ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយ​ណាស់​! បើ​ចង់​ស្គម​ស្អាត ជៀសឱ្យផុត​ពី​អាហារ​ទាំងនេះ​
11, Feb 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ជាច្រើន​ខំប្រឹងប្រែង​ខ្លាំងណាស់​ដើម្បី​អាច​ទទួលបាន​រូបរាង​ស្គម​ស្រស់ស្អាត ឬ​ស្រក​ទម្ងន់​។ អ្នកខ្លះ​ព្យាយាម​ហាត់ប្រាណ​យ៉ាង​ទៀងទាត់ ហើយ​តម​អាហារ​ជាច្រើន​ដើម្បី​អាច​ទទួលបាន​រូបរាង​សម​តាម​ក្ដី​ស្រមៃ​។ ទោះជា​យ៉ាងណា ការ​តម​អាហារ​មិនបាន​ត្រឹមត្រូវ​មិន​ផ្ដល់​អត្ថប្រយោជន៍​អ្វី​ឡើយ ផ្ទុយទៅវិញ គឺ​មានតែ​ធ្វើឱ្យ​អ្នក​ឃ្លាន​កាន់តែខ្លាំង ហើយ​មិន​ទទួលបាន​នូវ​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​រក្សា​សុខភាព​រាងកាយ​តែប៉ុណ្ណោះ​។


 
​ប៉ុន្តែ​កុំ​បារម្ភ​! ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ជៀសវាង កំឡុងពេល​អ្នក​ព្យាយាម​សម្រក​ទម្ងន់ ៖
 
១. បា​យស​
 
​បា​យស មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​កើន​ទម្ងន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មិន​ប្រសើរ​សម្រាប់​សុខភាព​ប៉ុន្មាន​ដែរ​។ បា​យស ត្រូវបាន​រំលាយ​ដោយ​រាងកាយ​យ៉ាង​ឆាប់រហ័ស​ដែលនាំឱ្យ​កើនឡើង​នូវ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ក៏​ព្រោះតែ​បែបនេះ អ្នក​នឹងមាន​អារម្មណ៍​អស់​ថាមពល​លឿន ហើយ​ចាប់ផ្ដើម​ទទួលទាន​អាហារ​ផ្សេងៗ រួមទាំង​អាហារ​ដែល​មិនល្អ​ចំពោះ​សុខភាព​ដើម្បី​ទទួលបាន​ថាមពល​ត្រឡប់មកវិញ​។ ក្រៅពីនេះ បា​យស មាន​ផ្ទុក​សារធាតុចិញ្ចឹម​សំខាន់ៗ​តិចជាង​បាយ​អង្ករសម្រូប​ឆ្ងាយ​ណាស់​។ ដូច្នេះ​ដើម្បី​ទទួលបាន​នូវ​រូបរាង​ស្រស់ស្អាត ក៏ដូចជា​សុខភាព​ល្អប្រសើរ ចូរ​ជ្រើស​ការទទួល​ទាន​បាយ​អង្ករសម្រូប​ជំនួស​វិញ​។​
 
២. គ្រឿង​ស្រវឹង​
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹងហើយថា ការទទួល​ទាន​គ្រឿង​ស្រវឹង គឺ​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព ក៏ដូចជា​កំឡុងពេល​សម្រក​ទម្ងន់​។ សូម្បីតែ​ការទទួល​ទាន​ស្រាក្រហម​ត្រឹម​កម្រិត​មធ្យម​ក៏​កើន​កាឡូរី​បន្ថែម​ដល់​ទៅ ២០០០ កាឡូរី​ក្នុង​រយៈពេល​មួយខែ​។ លើសពីនេះទៅទៀត រាងកាយ​នឹងមិន​អាចធ្វើ​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ផ្សេងៗ​បានឡើយ ប្រសិនបើ​ជាតិ​អាល់កុល​មិន​ត្រូវបាន​កម្ចាត់​ចេញ ឬ​បន្សាប​អស់​។​
 
៣. អាហារ​កំប៉ុង
 
​ភាគច្រើន​នៃ​អាហារ​កំប៉ុង គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សូ​ដ្យូ​ម ឬ​អំបិល ដើម្បី​អាច​រក្សាទុក​បានយូរ​។ សូ​ដ្យូ​ម គឺជា​សារធាតុ​ប្រឆាំង​ការបញ្ចុះ​ជាតិ​ទឹក​ដែល​មានន័យថា វា​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​។ ដូច្នេះ​អ្នកនឹង​ជួបប្រទះ​អាកា​រៈ​ហើម ដែល​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​មិន​ស្រួល ហើយ​មើលទៅ​ធាត់​ទោះបីជា​អ្នក​ព្យាយាម​សម្រក​ទម្ងន់​យ៉ាងណាក៏ដោយ​។ លើសពីនេះទៅទៀត អាហារ​កំប៉ុង​មាន​ផ្ទុក​ជាតិ​កាឡូរី​ខ្ពស់ ប៉ុន្តែ​សារធាតុចិញ្ចឹម​ចាំបាច់​ទាប​បំផុត​ដែល​មិនល្អ​សោះឡើយ​សម្រាប់​សុខភាព ក៏ដូចជា​ទម្ងន់​របស់​អ្នក​។​
 
៤. ទំពាំងបាយជូរ​
 
​ផ្លែ​ទំពាំងបាយជូរ ក៏​ដូច​ទៅនឹង​ផ្លែឈើ​ដទៃទៀត​ដែរ គឺមាន​ប្រយោជន៍​ណាស់​សម្រាប់​សុខភាព ដូច្នេះ​អ្នក​មិនចាំបាច់​ឈប់​ទទួលទាន​វា​ទាំងស្រុង​តែម្ដង​ឡើយ​។ ទោះជា​យ៉ាងណា ផ្លែ​ទំពាំងបាយជូរ មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស្ករ​ខ្ពស់ ដូច្នេះ​ការទទួល​ទាន​ខ្លះ​អាច​ចាប់ផ្ដើម​នូវ​វដ្ត​នៃ​ការ​ឃ្លាន​ជាតិ​ផ្អែម​មួយ​ដែល​ពិបាក​នឹង​គ្រប់គ្រង​។​
 
៥. ទឹកដោះគោឆៅ ឬ​ទឹកដោះគោ​សុទ្ធ​
 
​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ទឹកដោះគោឆៅ ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ឆ្អែត (saturated fats) និង​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​សម្រាប់​សុខភាព ក៏ដូចជា​ការ​សម្រក​ទ​ម្ង​ន់​ដែរ​? លើសពីនេះទៅទៀត អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត​ខ្ពស់ គឺ​ផ្សារភ្ជាប់​ទៅនឹង​ជំងឺ​ធាត់​ជ្រុល ក៏ដូចជា​បណ្ដាល​ឲ្យ​រាងកាយ​ធន់​នឹង​អាំង​ស៊ុយ​លីន​បង្ក​ជំងឺ​ទឹកនោមផ្អែម​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ជ្រើស​ទទួលទាន​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com