ជាតិ
សិល្បះ
តារាសម្ដែង លីលី ចង់ឱ្យភាពយន្តខ្មែរដាក់បញ្ចូលវិធីសង្គ្រោះបន្ទាន់កាន់តែច្រើន
× ភ្នំពេញ៖ តារាសម្ដែងកញ្ញា លឹម សុធាវី ហៅ លីលី ត្រូវបានមហាជនស្គាល់ច្បាស់តាមរយៈសកម្មភាពជួយសម្រាលកូនឱ្យស្ត្រីមានផ្ទៃពោះមួយរូប ក្នុងស្ថានភាពបន្ទាន់ និងគ្រោះថ្នាក់។ គ្មានជំនាញពេទ្យទាល់តែសោះតែ លីលី អាចប្រមូលសេចក្ដីក្លាហានជួយសង្គ្រោះម្ដាយនិងទារកបាន។ ការណ៍នេះអាចកើតឡើងបាន ដោយសារតែនាងទទួលបានចំណេះខ្លះៗពីភាពយន្តបរទេស ទាក់ទិននឹងវិធីសង្គ្រោះបន្ទាន់។ ដោយសារបានឃើញពីឥទ្ធិពលភាពយន្ត តារាសម្ដែង សុធាវី ចង់ឱ្យភាពយន្តខ្មែរដាក់បញ្ចូលវិធីសង្គ្រោះបន្ទាន់ផ្សេងៗ ឱ្យកាន់តែច្រើនក្នុងសាច់រឿង។
តារាសម្ដែង លឹម សុធាវី បានមើលឃើញថា ភាពយន្តមានឥទ្ធិពលខ្លាំងទៅលើអ្នកទស្សនា ដូច្នេះនាងចង់ឱ្យមានការដាក់បញ្ចូលវិធីសង្គ្រោះបន្ទាន់នានា ទៅក្នុងភាពយន្តខ្មែរឱ្យកាន់តែច្រើន។ ក្រៅពីបង្ហាញពីវិធីសង្គ្រោះបន្ទាន់ ការស្ដែងឱ្យឃើញស្មារតីជួយគ្នាទៅវិញទៅមក និងការចែករម្លែរវាងអ្នកមាននិងអ្នកក្រ ក៏ជាអ្វីដែលនារីស្រស់ស្អាតរូបនេះ យល់ឃើញថាជាផ្នែកមួយជួយបណ្ដុះគំនិតអ្នកទស្សនាដែរ។
ថ្លែងក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ តារាសម្ដែងរូបនេះ បាននិយាយដូច្នេះថា៖«ភាពយន្តខ្មែរឃើញមានបញ្ចូលវិធីសង្គ្រោះបន្ទាន់ខ្លះដែរ តែដូចជានៅមិនទាន់បង្ហាញឱ្យបានទូលំទូលាយ១០០ភាគរយ។ ខ្ញុំចង់ឱ្យភាពយន្តខ្មែរ និងស្ពត់អប់រំ ផ្ដោតលើការបង្ហាញពីវិធីសង្គ្រោះបន្ទាន់ឱ្យកាន់តែច្រើនទៀត។ ដូចជាគ្រោះថ្នាក់ចរាចរត្រូវឃាត់ឈាមភ្លាមៗយ៉ាងណា ជួយសង្គ្រោះអ្នកជំងឺបេះដូង ការឆ្លងទន្លេ វិធីសង្គ្រោះគ្រប់យ៉ាង ដែលយើងមិនមែនជាពេទ្យក៏អាចជួយបាន។ ខ្ញុំចង់ឱ្យគេបង្ហាញវិធីសង្គ្រោះនោះឱ្យបានច្បាស់។ ទោះជាយ៉ាងណាអ្នកមើល ក៏គាត់បានចំណេះខ្លះៗ ទោះបីជាគាត់មិនមែនជាអ្នកជំនាញក្ដី។ ហើយការចេះចែករម្លែកឱ្យទៅអ្នកដែលទាល់ក្រជាងខ្លួន និងការចេះជួយគ្នាទៅវិញទៅមក ក៏សំខាន់ដែរ។ អ្នកមើលគាត់អាចរំភើបចិត្ត ពេលដែលបានឃើញអំពើល្អទាំងនោះ ហើយគាត់ធ្វើតាម»។
តារាស្រីរូបស្រស់ ដែលគេស្គាល់ច្រើនតាមរយៈអំពើមនុស្សធម៌ នៅតាមផ្លូវសាធារណៈរូបនេះបានរំឭកគ្រាដំបូងនៃការចូលទៅជួយសង្គ្រោះស្ត្រីមានផ្ទៃពោះម្នាក់ កាលពីខែមករាថា កញ្ញា មិនគិតអ្វីផ្សេងក្រៅពីពាក្យក្នុងចិត្ត« បើមិនជួយ ស្ត្រីនោះអាចនឹងមានគ្រោះថ្នាក់ឡើយ»។ ក្រោយពីជួយសម្រាល ទារកមិនមានដង្ហើម និងចលនាអ្វីទាំងអស់ ក្នុងស្ថានភាពបន្ទាន់បែបនេះ លីលី បានគិតឃើញដល់ភាពយន្តបរទេស ដែលបង្ហាញពីការសម្អាតក្មេងក្រោយពីសម្រាលរួច ដើម្បីឱ្យទារកមានចលនានិងដង្ហើម។
«ពេលនោះខ្ញុំមិនបានគិតអ្វីទេ ព្រោះគិតតែថាបើមិនជួយគាត់អាចគ្រោះថ្នាក់។ ដល់តែសម្រាលកូនហើយ ទារកនោះមិនមានដង្ហើម មិនមានចលនាអ្វីទាំងអស់ ខ្ញុំភ័យមែនទែន។ សំណាងល្អពេលនោះខ្ញុំនឹកឃើញវិធីសង្គ្រោះបន្ទាន់តាមវីដេអូអប់រំ និងពីភាពយន្តបរទេស។ គេបង្ហាញថា ពេលសម្រាលកូនហើយ ត្រូវជូតសម្អាតមុខមាត់ និងខ្លួនប្រាណទារក និងធ្វើចលនាបេះដូង ឱ្យក្មេងអាចដកដង្ហើមកើត»។ នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា លឹម សុធាវី។
កញ្ញា លីលី បានបញ្ជាក់បន្ថែមថា ខ្លួនមិនបានគិតដល់ការជួយសង្គ្រោះនោះ អាចនឹងកើតរឿងអកុសលណាមួយដោយអចេតនា ដែលធ្វើឱ្យនាងមានទុក្ខទោសពីអំពើល្អរបស់ខ្លួនឡើយ។ តារាសម្ដែងរូបស្រស់ លីលី សង្កត់ធ្ងន់ថា ៖«ការជួយសង្គ្រោះមនុស្សម្នាក់បើគិតខ្លាចថា វាអាចនឹងនាំទុក្ខទោសដល់ខ្លួននៅពេលក្រោយ នោះគេបានត្រឹមឈរមើលមនុស្សម្នាក់ស្លាប់នៅចំពោះមុខ»៕
Tag:
លីលី
សិល្បៈ
តារា
លឹម សុធាវី
© រក្សាសិទ្ធិដោយ thmeythmey.com