តៀម​កាហ្វេ​ថ្មីៗ​៖ មើល​ព័ត៌មាន ដោយ​ពិចារណា​ផង​
ជាតិ
រូបត្លុក
តៀម​កាហ្វេ​ថ្មីៗ​៖ មើល​ព័ត៌មាន ដោយ​ពិចារណា​ផង​
10, Feb 2019 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ


ថ្ងៃនេះ​អា​សំណាង​ចាប់អារម្មណ៍​និយាយ​ពី​អាជីព​ព័ត៌មាន ហើយក៏​តាំង​សំណួរ​ទៅ​អា​សុធីរ​៖
 
​អា​សំណាង​៖ អា​ធីរ​! អ្ហែង​គិត​ដូច​អញ​អត់​? សារព័ត៌មាន​ឥឡូវ​រក​ជឿ​អី​មិន​បានទេ​អ្ហា​! រឿង​តែមួយ កាសែត​ខ្លះ​និយាយ​អីចេះ វិទ្យុ​ខ្លះ​និយាយ​ចុះ​។ អា​ទូរទស្សន៍ ផ្សាយ​ផ្សេង​ទៅ​។ ប្រជាជន​វិញ ដឹង​តែ share ហើយ​ផ្អើល​ត​គ្នា​។ ហត់​អារម្មណ៍​ណាស់​អ្ហា​។​
 
​អា​សុធីរ​៖ អានេះ​សួរ​រឿង​ធំ​ប៉ុន​មេឃ​។ វា​មានរឿង​របស់​កាសែត​ផង រឿង​បច្ចេកវិទ្យា​ផង និង​រឿង ក្រុមមនុស្ស​អាក្រក់​ផង​។​
​ទី​១៖ អ្នកកាសែត គេ​ធ្វើ​ការងារ​របស់គេ​។ ពេលខ្លះ សំណុំរឿង​វា​វិ​វត្ត​។ អ៊ីចឹង​អ្នកកាសែត​គេ អាប់​ដេ​ត ហើយ​គេ​ផ្សាយ​ភ្លាមៗ ព្រោះ​ទាំង​កាសែត ទូរទស្សន៍ វិទ្យុ មាន​វេ​ប​សាយ​ទាំងអស់​។ អ្នកកាសែត​មាន​ប្រភព​រៀងខ្លួន ពេលខ្លះ​ក៏​ផ្សាយ​តាមតែ​ប្រភព​របស់​ពួកគេ ដែល​អាច​ផ្តល់ព័ត៌មាន​ល្អៀង​គ្នា​ខ្លះ​។ បន្ទាប់មក អ្នកកាសែត​អាច​ទាញ​រឿង​ទៅតាម​ការចាប់អារម្មណ៍​របស់​ពួកគេ​ទៀត​។​
 
​ទី​២៖ ព័ត៌មាន​ដែល​គេ​ដាក់​ក្នុង​វេ​ប​សាយ​ហើយ គេ​យកមក​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក អ៊ិន​ស្តា​ក្រាម ទ្វី​ត​ធ័​រ ឡាញ បន្តទៀត​។ ដូច្នេះ ព័ត៌មាន​វា​រត់លឿន​អ៊ីចឹង​។​
 
​ទី​៣៖ ក្រុមមនុស្ស​ដែល​ចាំ​លួច​ព័ត៌មាន​ក៏​រហ័ស​ដែរ​។ ហើយ​ក្រុម​នេះ​លួ​ចត​គ្នា​លឿន​ណាស់​។ គឺ​ចោរលួច​ចោរ​។ អ្នកខ្លះ​លួច​យក​ទាំង​ដុល​។ អ្នក​ខ្លះទៀត លួច​យកតែ​អត្ថបទ ហើយ​ដាក់​ចំណងជើង​ថ្មី​ដោយ​ខ្លួនឯង និង​អេ​ឌី​ត​រូបថត​ឲ្យ​ទាក់ទាញ​។ អ្នក​លួច​ព័ត៌មាន​បាន​យល់​ន័យ​ដើម​ពិតប្រាកដ មិនបាន​ទាំង​អាន​ព័ត៌មាន​ដើម​ត្រឹមត្រូវ​ផង​។ ដូច្នេះ នៅពេល​ពួកគេ​ច្នៃ​ចំណងជើង គឺ​ត្រូវ​ខុស​ន័យ​ដើម​។​
 
​អា​សំណាង​៖ អឺ​! ហើយ​ចុះ ធ្វើ​ម៉េច​ទៅ​? វា​មិន​ពុល ឡប់​អ្នកអាន​អស់ហើយ​អ្ហា​?
 
​អា​សុធីរ​៖ ដូច​អញ​ប្រាប់​អ្ហែង​អ៊ីចឹង​! ទីមួយ អ្ហែង​ត្រូវមាន​សារព័ត៌មាន​ក្នុង​ចិត្ត​មួយ ឬ​ពីរ ឬ​បី​ដែល​អ្ហែង​ជឿជាក់​។ គឺ​អង្គភាព​ព័ត៌មាន​ដែលមាន​ក្រុមការងារ​ត្រឹមត្រូវ ផ្សាយ​រាល់​ព័ត៌មាន​ដែល​ប្រភព​ផ្លូវការ​ពិតប្រាកដ ដែល​ក្រុមការងារ​បាន​ទាក់ទង​ផ្ទាល់​។ វេ​ប​សាយ​ព័ត៌មាន​ដែល​មិន​ពិតប្រាកដ ពួកគេ​មិនដែល​ហ៊ាន​ទូរ​សព្ទ​ទៅ​មន្ត្រីជាន់ខ្ពស់ ឬ​អ្នកនាំពាក្យ ឬ​អាជ្ញាធរ​ដែនដី​ទេ​។ ទី​ពីរ ដែល​សំខាន់បំផុត គឺ​អ្ហែង​ត្រូវ​ទទួលយក​ព័ត៌មាន​ដោយ​ការពិចារណា​។ ត្រូវ​ផ្ទៀងផ្ទាត់​ជាមួយ​អង្គភាព​ព័ត៌មាន​ដែល​ឯង​ជឿទុកចិត្ត​នោះ​។ តើ​ព័ត៌មាន​នោះគេ​ផ្សាយ ឬ​អត់​? ហើយ​គេ​ផ្សាយ​ថា​ម៉េច​? សម័យនេះ ព័ត៌មាន​សម្បូរហូរហៀ​រ​ពេក​។ ដូច្នេះ​អ្នកអាន មិនអាច​ចាំតែ​ទទួលយក និង​ជឿ​ភ្លាមៗ​នោះឡើយ​។​
 
​អា​សំណាង​៖ អ៊ីចឹង​ជីវិត មិន​កាន់តែ​ហត់​ហើយ​ទេ​?
 
​អា​សុធីរ​៖ ហត់​ជាង​មុន​មែន តែ​វា​សុវត្ថិភាព​។ បើ​មិន​ចង់​ហត់ ជឿ​ព័ត៌មាន​ក្លែងក្លាយ វា​អាចមាន​គ្រោះថ្នាក់ វា​អាច​ខាតបង់​ច្រើនជាង​ហត់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com