ពេលដែល​គ្រូ​អោយមក គាត់​អាច​កើន កម្លាំង និង​ចំនេះ​ពី​ការប្រយុទ្ធ​គុន​ចំរុះ​នេះ​បាន ព្រោះ​គាត់​មាន​វិន័យ​ល្អ និង​ការតស៊ូ​ចេញពី​ខាងក្នុង​ហើយ​»​។​

​ថ្វីបើ សំ ថារ​ត្ន័ នៅ​ក្មេង​វ័យ​ក៏ពិតមែន នាង​ជានា​រី​ខ្មែរ​ម្នាក់​ដែលមាន​ស្មារតី​ជា​អ្នកត្រួសត្រាយ​ផ្លូវ​កីឡាករ​ថ្មីថ្មោង​ដ៏​ទៃ ហើយ​ដែលមាន​ឆន្ទៈ​ប្រើប្រាស់​បទពិសោធន៍​ដ៏​មានតម្លៃ​ទាំងអស់​របស់ខ្លួន​យកទៅ​ចែករំលែក​ដល់​សិស្ស​ប្អូន​ទាំងអស់​។​

«​សម្រាប់​កីឡាករ​ស្រីៗ​យើង​ខ្លះ​នៅ​អៀនខ្មាស​ច្រើន ខ្ញុំ​ក៏​អីចឹង​ដែរ តែ​ដល់​បាន​ហាត់​យូរ​ទៅ​ធម្មតា​ហើយ​! សំខាន់​គឺ​ហាត់​ឲ្យ​ត្រូវ ធ្វើយ៉ាងណា​ដាក់ខ្លួន​ក្នុង​ចំនេះ​ហ្នឹង​ឲ្យ​ច្បាស់ ហើយ​ខិតខំ​យកចិត្តទុកដាក់​ពេល​គ្រូ​គាត់​ពន្យល់​»​។

​ថារ​ត្ន័ ដឹងថា ស្រី​ពៅ មិនមែន​ថ្មីថ្មោង​ពេក​ទេ យ៉ាងហោចណាស់​នាង​មាន​ប្រវត្តិ​ប្រកួត​ទាំង​គុន​ខ្មែរ និង​ក្បាច់​ភូមា Lethwei ចំនួន ៩១​ដង​ដែរ​។

«​ខ្ញុំ​ដូច​អត់​មានមតិ​យោបល់​ច្រើន​ជូន​គាត់​ទេ ព្រោះ​ផ្នែក​ខាងលើ​គាត់​ល្អ​ហើយ គាត់​ដៃ​ធ្ងន់​ល្អ ហើយ​លឿន​ទៀត​»

​ថ្ងៃ​ប្រកួត​ឆាប់ៗ​នេះ សំ ថារ​ត្ន័ គិតថា ស្រី​ពៅ អាចធ្វើ​ឲ្យ​ទស្សនិកជន​ទូទាំងប្រទេស​កម្ពុជា​និង​ថៃ​ភ្ញាក់ផ្អើល​ខ្លាំង ហើយ​ជឿថា​អាជីព ស្រី​ពៅ នឹង​ឡើង​ខ្ពស់ត្រដែត​ពី​ពេលនោះ​ទៅ​។​

«​សរុបមក​ខ្ញុំ​គិតថា​ស្រី​ពៅ គាត់​ល្អ​ស្រាប់​ហើយ មានតែ​ខំប្រឹងប្រែង​ថែម​ទេ​»

«​ព្យាយាម​គង់​បានសម្រេច​!»៕











© រក្សាសិទ្ធិដោយ thmeythmey.com