ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោក អុឹម ផល្លា៖ «ដើម្បីធ្វើឲ្យជំនួញជោគជ័យ គឺត្រូវចាត់ទុកជំនួញជាអាយុជីវិតយើង»
× លោក អុឹម ផល្លា អ្នកជំនាញពាណិជ្ជកម្ម និងជាអ្នកចងក្រងសៀវភៅ «ដឹកនាំអាជីវកម្មជោគជ័យ» បានលើកឡើងថា ម្ចាស់ជំនួញ ឬអាជីវកម្មត្រូវតែមានភាពជាអ្នកដឹកនាំក្នុងខ្លួនទើបអាចជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន។ ការស្វែងយល់ពីភាពជាអ្នកដឹកនាំគឺជារឿងមួយដែលលំបាកបំផុត ដូច្នេះទើបលោកបានចំណាយពេលជាង១០ឆ្នាំ ក្នុងការចងក្រងសៀវភៅនេះឡើង ដើម្បីចែករំលែកដល់អ្នកអាន ជាពិសេសអ្នកចង់បើកអាជីវកម្ម និងអ្នកគ្រប់គ្រងពីទស្សនៈរបស់អ្នកជំនួញជុំវិញពិភពលោក រួមជាមួយនឹងការបកស្រាយរបស់លោក។
តាមរយៈសៀវភៅនេះ លោក អុឹម ផល្លា បានលើកឡើងពីគន្លឹះជោគជ័យជាច្រើន ដើម្បីជំរុញឲ្យអ្នកអានមានទំនុកចិត្តលើការធ្វើអាជីវកម្ម ។ នៅពេលសួរថា តើគួរធ្វើបែបណា ទើបអាជីវកម្មទទួលបានជោគជ័យ? អ្នកជំនាញរូបនេះ បាននិយាយដូច្នេះថា៖ «ដើម្បីធ្វើឲ្យជំនួញជោគជ័យ គឺត្រូវចាត់ទុកជំនួញជាអាយុជីវិតយើង»។
ដើម្បីជ្រាបច្បាស់សូមស្ដាប់បទសម្ភាសរវាង លោក ភួង វ៉ាន់ថា និង លោក អុឹម ផល្លា អ្នកជំនួញ និងជាទីប្រឹក្សាអាជីវកម្ម ដែលបានចងក្រងសៀវភៅ «ការដឹកនាំអាជីវកម្មជោគជ័យ» ដូចតទៅ៖
មនុស្សភាពច្រើនគិតថាទាល់តែមានអំណាចនៅក្នុងដៃទើបអាចក្លាយជាអ្នកដឹកនាំគេហើយ។ ប៉ុន្តែចំពោះលោក អុឹម ផល្លា ការមានអំណាចតែមួយមុខមិនអាចដឹកនាំអាជីវកម្មជោគជ័យនោះទេ។ លោកបង្ហាញថាអ្នកដឹកនាំល្អត្រូវមានភាពជាគំរូ ទៅតាមអត្តចរិក ចំណេះដឹង ជំនាញ បទពិសោធន៍ ភាពស្មោះត្រង់ ការអត់ធ្មត់ និងការស្វែងយល់ពីបុគ្គលិក ឬអ្នកក្រោមបង្គាប់ និងជាអ្នកបង្ហាញផ្លូវដល់អ្នកនៅក្រោមបង្គាប់ខ្លួន។
លោកបន្ថែមថា ភាពជាអ្នកដឹកនាំមិនអាចកំណត់ថា ត្រូវដើរផ្លូវនេះ ឬផ្លូវនោះទេ ឬមានរូបមន្តជាក់លាក់ណាមួយនោះទេ ព្រោះមនុស្សម្នាក់ៗមានភាពដឹកនាំនៅក្នុងខ្លួនផ្សេងៗពីគ្នា។ ប៉ុន្តែដើម្បីក្លាយជាអ្នកដឹកនាំបានត្រូវការរៀនសូត្រច្រើន ទាំងជំនាញបច្ចេកទេស និងជំនាញទំនាក់ទំនង។
លោកនិយាយថា៖« អ្នកខ្លះបរាជ័យលើការដឹកនាំដោយសារ ឲ្យតែកូនចៅយល់ចិត្តខ្លួនឯង ប៉ុន្តែមេមិនប្រឹងយល់ចិត្តពីកូនចៅនោះទេ កត្តានឹងដែលបញ្ច្រាសមកវិញ ដូច្នេះដើម្បីដឹកនាំគេជោគជ័យ ទាល់តែយើងស្គាល់ យើងយល់ ពីបុគ្គលិករបស់យើង»។
អ្នកជំនាញរូបនេះក៏បានចែករំលែកដល់សហគ្រិនវ័យក្មេងថា ត្រូវសួរខ្លួនឯងហេតុអ្វីចង់បើកអាជីវកម្ម? មានចំណុចពិសេសអ្វីខ្លះ ?មានតម្លៃបន្តែមអ្វីខ្លះ?ខុសពីអាជីវកម្មរបស់ដៃគូរប្រគួតប្រជែង តើអាជីវកម្មយើងនឹងជួយរួមចំណែកអ្វីខ្លះដល់ខ្លួនឯង និងសង្គម និងមានប្រយោជន៍អ្វីខ្លះសម្រាប់អតិថិជន?
© រក្សាសិទ្ធិដោយ thmeythmey.com