ជាតិ
សង្គមជាតិ
រថយន្តធុនធ្ងន់ បុករថភ្លើងនៅព្រះសីហនុ តែមិនមានអ្នករបួស
× រថយន្តធុនធ្ងន់មួយគ្រឿង បានបុករថភ្លើង ដែលកំពុងធ្វើដំណើរពីខេត្តព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ បណ្ដាលឲ្យធ្លាក់ក្បាលរថភ្លើងចេញពីលើផ្លូវដែក និងរថយន្ដរងការខូចខាតធ្ងន់ធ្ងរ ផងដែរ។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅព្រឹកថ្ងៃទី១១កុម្ភៈនេះ នៅភូមិព្រែកទល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ លោក អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បាននិយាយថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានបង្កដោយរថយន្តបែនដឹកដីមួយគ្រឿង ម៉ាក HYUNDAI ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ដោយមានទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានបុករថភ្លើង ដែលមានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ។
លោក បញ្ជាក់ថា ចំពោះគ្រោះថ្នាក់ចរាចរណ៍នេះ មិនបានបណ្តាឲ្យមានមនុស្សរងរបួស និងគ្រោះថ្នាក់ទេ។ ប៉ុន្តែ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។ រីឯ វត្ថុតាង ដែលជារថយន្តបង្កហេតុបានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕
© រក្សាសិទ្ធិដោយ thmeythmey.com