ជាតិ
រដ្ឋាភិបាល ផ្ដល់អគារខេមរវិទូតម្លៃ ១០លានដុល្លារ ឲ្យរាជបណ្ឌិត្យសភាកម្ពុជា រូបភាពពីក្រសួងព័ត៌មាន
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់អគារខេមរវិទូ តម្លៃ១០លានដុល្លារ ឲ្យរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ជាកន្លែងការងារ និងការិយាល័យទាំង៨វិទ្យាស្ថាន ដែលជាសេនាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា។ នេះយោងតាមការចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ក្រសួងព័ត៌មាន។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាគណៈកម្មការសាងសង់ បាននិយាយថា អគារនេះ សង់ឡើងមាន៤ជាន់ ស្ថិតនៅក្នុងបរិវេណរាជបណ្ឌិតត្យកម្ពុជា តាមបណ្ដោយមហាវិថីសហព័ន្ធ រស្សី សង្កាត់កាកាប ខណ្ឌពោធនិ៍សែនជ័យ រាជធានីភ្នំពេញ។ ជាន់ក្រោមដីសម្រាប់ចំណតយានជំនិះ។ ចំណែកជាន់ផ្ទាល់ដី ជាសាលសន្និសីទ សាលសម្តែងសិល្បៈ សាលសិក្ខាសាលា អាចដាក់មនុស្សចន្លោះពី២០នាក់ ដល់ជាង៤០០នាក់។
រូបភាពពីក្រសួងព័ត៌មាន
សម្រាប់ជាន់ទី១ ជាកន្លែងថ្នាក់ដឹកនាំរាជបណ្ឌិត្យសភា ចាប់ពីថ្នាក់បណ្ឌិតដល់បណ្ឌិត្យសភាចារ្យធ្វើការ។ រីឯជាន់ទី២ ទី៣ និងទី៤ ប្រើប្រាស់សម្រាប់ជាការិយាល័យ នៃវិទ្យាស្ថានទាំង៨ ដែលចំណុះឲ្យរាជបណ្ឌិត្យសភាកម្ពុជា ដែលរួមមាន ទី១. វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ ទី២. វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ទី៣. វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម ទី៤.វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទី៥. វិទ្យាស្ថានភាសាជាតិ ទី៦. វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា រួមទាំងឧបសម្ព័ន្ធចំនួន៥គឺ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ,វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា, មជ្ឈមណ្ឌលសិក្សាចិន និងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹប។ ក្រៅពីនេះ ក៏ជាកន្លែងបង្ហាញស្នាដៃស្រាវជ្រាវរបស់អ្នកប្រាជ្ញផងដែរ។ នេះបើតាមលោក យង់ ពៅ។
រូបភាពពីក្រសួងព័ត៌មាន
លោក យង់ ពៅ សង្កត់ធ្ងន់ថា «អគារដែលមានឈ្មោះថា ខេមរវិទូនេះគឺជាអគារដែលផុសឡើងដោយខ្មែរសុទ្ធសាធ គឺស្ថាបត្យករខ្មែរ ហើយជាមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា គូសប្លង់ហ្នឹងឡើង ។លុយកញ្ចប់ថវិកាជាអំណោយរបស់សម្តេច ហ៊ុន សែន។ អ៊ីចឹងជាអគារខ្មែរ ស្ថាបត្យកម្មខ្មែរ អ្នកសាងសង់ក៏ជាខ្មែរ លុយខ្មែរតែម្តង លុយជាតិខ្មែរសម្រាប់បម្រើឱ្យការងារស្រាវជ្រាវរបស់ខ្មែរ»៕
អគារខេមរវិទូមានក្រឡាផ្ទៃ១៦.២៥០ម៉ែត្រការ៉េ ហើយអគារនេះ ជាស្នាដៃរបស់ស្ថាបត្យករខ្មែរ សុទ្ធសាធ និងត្រូវបានសាងសង់ដោយកងវិស្វកម្មសម្ដេច ហ៊ុន សែន៕
© រក្សាសិទ្ធិដោយ thmeythmey.com