ជាតិ
កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង៦លាននាក់ ក្នុងឆ្នាំ២០១៨
× ភ្នំពេញ៖ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៦,២លាននាក់ ក្នុងឆ្នាំ២០១៨។ ចំនួននេះ បានកើនឡើង១១ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលមានប្រមាណ៥,៦លាននាក់។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិ។ របាយការណ៍ដដែល ក្នុងចំណោមទេសចរបរទេសសរុប ទេសចរចិនឈរក្នុងលំដាប់ទីមួយ ដោយមានចំនួនប្រមាណ ២លាននាក់ កើនឡើង៧០ភាគរយ ធៀបនឹងឆ្នាំ២០១៧។ កំណើនភ្ញៀវទេសចរចិននេះ ដោយសារមានជើងហោះហើរច្រើនពីចិនមកកម្ពុជា ដោយក្នុងមួយសប្តាហ៍ មានការហោះហើរមក២០៧ជើង។
ខណៈដែលកំណើនទេសចរចិនមកកម្ពុជាកើនឡើងយ៉ាងគំហុកនេះ ភ្ញៀវទេសចរបរទេសដទៃទៀតបានថយចុះ រួមទាំងភ្ញៀវទេសចរអឺរ៉ុបផងដែរ។ ក្នុងនោះភ្ញៀវវៀតណាម បានឈរនៅលំដាប់លេខ២ ហើយចំនួនមកកម្ពុជា បានថយចុះ៥ភាគរយ និងឡាវលេខ៣ បានថយចុះរហូតដល់១៩ភាគរយ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិ ចំនួនភ្ញៀវទេសចរសរុបនេះ បានមកពីតំបន់គោលដៅទេសចរណ៍ធំៗ មានរាជធានីភ្នំពេញ ទទួលភ្ញៀវអន្តរជាតិបាន៤៨ភាគរយ ខេត្តសៀមរាប បាន៣៧ភាគរយ តំបន់ឆ្នេរបាន១៤ភាគរយ និងតំបន់អេកូទេសចរណ៍ បាន១ភាគរយ។
ជាមួយនឹងកំណើនភ្ញៀវទេសចរប្រចាំឆ្នាំ ក្រសួងទេសចរណ៍បាន និងកំពុងរៀបចំយុទ្ធសាស្ត្រដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស និងជាពិសេសទេសចរចិន មកទស្សនាកម្ពុជាឲ្យកាន់តែច្រើន និងស្នាក់នៅបានយូរ ក្នុងនោះរួមមាន ការបង្កើតផលិតផលទេសចរណ៍ថ្មីប្រកបដោយការច្នៃប្រឌិត ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍។
កម្ពុជាបានព្យាករណ៍ថា ក្នុងឆ្នាំ២០២០ នឹងទទួលទេសចរចិនបាន ៣លាននាក់ ក្នុងចំនួនទេសចរសរុប ៧លាននាក់ ហើយឆ្នាំ២០២៥ ទទួលទេសចរចិនបាន ៥លាននាក់ ក្នុងចំនួនទេសចរសរុប១១លាននាក់ និងឆ្នាំ២០៣០ ទទួលទេសចរចិនបាន ៨លាននាក់ ក្នុងចំនួនទេសចរសរុប ១៥លាននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com