អន្តរជាតិ
បោះឆ្នោត​ជិត​មកដល់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី បន្ត​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​តាម​ជនបទ​
09, Feb 2019 , 8:59 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ បាន​បន្ត​យក​ការអភិវឌ្ឍ​ជនបទ​ជា​ការងារ​អាទិភាព​រប​ស់លោក ខណៈដែល​ការបោះឆ្នោត​ប្រធានាធិបតី​នឹង​មកដល់​ក្នុង​ខែមេសា​ខាងមុខ​។ សម្រាប់​លោក​ប្រធានាធិបតី ការអភិវឌ្ឍ​ជនបទ មាន​ឥទ្ធិពល​មកលើ​ការអភិវឌ្ឍ​ទូទាំងប្រទេស​ទាំងមូល ពោលគឺ​បើ​អ្នក​ជនបទ អាច​ទទួលបាន​គម្រោង​អភិវឌ្ឍ​ច្រើន នោះ​សេដ្ឋកិច្ចជាតិ​ទាំងមូល នឹងមាន​ការលូតលាស់​ហើយ​។

 
​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់ Surabaya និង East Java នៅ​ចុង​សប្តាហ៍​មុន លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បាន​អះអាងថា អ្វីដែល​លោក​ចូលចិត្ត និង​ចង់ឃើញ​បំផុត​នោះ​គឺ ការ​ទៅដល់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​ភូមិ​ស្រុក​ទាំងអស់​។ លោក​ប្រធានាធិបតី ចាត់ទុកថា នៅពេលដែល​តាម​ភូមិ  មានការ​អភិវឌ្ឍ នោះ វា​ក៏​នឹងធ្វើ​ឲ្យ​ការអភិវឌ្ឍ​ទូទាំងប្រទេស​ល្អប្រសើរ​ផងដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Jakarta Post​។ 
 
​លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូបនេះ បាន​បន្តទៀតថា លោក ពិតជា​ពេញចិត្ត​ណាស់ នៅពេល​ទទួលបាន​របា​យ​ការណ៍​ថា មូលនិធិ​សម្រាប់​ការអភិវឌ្ឍ​ភូមិ ពិសេស​នៅ​តំបន់ East Java ដែលមាន​ទឹកប្រាក់រ​ហូ​តដល់ ១,៤២ ពាន់​លាន​ដុល្លារ ត្រូវបាន​ប្រើប្រាស់​ចំ​ទិសដៅ និង​មាន​ប្រសិទ្ធភាព​រហូតដល់ ៩៩ ភាគរយ ។ 
 
​តាម Jarkata Post គិតពី​ចាប់ពី​២០១៥​មក ពោលគឺ​បន្ទាប់ពី​លោក​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី លោក​ចូ​កូ​វី បានអនុម័ត​ប្រើប្រាស់​ថវិកា ជាច្រើន​ពាន់​លាន​ដុល្លារ​នៅក្នុង​មូលនិធិ​អភិវឌ្ឍ​ភូមិ​ស្រុក​នេះ​។ លោក​ចូ​កូ​វី ដែល​នឹងត្រូវ​ចូលរួម​ប្រជែង​តំណែង​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី​២​ក្នុង​ខែមេសា​ខាងមុខនេះ ក៏បាន​សន្យា​បន្ត​បន្ថែម​មូលនិធិ​នេះ​សម្រាប់​ឆ្នាំ​បន្តបន្ទាប់​។ 
 
​នៅ​ចុងឆ្នាំ​២០១៨​កន្លងទៅ លោក​ប្រធានាធិបតី ក៏​ធ្លាប់បាន​ដាស់តឿន​ដល់​រដ្ឋមន្ត្រី​ទទួលបន្ទុក សហការ​ជាមួយនឹង​អភិបាលខេត្ត និង​មេភូមិ​ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​ក្នុងការ​អភិវឌ្ឍ​មូលនិធិ​ភូមិ និង​ជាពិសេស​ត្រូវ​ប្រើប្រាស់​មូលនិធិ​នេះ​ដើម្បី​លើកស្ទួយ​ជីវភាព​ប្រជាជន​នៅតាម​ជនបទ​តាមរយៈ​ការបណ្តុះបណ្តាល​ពួកគេ​ពី​ជំនាញ ការច្នៃប្រឌិត និង​ផ្នែក​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ជាដើម​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com