ជាតិ
រយៈពេល​៦០​ថ្ងៃ អាជ្ញាធរ​រកឃើញ​ជន​បរ​ទស​ជាង​៤​ម៉ឺន​នាក់ កំពុងស្នាក់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​
10, Feb 2019 , 4:59 pm        
រូបភាព
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​រកឃើញ​មាន​ជនបរទេស​សរុប​ចំនួន ៤០.៧៧០​នាក់ ក្នុងនោះ​មាន​៥៧​សញ្ជាតិ និង​មាន​អាជីវកម្ម ចំនួន​២១​ប្រភេទ កំពុងស្នាក់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។ តួលេខ​នេះ ទទួលបាន​ពី​ការចុះ​ត្រួតពិនិត្យ​តាម​គោលដៅ​អាជីវកម្ម និង​កន្លែង​ស្នាក់នៅ​អចិន្ត្រៃយ៍​ជនបរទេស​ចំនួន ២.០៥២ គោលដៅ ក្នុង​រយៈពេល​៦០​ថ្ងៃ និង​ត្រូ​បាន បង្ហាញ​ក្នុង​កិច្ចប្រជុំ​ស្តាប់​របាយការណ៍​ដំបូង ស្តីពី​ការចុះ​ត្រួតពិនិត្យ​វត្តមាន​ជនបរទេស របស់​ក្រុមការងារ​ចុះជួយ​គាំទ្រ និង​ពង្រឹង​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃទី​៧ កុម្ភៈ នៅ​សាលាខេត្ត​ព្រះសីហនុ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​កលោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍​។​


 
​យ៉ាងណាក៏ដោយ សមត្ថកិច្ច​ទទួលបាន​ព័ត៌មាន​ជាក់លាក់​តែ​ទីតាំង​អាជីវកម្ម និង​កន្លែង​ស្នាក់នៅ​អចិន្ត្រៃយ៍​របស់​ពួកគេ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ទទួលបាន​ទិន្នន័យ​ជាក់លាក់ ពី​ចំនួន​ជនបរទេស​ដែល​ស្នាក់នៅ និង​បម្រើ​ការងារ​នៅក្នុង​ទីតាំង​អាជីវកម្ម​របស់​ជនបរទេស​ទាំង​នោះឡើយ​។ មូលហេតុ​ត្រូវបាន​សមត្ថកិច្ច បញ្ជាក់ថា ទីតាំង​ខ្លះ​មិន​ផ្ដល់​ទិន្នន័យ​ពេញលេញ​។​
 
​ទោះ​យ៉ាងនេះ​ក្តី លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​សរសើរ​ពី​កិច្ចខិតខំ​របស់​ក្រុមការងារ ចំពោះ​ការចុះ​ត្រួតពិនិត្យ​វត្តមាន​ជនបរទេស​នៅ​ខេត្ត​ព្រះសីហនុ​រយៈពេល​កន្លងមក​នេះ​។​ជាមួយគ្នានេះ លោក បាន​ជំរុញ​ដល់​ក្រុមការងារ​បន្ត និង​ប្រឹងប្រែង​បន្ថែមទៀត ក្នុង​ការចុះ​ត្រួតពិនិត្យ​វត្តមាន​ជនបរទេស​នេះ ជាពិសេស​ជំរុញ​ដល់​ម្ចាស់​ទីតាំង​អាជីវកម្ម​ទាំងអស់ ត្រូវតែ​ផ្ដល់​ទិន្នន័យ​ជាក់លាក់​នៃ​ចំនួន​ជនបរទេស ដែល​ស្នាក់នៅ និង​បម្រើ​ការងារ សំដៅ​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​។ បើ​នៅតែ​មានការ​លាក់បាំង និង​ផ្ដល់​ទិន្នន័យ​មិន​ជាក់លាក់​ទៀត សមត្ថកិច្ច​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​។ នេះ​ជា​បន្ថែម​របស់លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ​។​
 
​សូមបញ្ជាក់ថា ក្រុមការងារ​គាំ ទ្រ និង​ពង្រឹង​រដ្ឋបាលខេត្ត​ព្រះសីហនុ បង្កើតឡើង​កាលពី​ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​គោលដៅ​ធានា​និរន្តរភាព​នៃ​ការអភិវឌ្ឍ និង​ការផ្ដល់​សេវាសាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ និង​ជនបរទេស ដែល​បានមក​ស្នាក់នៅ និង​ធ្វើ​អាជីវកម្ម​ក្នុង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​៕
 

Tag:
 ជនបរទេស​
 ​អាជីវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com