ជាតិ
សេដ្ឋកិច្ច
រាជបណ្ឌិត្យសភា គ្រោង​បង្កើត​ថ្នាក់​ភាសា​ចិន​ជាន់ខ្ពស់​នៅ​ចុងឆ្នាំ​២០១៩ ខណៈ​អ្នកវិភាគ​ជំរុញ​ឲ្យ​យុវជន​ចេះ​ចិន ក្ដាប់​ឱកាស​
10, Feb 2019 , 9:29 pm        
រូបភាព
រូបពីហ្វេសប៊ុករាជបណ្ឌិត្យសភា
រូបពីហ្វេសប៊ុករាជបណ្ឌិត្យសភា
​ភ្នំពេញ​៖ រាជបណ្ឌិត្យសភាកម្ពុជា​គ្រោង​បើក​ថ្នាក់​ជាន់ខ្ពស់​នៃ​ភាសា​ចិន នៅ​ចុងឆ្នាំ​២០១៩​នេះ ស្របពេល​ចំណង់មិត្តភាព​ស្អិតល្មួត​រវាង​កម្ពុជា​-​ចិន ដែល​កំពុង​ជួយ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា នាពេល​បច្ចុប្បន្ន​។ អ្នកវិភាគ​ជំរុញ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់ ជួយ​ពង្រីក​កម្មវិធី​អប់រំ​ភាសា​ចិន​ទៅដល់​យុវជន​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត ដើម្បី​ស្រូបយក​ផលប្រយោជន៍​ឲ្យ​បាន​ច្រើន​ពី​ការ​វិនិយោគិន​ចិន​។​


 
​ប្រធាន​រាជបណ្ឌិតសភា លោក​បណ្ឌិត សុខ ទូច បាន​និយាយថា ស្ថាប័ន​លោក​បាន​សហការ​ជាមួយ​សកល​វិទ្យាល័យ​ចំនួន​៣​នៃ​ប្រទេស​ចិន រួមមាន​សកលវិទ្យា​ល័យ ប៉េកាំង​, សាកលវិទ្យាល័យ​ស៊ិន​ហួរ​, និង​សកល​វិទ្យាល័យ ធាន​ជី​ង ដើម្បី​បើក​ថ្នាក់​ភាសា​ចិន កម្រិត​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ នា​ចុងឆ្នាំ​២០១៩​នេះ ខណៈ​កម្ពុជា​បច្ចុប្បន្ន មាន​ថ្នាក់​ភាសា​ចិន ត្រឹម​កម្រិត​ថ្នាក់​វិទ្យាស្ថាន​ប៉ុណ្ណោះ​។ បើតាម​លោក សុខ ទូច បច្ចុប្បន្ននេះ មាន​សិស្ស​ដែល​កំពុង​រៀន​ភាសា​ចិន ចំនួន​១,២ ម៉ឺន​នាក់ ទាំង ២៣​សាខា នៃ​វិទ្យាស្ថាន​ខុង​ជឺ​ទូទាំងប្រទេស​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​រាជបណ្ឌិត្យសភា​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖ « កម្ពុជា​ត្រូវការ​ពង្រីក​ភាសា​ចិន ពីព្រោះ​ចិន​មិនចេះ​អង់គ្លេស ហើយ​ចង់​យកលុយ​ចិន ទាល់តែ​យើង​រៀន​ចិន ដើម្បី​យកលុយ​គេ​បាន​។ ព្រោះ​យើង​បាន​ឲ្យ​និយមន័យ​ហើយ​ថា អតិថិជន​គឺជា​ស្តេច ចុះបើ​ស្តេច​មក​យើង​អត់​ចេះ​ភាសា​ស្តេច ទៅ​និយាយ​ជាមួយ​ស្ដេច​ម្ដេច​បាន យើង​ត្រូវ​មើល​ចំណុច​ហ្នឹង​»​។ 
 
​រដ្ឋាភិបាល​គ្រោង​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ចំនួន ៥​លាន​នាក់ ក្នុង​ឆ្នាំ​២០២៥ ដូច្នេះ​វា​ជា​ឱកាសល្អ សម្រាប់​ពលរដ្ឋ​កម្ពុជា​ដែល​ចេះ​ភាសា​ចិន ក្នុងការ​បង្កើន​ចំណូល​តាមរយៈ​ការប្រកប​រប​រកស៊ី​ជាមួយ​ចិន ក្នុងការ​អ្នកបកប្រែ និង​ធ្វើការ​ជាមួយ​អ្ន​កវិន​យោគ​ចិន​។ នេះ​ជាការ​លើកឡើង​របស់លោក សុខ ទូច​។ 
 
​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​លោក គី សេរី​វឌ្ឍន៍ បាន​បន្ថែមថា កម្រិត​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​នេះ នឹង​បើក​គ្រប់មុខ​វិទ្យា​ទាំងអស់ ដោយ​រៀន​ជា​ភាសា​ចិន​សុទ្ធ រួមទាំង​ថ្នាក់អនុបណ្ឌិត​ផងដែរ​។ បើតាម​លោក សេរី​វឌ្ឍន៍ ថ្នាក់រៀន​ភាសា​ចិន​ជាន់ខ្ពស់ ដែល​គ្រោង​បង្កើត​នេះ ត្រូវ​ចំណាយ​ថវិកា​ជាង​២​លាន​ដុល្លារ សម្រាប់​ការសាងសង់​អគារ និង​សម្ភារ​សិក្សា​ផ្សេង​ជាដើម​។ 
 
«​ឥឡូវ​យើង​កំពុង​សាងសង​អាគារ ហើយ​នៅពេល​អគារ​នេះ​សង់​រួចហើយ​នៅ​ដើមឆ្នាំ​២០២០ យើង​នឹង​ចេញដំណើរ​ហើយ​។ សាកលវិទ្យាល័យ ប៉េកាំង សាកលវិទ្យាល័យ ស៊ីន​ហួរ ហើយនឹង​សាកលវិទ្យាល័យ ធាន​ជី​ង សាកលវិទ្យាល័យ​៣​នឹង រួមទាំង សាកលវិទ្យាល័យ ជីវ​ឈាំ​ង នឹង​ផ្ដល់​គ្រូ កម្មវិធីសិក្សា រៀន​ថ្នាក់​បរិញ្ញាបត្រ គ្រប់​ឯកទេស​ទាំងអស់​ជា​ភាសា​ចិន ហើយនឹង​ថ្នាក់អនុបណ្ឌិត​ជា​ភាសារ​ចិន​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។​
 
​លោក មាស នី អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម បាន​និយាយថា កំណើន​នៃ​ទីផ្សារ​ភាសា​ចិន​ក្នុងប្រទេស​កម្ពុជា​ពិតជា​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ​អ្នក​ដែល​ចេះ​ភាសា​ចិន​នៅតែ​ខ្វះខាត​។​សម្រាប់​លោក មាស នី កំណើន​អ្នក​វិ​និ​យោ​ចិន​ច្រើន គឺជា​សញ្ញា​មួយ​ឲ្យ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ទំនោ​ល​នៃ​សកលភាវូបនីយកម្ម​ថ្មី​នេះ ដូច្នេះ​ដើម្បី​ស្រូបយក​ផលប្រយោជន៍​ឲ្យ​បាន​ច្រើន​ពី​ការ​វិនិយោគិន​ចិន​ទាំងនោះ កម្ពុជា​ក៏ត្រូវ​ពង្រីក​ភាសា​ចិន​ផងដែរ​។ 
 
​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា ៖ « ខ្ញុំ​បាន​ទៅពិនិត្យ​នៅ​តំបន់​មួយ​តាម​ផ្លូវជាតិ​លេខ​១ កន្លែង​នោះ​មាន​ផ្សារ​ចិន​លក់​គ្រឿងសំណង់​។ អ្វីដែល​ខ្ញុំ​សង្កេតឃើញ​គឺថា ម្ចាស់​ហាង​សុទ្ធតែ​ចិន​ទាំងអស់ ហើយ​មិនចេះ​ខ្មែរ​ទេ អ្នក​ទៅ​ទិញ​នឹង​គឺ​ពិបាក​រក​អ្នកបកប្រែ​ខ្លាំងណាស់ ដោយ​ត្រូវ​ខ្ចី​ពី​ហាង​មួយ​ទៅ​ហាង​មួយ បានន័យថា​អ្នកចេះ​ភាសា​ចិន​នៅតែ​ខ្វះ​។ សព្វថ្ងៃ​អ្នក​ដែល​ចេះ​ភាសា​ចិន​ហាក់ដូចជា​ងាយស្រួល​ក្នុង​ការរក​ការងារ​ធ្វើ និង​រកស៊ី​ផងដែរ​»៕

Tag:
 ភាសា​ចិន​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com