ONE Championship
កីឡាជាតិ
ជាតិ
ក្រៅពី​សង្វៀន​ប្រដាល់ ចាន់ រតនា ចូលចិត្ត​ធ្វើ​អ្វីខ្លះ​?
09, Feb 2019 , 4:39 pm        
រូបភាព
​ដោយ៖ Matias Andres 
 
​ចាន់ រតនា ខ្លា​ចាស់​ក្នុង​ពិភព​គុន កំពុង​ក្លាយជា​កីឡាករ​ប្រដាល់​ក្នុង​ទ្រុង ONE Championship ដ៏​មាន​ប្រជាប្រិយភាព ហើយ​បន្ត​កសាង​កេរ្តិ៍ឈ្មោះ​ល្បី ដោយ​មិន​មានការ​រាថយ​នោះឡើយ​។ 

 
​កាលពីដើម​ខែធ្នូ កន្លងទៅ ចាន់ រតនា បានធ្វើ​ឲ្យ​កក្រើក​ទ្រុង​ធំ ONE: DESTINY OF CHAMPION តាមរយៈ​ការបំបាក់​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី Abro Fernandes នៅក្នុង​ទឹក​២​។ តាម​ប្រវត្តិ Abro Ferandes មិន​ធ្លាប់​ចាញ់​អ្នកណា​សោះ​ពីមុនមក​។​
 
​សមត្ថភាព​ដ៏​ប៉ិនប្រសប់​ខាង​គុន​ខ្មែរ និង​គុន​ចម្រុះ​របស់ រតនា ត្រូវបាន​គេ​ឃើញ និង​ស្ញប់ស្ញែង​ពេញ​ប្រទេស និង​ដល់​កម្រិត​អន្តរជាតិ​។ ប៉ុន្តែ​ជីវិត​ក្រៅ​សង្វៀន របស់​កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ ពុំ​សូវ​មាន​មនុ​ស្សដឹង​ច្បាស់​នោះឡើយ​។​

 
 
​យើង​បាន​សម្ភាសន៍​ផ្ទាល់​ជាមួយ ចាន់ រតនា ហើយ​យក​៤​ចំណុច​ដែល​បងប្អូន​ជនរួមជាតិ​មិនទាន់​ដឹង​ពី​កីឡាករ​រូបនេះ​៖


 
១. ចូលចិត្ត​មើល​រឿង​ដាយ​ណូ​ស័​រ និង​រឿង​សត្វ​ចម្លែក​
 
​មិន​ចម្លើយ​ឡើយ​បើ រតនា ចូលចិត្ត​មើល​រឿង​វាយ​កាប់​ចាក់​គ្នា ព្រោះ​គាត់​នៅ​ខាង​ក្បាច់គុន​ស្រាប់ តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល តាមពិត គាត់​ចូលចិត្ត​មើល​រឿង​បែប​តុក្កតា​សត្វ​ចម្លែក រឿង​ដាយ​ណូ​ស័​រ ជាជាង​រឿង​វីរបុរស​មែនទែន​ទៅវិញ​។ 
 
​អ្នកជំនាញ​គុន​ខ្មែរ​រូបនេះ ប្រាប់ថា​គាត់​មិនសូវមាន​ពេល​អង្គុយ​មើល​រឿង​ច្រើន​ទេ ប៉ុន្តែ​បើ​មាន​ពេលទំនេរ​ខ្លះ​វិញ គឺ​គាត់​នឹង​មើល​រឿង​ប្រភេទ​ទាំងនេះ ដោយ​គាត់​ចូលចិត្ត​មើល​តាំងពី​នៅ​តូច​។​
 
«​ខ្ញុំ​ចូលចិត្ត​រឿង​ដាយ​ណូ​ស័​រ ហើយ​រឿង​តុក្កតា​មួយ​នោះ​ដែលមាន​សត្វ​ចម្លែក​ធំៗ​វាយ​គ្នា​។ ពី​តូច​ចូលចិត្ត​មើល ដល់​ឥឡូវ​ក៏​ចូលចិត្ត​មើល​ដែរ​!»​។ 

២. ស្រឡាញ់​ស៊ុប​ពែរ​មែន​

​មាន​មនុស្សម្នា​ជាច្រើន​ចាត់ទុក រតនា ដូចជា​វីរបុរស​លើដី​ម្នាក់​អីចឹង ប៉ុន្តែ​បើ​សួរ​ទៅ រតនា ឲ្យ​គាត់​ជ្រើសរើស វីរបុរស​ប្រចាំចិត្ត​គាត់​វិញ​គឺ​គាត់​ជ្រើស​យក ស៊ុប​ពែរ​មែន (Superman)​។​
 
​ហេតុផល​សាមញ្ញ​បំផុត​គឺ​៖ «​ខ្ញុំ​ចង់បាន​ដូច​ស៊ុប​ពែ​មែន មកពី​គាត់​ចេះ​គ្រប់យ៉ាង ចេះ​ទាំង​ហោះ ទាំង​កម្លាំង​ខ្លាំង និយាយ​ទៅ​ចង់​មាន​ទាំងអស់​ដូច​គាត់​»​។ 
 
៣. រៀន​អ្វី​ក៏​ឆាប់​ចេះ​
 
​រតនា ជា​កូនប្រុស​ម្នាក់​ដែលមាន​ឈាមជ័រ​ក្នុង​គ្រួសារ​ក្បាច់គុន​បុរាណ​ខ្មែរ យុទ្ធ​គុនខម ដែល​គាត់​បាន​រៀន​ចេះដឹង​ក្បាច់គុន​នេះ​លោកឪពុក​គាត់​ផ្ទាល់​។​
​ចាប់តាំងពី​ចាប់​ហាត់​ក្បាច់គុន​ពី​កុមារភាព​មក រតនា ខិតខំ​ហាត់​ក្បាច់​ស្នៀត​ដូច​សំលៀង​អាវុធ​ប្រយុទ្ធ​អីចឹង រហូតមកដល់​សព្វថ្ងៃ​ទទួលបាន​ជោគជ័យ​ខ្លាំង​ដូច​បាន​ដុះស្លាប​ហើរ ក្នុង​ពិភព​ក្បាច់គុន​ទាំង​ក្នុង និង​ក្រៅប្រទេស​។​
​ភាព​រីកចម្រើន​ខ្លាំង​ខាង​ក្បាច់គុន​នេះ គឺ​ត្រូវ​អរគុណ​ដល់​សមត្ថភាព​ពិសេស​របស់គាត់ ដែល​អាច​ចាប់​អ្វី ឬ​រៀន​អ្វី​ក៏​អាច​ឆាប់​ចេះ​រហ័ស​ជាងគេ​។ 
 
​គាត់​ថា​៖ «​ខ្ញុំ​រៀន​ឆាប់​ចេះ​ណាស់ ស្អី​ក៏ដោយ ពេល​ខ្ញុំ​ឃើញ​គេ​ធ្វើ​អ្វី ខ្ញុំ​អាចធ្វើ​តាម​បាន​ដូចគ្នា​តែម្តង​! ទាំង​រៀប​ចាប់​ក្លេរ ទាំង​ធ្វើ​ម្ហូប​ក៏ដោយ ឃើញ​ភ្លាម​ចេះ​ធ្វើ​ភ្លាម​!»
 
៤. មោទកភាព​ធំជាងគេ​គឺ​ការប្រកួត​ក្នុង​ទ្រុង ONE Championship
 
​ចាន់ រតនា ធ្លាប់​ប្រកួត​ជា​លើកទីមួយ​នៅក្នុង​ស្ថាប័ន​ក្បាច់គុន​ធំជាងគេ​គឺ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៤ នា​ព្រឹត្តិការណ៍ ONE: RISE OF THE KINGDOM ដែល​កាល​នោះគេ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​។ 
 
​ប៉ុន្តែ​សម្រាប់​គាត់​ការប្រកួត​ម្តងទៀត​នៅ​ថ្ងៃទី​២៥ ខែមីនា ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ព្រឹត្តិការណ៍ ONE: AGE OF CHAMPIONS ដែល​គាត់​បាន​ទទួលបាន​ជ័យជម្នះ​ដ៏​អស្ចារ្យ​មួយទៀត ធ្វើ​ឲ្យ​គាត់​ភ្ញាក់ខ្លួន​ព្រើត​ពី​អនាគត​ល្អ​ដែល​នឹង​ចាប់ផ្តើម​បន្ទាប់ពី​ប្រកួត​លើស​ង្វៀន​ពិភពលោក​នេះ​ទៅ​។​
 
«​កាល​ឈ្នះ​ប្រកួត​នៅ ONE Championship លើកដំបូង​នៅ​ភ្នំពេញ ខ្ញុំ​មាន​អារម្មណ៍​ដូច​ធម្មតា​! ប៉ុន្តែ​ដល់​វាយ​ឈ្នះ Ramon Gonzales នៅ​ម៉ាឡេស៊ី​វិញ ខ្ញុំ​មក​ផ្ទះ​វិញ​ទាំង​រំភើប​ផង និង​សប្បាយ​ខ្លាំង​តែម្តង​!»៕

Tag:
 ចាន់ រតនា
© រក្សាសិទ្ធិដោយ thmeythmey.com