អន្តរជាតិ
វៀតណាម អាច​នឹង​នាំមុខគេ​ខាង​ផ្នែក​បច្ចេកវិទ្យា​ផ្កាយរណប​ក្នុង​តំបន់​អាស៊ាន​
10, Feb 2019 , 10:29 pm        
រូបភាព
រូបភាព៖ VietnamNet
រូបភាព៖ VietnamNet
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ កំពុងតែ​ព្យាយាម​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់ខ្លួន​លើ​ផ្នែក​ផ្កាយរណប​ទៅកាន់​លំហ​អាកាស​។ ការណ៍​ដែល​ក្រុង​ហាណូយ​ព្យាយាម​អភិវឌ្ឍ​ខ្លួន​បែបនេះ​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ក្នុងការ​ទប់ស្កាត់​គ្រោះធម្មជាតិ ក៏ដូចជា​ដើម្បី​ធ្វើ​ឲ្យ​វៀតណាម ក្លាយជា​ប្រទេស​នាំមុខ​មួយ​ក្នុង​តំបន់​លើ​ផ្នែក​បច្ចេកវិទ្យា​ផ្កាយរណប​។​

 
​បើ​មិនមាន​ការប្រែប្រួល​នោះទេ នាពេល​ឆាប់ៗ​ខាងមុខនេះ វៀតណាម នឹង​ក្លាយជា​រដ្ឋ​មួយ​ក្នុង​តំបន់​នាំមុខគេ​ផ្នែក​បច្ចេកវិទ្យា​ផ្កាយរណប​។ បច្ចុប្បន្ន ក្នុង​តំបន់​អាស៊ាន មានតែ​សិង្ហ​បុរី ម៉ា​ស៊ី​ឡេ​ស៊ី និង​ឥណ្ឌូណេស៊ី ប៉ុណ្ណោះ​នោះទេ ដែលមាន​លទ្ធភាព​អាចធ្វើ​ផ្កាយរណប​ដើម្បី​បញ្ជូន​ទៅកាន់​លំហ​អាកា​សបាន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​វៀតណាម Vietnam Net នៅ​ថ្ងៃ​៨ កុម្ភៈ​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ សាស្ត្រាចារ្យ និង​ជា​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​លំហ​វៀតណាម លោក Pham Anh Tuan បានលើកឡើង ការអភិវឌ្ឍ​បច្ចេកវិទ្យា​ផ្នែក​លំហ គឺជា​និមិត្តរូប​ដ៏​សំខាន់​មួយ​នៃ​ភាពរឹងមាំ​របស់​ប្រទេស ហើយ​ការប្រកួតប្រជែង​គ្នា​ទៅកាន់​លំហ​អាកាស គឺជា​សកម្មភាព​មួយ ដែល​បង្ហាញ​ពី​សមត្ថភាព​របស់​ជាតិ​ផងដែរ​។ 
 
​នៅពេលដែល​ឆ្លើយ​នឹង​សំណួរ​ថា​តើ​បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​អាស៊ាន​ដូចជា​សិង្ហ​បុរី ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី បច្ចេកវិទ្យា​ផ្កាយរណប​វៀតណាម នៅ​ចំណុច​ណា លោក​សាស្ត្រាចារ្យ បាន​អះអាងថា បច្ចេកវិទ្យា​វៀតណាម មិនទាន់​អាច​រំលង​ប្រទេស​ទាំងបី​បានឡើយ ក៏ប៉ុន្តែ​អាច​ប្រកៀក​ប្រកិត​គ្នា​បាន​។ 
 
​តាម​ផែនការ​តម្រង់ទិស ដែល​កំណត់​ក្នុង​គម្រោង​របស់​មជ្ឈមណ្ឌល​លំហ​វៀតណាម រដ្ឋាភិបាល​វៀតណាម នឹង​អនុវត្ត​ផែនការ​តាម​ជំហាន​មួយៗ ពោលគឺ​វៀតណាម នឹង​ផលិត​ផ្កាយរណប​ពី​ទំហំ​មីក្រូ ទៅ​ផ្កាយរណប​តូច​ល្មម និង​ចុងក្រោយ​គេ​ទៅជា​ផ្កាយរណប​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់បំផុត ដែលមាន​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​រ៉ា​ដា​។ 
 
​ក្នុង​ឆ្នាំ​២០១៣ វៀតណាម ដំបូង​ឡើយ​បាន​ផលិត​ផ្កាយរណប​ប្រភេទ​មីក្រូ ឈ្មោះថា PicoDragon មាន​ទម្ងន់​ប្រមាណ ១ គីឡូក្រាម ហើយ​អាច​ប្រតិបត្តិការ​បាន​រយៈពេល​បី​ខែ​។ ក្រោយមកទៀត ក្នុង​ឆ្នាំ​ដដែល​នោះ មជ្ឈមណ្ឌល​លំហ​វៀតណាម បាន​អភិវឌ្ឍ​ការផលិត​ផ្កាយរណប ដែល​ទម្ងន់ ៥០ គីឡូក្រាម ដែល​ឈ្មោះថា MicroDragon ក្រោម​ការបណ្តុះបណ្តាល​ពី​ជប៉ុន​។ 
 
​តាម​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម Vietnam Net នៅក្នុង​ផែនការ​បន្ទាប់ពី​ការផលិត​ផ្កាយរណប​ខ្នាតតូច និង​មធ្យម​បាន​ជោគជ័យ​ហើយ វៀតណាម នឹង​បន្ត​អភិវឌ្ឍ​ផ្កាយរណប ដែលមាន​ទម្ងន់ ៥៧០ គីឡូក្រាម ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​រ៉ា​ដា​តម្រង់ផ្លូវ​ចុងក្រោយ​បំផុត​។ សម្រាប់​វៀតណាម បើ​គម្រោង​នេះ​បន្ត​ទៅមុខ នោះ​វៀតណាម នឹង​អាចមាន​លទ្ធភាព​ក្នុងការ​ឆ្ពោះទៅកាន់​លំហ និង​អាច​ព្យាករ​អាកាសធាតុ​បាន​គ្រប់​លក្ខខណ្ឌ​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា វៀតណាម ក៏​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស ដែល​ទទួលរង​ផលប៉ះពាល់​ពី​បម្រែបម្រួល​អាកាស​អា​ធាតុ​។ រៀងរាល់ឆ្នាំ វៀតណាម រង​ការវាយប្រហារ​ពី​ព្យុះ​ទី​ហ្វុ​ង ជំនន់ និង​ការបាក់​ស្រុតដី​ជាដើម ដែល​គ្រោះមហន្តរាយ​ធ្វើ​ឲ្យ​វៀតណាម ត្រូវ​ទទួលរង​ការខាតបង់​ថវិកា​ប្រមាណ ៣,២ ពាន់​លាន​ដុល្លារ ស្មើនឹង ១,៥ នៃ​ផលិតផល​ក្នុងស្រុក​សរុប​៕ 

Tag:
 វៀតណាម​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com