អន្តរជាតិ
កែ​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​បន្ថយឥទ្ធិពល​យោធា ចាប់ផ្តើម​មាន​ពន្លឺ
09, Feb 2019 , 5:29 pm        
រូបភាព
ដោយ:
​សភា​មី​យ៉ាន់​ម៉ា បានប្រកាស​ទទួលយក​សំណើ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ត្រៀម​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​សិក្សា និង​ពិនិត្យ​ពី​ដំណើរ និង​នីតិវិធី​ផ្លាស់ប្តូរ​ច្បាប់កំពូល​របស់​ប្រទេសមួយ​នេះ​។ ទោះ​មិនទាន់​អាច​ឃើញ​ពី​លទ្ធផល​ផ្លែផ្កា នេះ​គឺជា​ក្តីសង្ឃឹម​តូច​មួយ​របស់​រដ្ឋាភិបាល​ស៊ីវិល លោកស្រី អ៊ុង​សាន ស៊ូ​ជី ក្នុងការ​ផ្លាស់ប្តូរ​រដ្ឋ​ធម្មនុញ្ញ​ដែល​ជាប់​កម្អែល​យោធា​ច្រើន​ឆ្នាំ​ហើយ​នោះ​។

 
​ប្រធានសភា​មី​យ៉ាន់​ម៉ា លោក T Khun Myat នៅ​ថ្ងៃ​៦ កុម្ភៈ បាន​ឲ្យ​ដឹងថា សភា​មី​យ៉ាន់​ម៉ា នឹង​បង្កើត​គណកម្មការ​រួម​មួយ​ដើម្បី​ធ្វើការ​លើ​ការងារ​វិសោធនកម្មរ​ដ្ឋ​ធម្មនុញ្ញ ដោយ​សមាជិក​នៃ​គណៈកម្មការ​នេះ នឹងត្រូវ​ជ្រើសរើស​តាម​សមាមាត្រ​នៃ​សមាជិកសភា ដែល​កើតចេញពី​ការបោះឆ្នោត និង​សមាជិកសភា ដែល​កើតចេញពី​ការតែងតាំង​ពី​យោធា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Myanmar Times​។ 
 
​សេចក្តីប្រកាស​បង្កើត​គ​ណៈ​កម្ម​ការ​ជាបន្ទាន់​ដើម្បី​ពិនិត្យ​លើ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ  ធ្វើឡើង ក្រោយ​មួយ​សប្តាហ៍ បន្ទាប់ពី សមាជិកសភា​របស់​ប​ក្ស​កាន់អំណាច​នៃ​លោកស្រី អ៊ុង​សាន ស៊ូ​ជី បានដាក់​សំណើ​នេះ​ទៅកាន់​សភា​។ តាម​ប្រភពព័ត៌មាន​ដដែល​នោះ សភា​មី​យ៉ាន់​ម៉ា នៅ​មិនទាន់​អាច​បញ្ជាក់​ច្បាស់​ពី​កាលបរិច្ឆេទ​ក្នុងការ​ជ្រើសរើស​សមាជិក​នៃ​គណៈកម្មការ សិទ្ធិអំណាច និង​លក្ខខណ្ឌ របស់​សមាជិក​នៅឡើយ​នោះទេ​។​
 
​ក៏ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គ្រាន់តែ​សំណើ​នៃ​ការធ្វើ​វិសោធនកម្ម​នេះ​ចាប់ផ្តើម​ដល់​តុ​របស់​សភា​មី​យ៉ាន់​ម៉ា​ភ្លាម សមាជិកសភា​កូតា​របស់​យោធា បានចាប់ផ្តើម​ប្រតិកម្ម​ទៅហើយ ដោយ​ក្នុងនោះ មាន​សមាជិក​ខ្លះ បាន​ព្រមាន​ធ្វើពហិកា​ចូលរួម​ពិភាក្សា និង​ខ្លះទៀត បាន​ជំទាស់​ទៅនឹង​ការចេញ​សេចក្តីសម្រេច​ឲ្យ​បង្កើត​គណៈកម្មការ ដោយ​ថែមទាំង​ចោទ​សំណួរ​ពាក់ព័ន្ធ​នឹង​ការបែងចែក​ចំនួន​សម្រាប់​សមាជិក និង​អំណាច​របស់​គណៈកម្មកា​រ​ទៀតផង​។​
 
​តាម Myanmar Times សភា​ទាំងពីរ​ជាន់​របស់​មី​យ៉ាន់​ម៉ា មាន​សមាជិក​សរុប​ទាំងអស់ ៦៦៤ រូប មកពី​បក្សនយោបាយ​ចំនួន ១៣, តំណាង​យោធា និង​ក្រុម​តំណាង​ឯករាជ្យ​មួយចំនួន​ផ្សេងទៀត​។ សមាជិក ដែលជា​តំណាង​របស់​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែលជា​បក្ស​កាន់អំណាច​ស៊ីវិល​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី មាន​ចំនួន ៣៨៣ តំណាង​យោធា​ចំនួន ១៦៦ និង​ផ្សេងទៀត ជា​តំណាង​របស់​បក្សនយោបាយ និង​តំណាង​ឯករាជ្យ​ផ្សេងទៀត​។ 
 
​ជុំវិញ​សំណើ​វិសោធន​កម្មនេះ នៅ​សប្តាហ៍​មុន​ទីប្រឹក្សា​រដ្ឋ និង​ជា​ប្រមុខ​បក្ស​កាន់អំណាច​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ថ្លែង​ក្រើនរម្លឹក​ដល់​សមាជិកសភា​ទាំងអស់ ដោយ​ត្រូវ​ដឹងថា សមាជិកសភា មិន​ត្រឹមតែ​ទទួលខុស​ត្រូវតែ​ការអនុម័ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ប្រជាជន​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ ក៏ត្រូវ​ទទួលខុសត្រូវ​លើ​ការផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ ដែល​លោកស្រី ចាត់ទុកជា​កិច្ចការ​ដ៏​សំខាន់​មួយ​របស់​សភា​ផងដែរ​។​
 
​គួរ​ជម្រាប​ផងដែរ រដ្ឋធម្មនុញ្ញ​ដែល​មី​យ៉ាន់​ម៉ា ប្រើប្រាស់​បច្ចុប្បន្ន គឺជា​រដ្ឋធម្មនុញ្ញ ដែល​ធ្វើឡើង​ដោយ​ក្រុម​យោធា​ក្នុង​ឆ្នាំ​២០០៨​។ រដ្ឋធម្មនុញ្ញ​នេះ ផ្តល់​អាសនៈ​២៥​ភាគរយ​ទៅ​ឲ្យ​សមាជិក​ដែល​តែងតាំង​ចេញពី​យោធា​។ សម្រាប់​លោកស្រី ស៊ូ​ជី ការធ្វើ​វិ​និ​សោធនកម្ម​ច្បាប់​នេះ គឺជា​កិច្ចការ​អាទិភាព​បំផុត​របស់​រដ្ឋាភិបាល​លោកស្រី ដើម្បី​ធ្វើ​ឲ្យ​មី​យ៉ាន់​ម៉ា​ក្លាយជា​ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន​
  រដ្ឋធម្មនុញ្ញ​
© រក្សាសិទ្ធិដោយ thmeythmey.com