ជាតិ
សង្គមជាតិ
កម្ពុជា នឹង​បាញ់​ផ្កាយរណប​លើកដំបូង ទៅកាន់​ទី​អវកាស នៅ​ឆ្នាំ​២០២១
09, Feb 2019 , 7:29 pm        
រូបភាព
​កម្ពុ​ជាមាន​គម្រោង​បង្ហោះ​ប្រព័ន្ធ​ផ្កាយរណប​ផ្ទាល់ខ្លួន​ជា​លើកដំបូង ដើម្បី​សម្រួល​ដល់​ការគ្រប់គ្រង​ខាង​ផ្នែក​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់ និង​ការគ្រប់គ្រង​សន្តិសុខ តាម​បណ្តោយ​ព្រំដែន​ជាមួយ​បណ្តា​ប្រទេសជិតខាង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួង​ព័ត៌មាន​។


 
​ក្រសួង​ព័ត៌មាន ចុះផ្សាយ​ពីស​ម្តី​របស់លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ យ៉ាង​ដូច្នេះ​ថា​៖«​នៅពេល​កម្ពុ​ជាមាន​ប្រព័ន្ធ​ផ្កាយរណប​ផ្ទាល់ខ្លួន​នោះ  វា​នឹង​ជួយ​សម្រួល​ដល់​ការងារ​បាន​ច្រើន នៅក្នុង​វិស័យ​ការពារ​ប្រទេស ពិសេស​ការគ្រប់គ្រង​បានល្អ​លើ​ផ្នែក​សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់ ការគ្រប់គ្រង​បានល្អ​នូវ​សន្តិសុខ តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​។

បច្ចុប្បន្ននេះ បើ​ត្រូវការ​តាមដាន​សន្តិសុខ​សង្គម ឬក៏​បញ្ហា​ព្រំដែន គឺ​តម្រូវ​ទិញ​ទិន្នន័យ​ពី​ផ្កាយរណប​បរទេស ដូច្នេះ​រាល់​ការសម្ងាត់​ខ្លះៗ​របស់​យើង ពិបាក​ក្នុងការ​លាក់បាំង​ពី​ម្ចាស់​ប្រព័ន្ធ​ផ្កាយរណប​របស់គេ​ណាស់ ហើយ​ការជួល​នោះ ក៏មាន​តម្លៃ​ខ្ពស់​ថែមទៀត​»​។ 
 
​គម្រោង​នេះ​គឺជា​ការលើកឡើង​រវាង​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប​របស់លោក គិត ម៉េង និង​ក្រុមហ៊ុន​មួយ​របស់​ប្រទេស​ចិន ក្រោម​ការសម្របសម្រួល​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​គ្រោង​នឹង​បង្ហោះ​ប្រព័ន្ធ​ផ្កាយរណប​នៅក្នុង ឆ្នាំ​២០២១​។ 
 
​បើតាម​ក្រសួង​ព័ត៌មាន​ដដែល លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ​នៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​បញ្ជាក់ថា ទំហំ​វិនិយោគ​នៃ​ការបាញ់​បង្ហោះ​ផ្កាយរណប​ផ្ទាល់ខ្លួន​របស់​ម្ពុ​ជា​នេះ អាចមាន​ទឹកប្រាក់​ប្រមាណ​ជា​១៥០​លាន​ដុល្លារ ដែលជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប និង រាជរដ្ឋាភិបាល​កម្ពុជា​៕
 

Tag:
 ផ្កាយរណប
© រក្សាសិទ្ធិដោយ thmeythmey.com