ជាតិ
«ទឹកធ្លាក់អូរជាំ»គោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងស្រុកសំឡូត រូបភាពពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង
× ភ្នំពេញ៖ មានចម្ងាយ៨០ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង «ទឹកធ្លាក់អូរជាំ» ជារមណីយដ្ឋានធម្មជាតិមួយ ដែលទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្ត។ ស្ថិតនៅភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង «ទឹកធ្លាក់អូរជាំ» ត្រូវបានប្រជាពលរដ្ឋរស់នៅទីនោះ រកឃើញក្នុងឆ្នាំ២០០៣។ ទឹកធ្លាក់នេះ មានកម្ពស់ ៣០ម៉ែត្រ ដែលសម្បូរទៅដោយផ្ទាំងថ្មធំៗ និងមានត្រពាំងមួយជាប្រភពទឹកហូរមកកាន់ទឹកធ្លាក់នេះ។ នេះបើតាមទំព័រហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ ឆ្ពោះទៅកាន់ស្រុកសំឡូត រួចបន្តដំណើរទៅកាន់រមណីយដ្ឋានទឹកធ្លាក់អូរជាំនេះតែម្ដង។ «ទឹកធ្លាក់អូរជាំ» មានទេសភាពស្រស់បំព្រង ដែលហ៊ុមព័ទ្ធដោយផ្ទាំងថ្មធំ និងរុក្ខជាតិខៀវខ្ចី។ រមណីយដ្ឋានបែបធម្មជាតិនេះ ទាក់ទាញភ្ញៀវទេសចទាំងជិតទាំងឆ្ងាយឲ្យមកលេងកម្សាន្ត ជាមួយនឹងទឹកធ្លាក់ ដែលលាក់ខ្លួនក្នុងតំបន់សំឡូត ខេត្តបាត់ដំបង។
ទំព័រហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បញ្ជាក់ថា៖ «ទឹកធ្លាក់អូរជាំត្រូវបានរកឃើញក្នុងឆ្នាំ២០០៣ ដោយប្រជាជនដែលរស់នៅទីនោះ។ ដល់ឆ្នាំ២០០៤ មានប្រជាជនចូលទៅលេងទីនោះ តែឃើញរឿងចម្លែកមួយ គឺទឹកធ្លាក់ដែលមើលឃើញនោះ ថតមិនជាប់ បើតាមជំនឿរបស់ប្រជាជននៅទីនោះ ទឹកធ្លាក់នោះមានអ្នកតាកាន់»។
តាមផ្លូវចូលរមណីយដ្ឋានទឹកធ្លាក់អូរជាំ ពោរពេញទៅដោយជ្រលងដងអូរ ព្រៃព្រឹក្សា និងទឹកធ្លាក់ជាបណ្ដាក់ៗចាប់ពីជើងភ្នំដល់កំពូលភ្នំ។ នៅចុងឆ្នាំ២០១៣ ទឹកធ្លាក់ដែលមានកម្ពស់ ៣០ម៉ែត្រនេះ ត្រូវបានមន្ត្រីបរិស្ថាន និងសហគមន៍តំបន់ការពារធម្មជាតិអូរជាំ បានរៀបចំផ្លូវចូលទៅរមណីយដ្ឋានទឹកធ្លាក់នេះ។ លក្ខណៈពិសេសនៃធម្មជាតិនាទឹកធ្លាក់អូរជាំនេះ បានធ្វើឲ្យភ្ញៀវទេសចរដែលចូលចិត្តដំណើរកម្សាន្តបែបធម្មជាតិ តែងតែចង់មកកម្សាន្តម្ដងហើយម្ដងទៀត។ នេះបើតាមទំព័រហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តបាត់ដំបងដដែល៕
Tag:
ទឹកធ្លាក់អូរជាំ
ទេសចរណ៍
ធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com