កីឡាអន្តរជាតិ
អន្តរជាតិ
Aguero ធ្វើបាន hat-trick លើកទី១១ស្មើ Shearer ក្នុងជ័យជម្នះ ៦-០ លើ Chelsea
× Sergio Aguero រកបាន៣គ្រាប់ម្នាក់ឯង (hat-trick) ក្នុងជំនួបដែល Manchester City យកឈ្នះ Chelsea ៦-០ នៅឯកីឡដ្ឋាន Etihad ដើម្បីនាំម្ចាស់ការពារតំណែងជើងឯក ឡើងឈរកំពូលតារាង Premier League ជំនួស Liverpool វិញ។ នេះជាការសម្រេចបាន hat-trick ទី១១របស់ខ្សែប្រយុទ្ធអាហ្សង់ទីន ដែលស្មើ Alan Shearer វីរបុរស Newcastle។
ត្រឹមរយៈពេល២៥នាទីនៅវគ្គទីមួយប៉ុណ្ណោះក្រុមរហស្សនាមមេឃខៀវអាចស៊ុតបាល់បញ្ចូលទីនាំមុខក្រុមភ្ញៀវ Chelsea ដល់ទៅ៤គ្រាប់ ដែលធ្វើបានដោយខ្សែបម្រើ Raheem Sterling ១គ្រាប់នៅនាទីទី៤ ខ្សែប្រយុទ្ធ Sergio Aguero ២គ្រាប់ (១៣, ១៩) និង Ilkay Gundogan មួយគ្រាប់នាទី២៥។
ជាមួយនឹងទម្រង់លេងដ៏អស្ចារ្យក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Pep Guardiola ក្រុមការពារតំណែងជើងឯក Man City នៅតែបន្តវាយសម្រុក និងដាក់សម្ពាធទៅលើក្រុមតោខៀវដោយអាចរកគ្រាប់ស៊ុត២គ្រាប់បន្ថែមទៀតនៅតង់ទីពីរ។ Aguero ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនអាចសម្រេចគ្រាប់បាល់ hat-trick របស់គេនៅនាទី៥៦ដោយទាត់បាល់ពិន័យប៉េណាល់ទី និង Sterling រកបានគ្រាប់បាល់ទី២ នៅនាទី៨០។ ចប់ការប្រកួត Man City ឈ្នះ Chelsea ៦-០។
សម្រាប់ Aguero នេះជាការធ្វើបាន hat-trick ជាលើកទី១១ របស់គេ ខណៈដែល អតីតខ្សែប្រយុទ្ធ Atletico Madrid វ័យ៣០រូបនេះ រកបាន៣គ្រាប់ផងដែរពេលយកឈ្នះ Arsenal ៣-១ កាលពីសប្តាហ៍មុនក្នុងជំនួបលីគកំពូលអង់គ្លេសនេះ។
បន្ទាប់ពី Aguero និង Shearer កីឡាករ និងអតីតកីឡាករដែលសម្រេចបានគ្រាប់ Hat-trick ច្រើនលើកនៅ Premier League រួមមាន Robbie Fowler (៩លើក), Michael Owen, Harry Kane និង Thierry Henry (៨លើក), Wayne Rooney (៧លើក) និង Luis Suarez (៦លើក)។
ជ័យជម្នះយ៉ាងលើសលុបក្នុងជំនួបសប្តាហ៍ទី២៧នេះ បាននាំ Man City ឡើងទៅឈរកំពូលតារាង Premier League វិញ ដោយរកបាន៦៥ពិន្ទុ ខណៈដែល Liverpool ទើបប្រកួតលើកទី២៦ប៉ុណ្ណោះ មាន៦៥ពិន្ទុដូចគ្នា តែចាញ់គ្រាប់ស៊ុតបញ្ចូលទី៕
Tag:
បាល់ទាត់
Sergio Aguero
Manchester City
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com