អន្តរជាតិ
កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​សម្រេច​បាន​កិច្ចព្រមព្រៀង​ថ្មី​មួយ​ស្តីពី​វត្តមាន​ទាហាន​អាមេរិក​នៅ​កូរ៉េខាងត្បូង​
11, Feb 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​កាលពី​ថ្ងៃអាទិត្យ​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ដើម្បី​បង្កើន​ថវិកា​ដែល​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​នឹងត្រូវ​ចំណាយ​សម្រាប់​ការដែល​មាន​ទាហាន​សហរដ្ឋអាមេរិក​ឈរជើង​នៅ​ប្រទេស​កូរ៉េខាងត្បូង​។

 
​កូរ៉េខាងត្បូង​នឹងត្រូវ​ចំណាយ​ថវិកា​ប្រហែល​៨៩០​លាន​ដុល្លារ​អាមេរិក នៅក្រោម​កិច្ចព្រមព្រៀង​ថ្មី​ដែលមាន​រយៈពេល​មួយឆ្នាំ​នេះ គឺ​កើនឡើង​ប្រមាណ​ជា​៦០​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ឆ្នាំមុន​។ កិច្ចព្រមព្រៀង​ថ្មី​នេះ​ខុសពី​កិច្ចព្រមព្រៀង​មុន ដែលជា​ទូទៅ​មាន​រយៈពេល​៥​ឆ្នាំ​។ ដោយឡែក​កិច្ចព្រមព្រៀង​ថ្មី​ដែលមាន​រយៈពេល​តែមួយ​ឆ្នាំនេះ អាចជួយ​ជំរុញ​ឲ្យ​ប្រទេស​ទាំងពីរ​អាច​ត្រឡប់​ទៅរក​តុ​ចរចា​ឡើងវិញ ក្នុង​រយៈពេល​ពីរ​បី​ខែ​ខាងមុខ​។​
 
​កិច្ចព្រមព្រៀង​នេះ​តម្រូវ​ឲ្យ​មានការ​អនុម័ត​ដោយ​សភា​កូរ៉េខាងត្បូង ដែល​ត្រូវបាន​រំពឹងថា​នឹង​អនុម័ត​នៅ​ខែមេសា​ខាងមុខ មុននឹង​អាចដាក់​ឲ្យ​ដំណើរការបាន​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​។​
 
​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​សេ​អ៊ូ​ល​បាន​បង្ហោះ​សារ​ដោយបាន​ដកស្រង់​សម្តី​របស់លោក Timothy Betts ដែលជា​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ទទួលបន្ទុក​កិច្ចចរចា​និង​កិច្ចព្រមព្រៀង​ស្តីពី​សន្តិសុខ​ដោយ​លោក​បាន​និយាយថា «​យើង​បានសម្រេច​កិច្ចព្រមព្រៀង​ថ្មី​មួយ​តាមរយៈ​ការពិគ្រោះ​យោបល់​យ៉ាង​ដិតដល់ និង​ការចរចា​ដ៏​ស្មើភាព​គ្នា​។ ការប្តេជ្ញា​របស់​សហរ​ដ្ឋ​អាមេរិក​ចំពោះ​សន្តិសុខ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​និង​ប្រជាពលរដ្ឋ​កូរ៉េ​គឺ​នៅតែ​រឹងមាំ​ដដែល​»​។​
 
​កិច្ចព្រមព្រៀង​ថ្មី​នេះ​តំណាង​ឲ្យ​ការកើនឡើង​ចំនួន​៨,២​ភាគរយ​នៃ​ការចំណាយ​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​សម្រាប់​ជួយ​រក្សា​ទាហាន​អាមេរិកាំង​ចំនួន​២៨.៥០០​នាក់​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។​
 
​សហរដ្ឋអាមេរិក​បាន​វត្តមាន​យោធា​របស់ខ្លួន​ជា​បន្ត​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ចាប់តាំងពី​ក្រោយ​សង្គ្រាមត្រជាក់​កូរ៉េ​ដែល​បានអូសបន្លាយ​ពី​ឆ្នាំ​១៩៥០​ដល់​ឆ្នាំ​១៩៥៣​មក​។ កិច្ចព្រមព្រៀង​ថ្មី​នេះ​បាន​ធ្វើឡើង​នៅមុន​ជំនួប​កំពូល​លើក​ពីរ​រវាង​លោក​ប្រធានាធិបតី Donald Trump និង​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong នៅ​ចុងខែ​នេះ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com