អន្តរជាតិ
ស្វែងយល់​ពី​ប្រវត្តិ​សង្ខេបនៃ «​រាជវង្ស​ចក្រី​របស់​ថៃ​»
11, Feb 2019 , 3:41 pm        
រូបភាព
រូបភាព៖ Patricklepetit
រូបភាព៖ Patricklepetit
ដោយ:
«​រាជវង្ស​ចក្រី​» របស់​ថៃ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៧៨២ ដោយ​ស្តេច​រាមា​ទីមួយ (១៧៣២-១៨០៩) Phra Phutthayotfa Chulalok ដែលមាន​គោរមងារ​ថា ចៅ​ប្រា​យ៉ា​ចក្រី (​ប្រែ​ថា​មេបញ្ជាការ​យោធា​ប្រចាំ​តំបន់ ចៅ​ប្រា​យ៉ា​)​។ ក្នុង​រជ្ជកាលរ​របស់​ក្សត្រ​អង្គ​នេះ ទ្រង់​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការតស៊ូ​ប្រឆាំងនឹង​កងទ័ព​ភូមា​ដែល​បាន​ឈ្លានពាន​ថៃ​ក្នុងសម័យ​នោះ​។

​មុន​ការកកើត​នៃ​រាជវ​ង្ស​ចក្រី មហាក្សត្រ​ថៃ​ភាគច្រើន​បាន​អនុវត្ត​គោលនយោបាយ​ឯកោ​និយម និង​មិនសូវមាន​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​អឺរ៉ុប​ឡើយ​។ ប៉ុន្តែ​គ្រប់យ៉ាង​ប្រែប្រួល​នៅក្រោម​រាជ្យ​របស់​ស្តេច​រាមា​ទី​ពីរ Phraphutthaloetla Naphalai (១៧៦៧-១៨២៤)​។ គេ​ឃើញ​មានការ​ផ្លាស់ប្តូរ​ថ្មី​មួយ ដោយ​ថៃ​បាន​បង្កើត​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​បរទេសអឺរ៉ុប​នៅ​ចុងបញ្ចប់​នៃ​សង្គ្រាម​ណាប៉ូឡេអុង (១៨០៣-១៨១៥)​។ តួយ៉ាង កិច្ចព្រមព្រៀង​សំខាន់​មួយចំនួន ត្រូវបាន​បង្កើតឡើងរ​វាង​ថៃ​ជាមួយ​ព័រ​ទុយ​ហ្គា​ល់​ក្នុង​ឆ្នាំ ១៨១៨​។ មួយវិញទៀត​គឺ​វត្តមាន​របស់​ក្រុមហ៊ុន​អង់គ្លេស ឈ្មោះថា East India Company ចូលមក​កាន់​ទីក្រុង​បាងកក​ក្នុង​ឆ្នាំ​១៨២២​។ ត​មកដល់​រាជ្យ​របស់​ស្តេច​រាមា​ទី​បី Phranangklao (១៧៨៨-១៨៥១) ទ្រង់​បាន​ព្យាយាម​ទប់ទល់​ទៅនឹង​ឥទ្ធិពល​របស់​អឺរ៉ុប​ដែល​បាន​កើនឡើង​ដោយ​ការធ្វើ​ពាណិជ្ជកម្ម​។  
 
​យោងតាម​វេ​ប​សាយ britannica.com  គោល​គំនិត​ប្រពៃណី​នៃ​របបរាជានិយម ដែល​ត្រូវ​បានលើកឡើង​ដោយ ក្សត្រ​បី​អង្គ​ដំបូង​នៃ​រាជវង្ស​ចក្រី​ពុំ​សូវ​មាន​ឥទ្ធិពល​ខ្លាំង​ឡើយ​លើ​ប្រព័ន្ធ​ដឹកនាំ​ថៃ​។ មូលហេតុ​នោះ​គឺ​ដោយសារតែ​ការកើនឡើង ឥទ្ធិពល​និង​អំណាច​របស់​អឺរ៉ុប​កាន់តែខ្លាំង​ទៅលើ​ប្រទេស​នេះ​។ យ៉ាងណាមិញ ស្តេច មោង​ឃុ​ត (Mongkut) រាមា​ទី​បួន (១៨០៤-១៨៦៨) បាន​កែប្រែ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ថៃ​ដើម្បី​សម្រប​ទៅនឹង​ឥទ្ធិពល​អឺរ៉ុប​។ ជា​លទ្ធផល​ទ្រង់​ត្រូវបាន​បង្ខំ​ឲ្យ​បោះបង់​ឯករាជភាព​ផ្នែក​សារពើពន្ធ ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី​ប្រជាជាតិ​របស់​ទ្រង់​ត្រូវបាន​ជួយសង្គ្រោះ​ពី​ការឈ្លានពាន​និង​គ្រប់គ្រង​របស់​អឺរ៉ុប​។​
 
​គោលនយោបាយ​របស់​ស្តេច មោង​ឃុ​ត ត្រូវបាន​អនុវត្ត​និង​អភិវឌ្ឍ​បន្ត​ដោយ​បុត្រ​របស់​ទ្រង់​គឺ ស្តេច ជូឡាឡុងកន (Chulalongkorn) ឬ​រាមា​ទី​ប្រាំ (១៨៥៣-១៩១០)​។ ស្តេច​ទាំងពីរ​អង្គ​នេះ បាន​ប្រឹងប្រែង​ជាខ្លាំង​ក្នុងការ​ធ្វើ​ទំនើបកម្ម​ប្រទេស​ថៃ ដោយ​ប្រើប្រាស់​ជំនួយ​ពី​អឺរ៉ុប​។ ជាក់ស្តែង​កំណែទម្រង់​របស់​ស្តេច មោង​ឃុ​ត និង​ស្តេច ជូឡាឡុងកន ជាមួយនឹង​តម្រូវការ​របស់​ចក្រភព​អង់គ្លេស​និង​បារាំង​សម្រាប់​រដ្ឋ​ទ្រនាប់​រវាង​ដែន​អាណានិគម​របស់​ពួកគេ បានធ្វើ​ឲ្យ​ថៃ​ក្លាយជា​ប្រទេស​តែមួយគត់​ក្នុងចំណោម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែល​គេច​ផុតពី​នឹម​អាណានិគម​របស់​អឺរ៉ុប​។​
 
​ឈាន​មកដល់​រជ្ជកាល​របស់​ស្តេច​រាមា​ទី ៦ Vajiravudh (១៩៨១-១៩២៥) ស្តេច​អង្គ​នេះ​បាន​ផ្តោត​សំខាន់​លើ​ការធ្វើ​កំណែទម្រង់សង្គម​។ ទ្រង់​បាន​ចរចា​លើ​សន្ធិសញ្ញា​ជាច្រើន​ជាមួយ​អឺរ៉ុប​ក្នុង​គោលដៅ​ទាមទារ​ភាព​ស្វយ័ត​ពេញលេញ​ផ្នែក​សារពើពន្ធ​ទៅ​ឲ្យ​ប្រទេស​ថៃ​វិញ​។ ក្នុង​ឆ្នាំ​១៩១៧ ស្តេច Vajiravudh បាន​បង្កើត​សកលវិទ្យា​ល័យ​ជូឡាឡុងកន និង​បាន​ពង្រឹង​វិស័យ​អប់រំ​នៅ​ថៃ​ចាប់តាំងពី​ថ្នាក់បឋមសិក្សា​មក​។ រីឯ​ស្តេច​រាមា​ទី​៧ Prajadhipok (១៨៩៣-១៩៤១) គឺជា​ក្សត្រ​ចុងក្រោយបង្អស់​នៃ​របបរាជានិយម​ផ្តាច់ការ​ថៃ​។ ក្រោយពី​ឡើង​សោយរាជ្យ ទ្រង់​បាន​ព្យាយាម​ធ្វើកំណែទម្រង់​នយោបាយ​ឆ្ពោះទៅរក​របប​ដឹកនាំ​បែប​ប្រជាធិបតេយ្យ ប៉ុន្តែ​ទ្រង់​បាន​បរាជ័យ​ក្នុងការ​ផ្សព្វផ្សាយ​គោលនយោបាយ និង​ពុំ​ត្រូវបាន​គាំទ្រ​ពី​ក្រុម​អ្នកចេះដឹង​ថៃ​។ ក្រោយមក នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​១៩៣២ បដិវត្តន៍​ឥត​បង្ហូរឈាម​មួយ​បាន​ផ្ទុះឡើង ដោយបាន​បញ្ចប់​រាជានិយម​ផ្តាច់ការ និង​បាន​បង្កើត​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ​ជា​ផ្លូវការ​។ រដ្ឋធម្មនុញ​ថៃ​ត្រូវបាន​ប្រសូត្រ​ឡើង​នៅពេលនោះ​។ ចាប់ពី​ឆ្នាំ​១៩៣៣ រដ្ឋាភិបាល​ថៃ​ជំនាន់​នោះ​ត្រូវបាន​ដឹកនាំ​ដោយ​ក្រុម​យោធា គឺ​រហូតដល់​ស្តេច Prajadhipok បានសម្រេច​ដាក់រាជ្យ​ក្នុង​ឆ្នាំ​១៩៣៥​។ 
 
​ចំណែក​ស្តេច​រាមា​ទី​៨ Ananda Mahidol (១៩២៥-១៩៤៦) បាន​ធ្វើជា​សម្ព័ន្ធមិត្ត​ជាមួយ​ជប៉ុន និង​អំឡុង​សង្គ្រាមលោកលើកទីពីរ​ទ្រង់​បានប្រកាស​សង្គ្រាម​ជាមួយ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។ ជា​អកុសល​ក្នុង​ខែមិថុនា ឆ្នាំ​១៩៤៦ ស្តេច​អង្គ​នេះ​សោយ​ទីវ​ង្គ​ត​យ៉ាង​អាថ៌កំបាំង ហើយ​ព្រះអនុជ​របស់​ទ្រង់ គឺ​ស្តេច​រាមា​ទី​៩ Bhumibol Adulyadej (១៩២៧-២០១៦) បាន​ឡើង​គ្រងរាជ្យ​បន្ត​។ ទោះបីជា​ប្រើប្រាស់​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ​ក្តី ស្តេច​អង្គ​នេះ​មាន​ឥទ្ធិពល​ខ្លាំង​អនេក​លើ​សង្គម​និង​នយោបាយ​ថៃ​។ អំឡុង​រជ្ជកាល​៧០​ឆ្នាំ​របស់​ស្តេច Bhumibol Adulyadej ទ្រង់​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ថៃ​។ 
 
​មួយវិញទៀត ខណៈ​រដ្ឋាភិបាល​ថៃ​បាន​ផ្លាស់ប្តូរ​ការដឹកនាំ​ជា​ញឹកញាប់ រវាង​ក្រុម​យោធា និង​ស៊ីវិល​ក្តី ព្រះរាជ​សកម្ម​ភាពជា​សាធារណៈ​របស់​ទ្រង់​មួយចំនួន ត្រូវបាន​មើលឃើញថា ជា​កត្តា​ចម្បង​ក្នុងការ​រក្សា​ភាពស្របច្បាប់​នៃ​អំណាច​ស្តេច​ក្នុង​នយោបាយ​ថៃ​។ ប្រសិនបើ​មើលឃើញ​ស្ថានភាព​នយោបាយ​មាន​ភាព​តានតឹង​ខ្លាំង ទ្រង់​តែងតែ​លូកដៃ​នៅក្នុង​រឿង​នោះ​ដើម្បី​ដោះស្រាយ ឬ​បញ្ចៀស​កុំ​ឲ្យ​ធ្លាក់​ចូលក្នុង​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​។ ជា​ឧទាហរណ៍ ក្នុង​ឆ្នាំ​១៩៧៣ នៅពេល​មាន​បាតុកម្ម​ប្រឆាំង​ទៅនឹង​ភាព​ផ្តាច់ការ​របស់​ឧ​ត្ត​ម​សេនីយ៍ Thanom Kittikachorn និង​ឧ​ត្ត​ម​សេនីយ៍ Praphas Charusathien ហើយ​ក្រុមបាតុករ​ទាំងនោះ​ត្រូវបាន​បង្ក្រាប​យ៉ាង​ឃោរឃៅ​ពី​សំណាក់​ក្រុម​យោធា ដែល​បាន​បង្ក​ឲ្យ​អ្នក​តវ៉ា​ជាច្រើន​នាក់​បាន​ស្លាប់​។ ដោយ​ឃើញ​ស្ថានភាព​កាន់តែ​ដុនដាប ស្តេច Bhumibol បាន​លូកដៃ​ក្នុង​រឿងនេះ​ដោយ​បញ្ចុះបញ្ចូល​ឲ្យ​មេទ័ព​ផ្តាច់ការ​ទាំងនោះ​បោះបង់​អំណាច​របស់​ពួកគេ​។ 
 
​ដូចគ្នា​ដែរ ក្នុង​ឆ្នាំ ១៩៩២ រដ្ឋាភិបាល​ស៊ីវិល​ថៃ​ត្រូវបាន​ទម្លាក់​ដោយ​រដ្ឋប្រហារ​រ​បស់​ក្រុម​យោធា ហើយ​មេទ័ព​ថៃ ឧ​ត្ត​ម​សេនីយ៍ Suchinda Kraprayoon បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​។ ក្រោយ​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី បាតុកម្ម​យ៉ាង​ធំ​បាន​ផ្ទុះឡើង ហើយ​ក្រុម​យោធា​បាន​ចេញទៅ​ប​ង្គ្រា​ប​ដោយ​ហិង្សា​ជាថ្មី​។ ស្តេច​រាមា​ទី​៩ បានចេញ​មុខ​អន្តរាគមន៍ ដោយ​កោះហៅ​ឧ​ត្ត​ម​សេនីយ៍ Suchinda និង​មេដឹកនាំ​បក្សប្រឆាំង Chamlong Srimuang  ជួបគ្នា​។ កាលនោះ ស្តេច  Bhumibol បានស្នើ​សុំ​ឲ្យ​បញ្ចប់​អំពើហិង្សា​។ ចុងក្រោយ ឧ​ត្ត​ម​សេនីយ៍ Suchinda បាន​លាលែង​ពី​តំណែង ហើយ​រដ្ឋាភិបាល ស៊ីវិល​ថ្មី​ត្រូវបាន​បង្កើតឡើង​សារជាថ្មី​ទៀត​។​
 
​ក្រោយ​ការ​សោយ​ទីវ​ង្គ​តរបស់​ព្រះ​ចៅ Bhumibol ក្នុង​ឆ្នាំ ២០១៦ ព្រះ​ចៅ Maha vajiralongkorn ដែលជា​ស្តេច​រាមា​ទី ១០​នៃ​រាជវង្ស​ចក្រី​ដែល​នោះ បាន​ឡើង​គ្រងរាជ្យ​បន្ត​។ ពិធី​រាជា​ពិ​សេក​ជា​ផ្លូវការ​របស់​ទ្រង់​នឹងត្រូវ​រៀបចំឡើង​នៅក្នុង​ខែឧសភា​ខាងមុខនេះ​។ ថ្វីបើ​ទ្រង់​មិនសូវមាន​ប្រជាប្រិយ​ភាពខ្លាំង​ដូច​បិតា​ទ្រង់​ក៏ដោយ គេ​រំពឹងថា ទ្រង់​អាច​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្រួបបង្រួម​ជាតិ​ថៃ​ដែល​កំពុង​ប្រេះឆា​ដោយសារ​និន្នាការ​នយោបាយ​៕
 

Tag:
 ថៃ​
  រាជវង្ស​ចក្រី​
© រក្សាសិទ្ធិដោយ thmeythmey.com