ជាតិ
សេដ្ឋកិច្ច
EU បើក​កិច្ចពិភាក្សា​ដែល​អាច​ឈានដល់​ព្យួរ​ប្រ័ព​ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​កម្ពុជា​
11, Feb 2019 , 8:16 pm        
រូបភាព
លោកស្រី Cecilia Malmstrom ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប។ រូបថត AFP
លោកស្រី Cecilia Malmstrom ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប។ រូបថត AFP
ដោយ: ថ្មីៗ
គណៈកម្មាធិការអឺរ៉ុប បាន​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២0១៩​នេះ ដើម្បី​ពិភាក្សា​ពី​ដំណើរការ​នៃ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដែល​ហៅ​ភាសា​អង់គ្លេស EBA (Everything but Arms ) ចេញពី​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​



​សេចក្តីប្រកាស​ព័ត៌មាន​នោះ បាន​បង្ហាញថា កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​អឺរ៉ុប អាច​នឹង​ឈានទៅដល់​ការសម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជា​បណ្តោះអាសន្ន ពី​កម្ពុជា​។ សេចក្តី​ប្រកាស​ព័ត៌មាន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA អាច​នឹងត្រូវ​លុបចេញ​ពី​ប្រទេស​ណា ដែល​បរាជ័យ​ក្នុង​ការគោរព​សិទ្ធិមនុស្ស​និង​សិទ្ធិ​នយោជិតកម្មករ»។

ក្នុង​រយៈពេល​១៨ខែ​កន្លងមក​នេះ សហភាព​អឺរ៉ុប សង្កេតឃើញថា កម្ពុជា មានការ​ធ្លាក់ចុះ​ខ្លាំង​នូវ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​។ នេះ​ជាស​ម្តី​របស់​អ្នកស្រី Federica Mogherini អនុប្រធាន​គណៈកម្មកា​រ​អឺរ៉ុប និងជាតំណាងជាន់ខ្ពស់ទទួលបន្ទុក​កិច្ចការអន្តរជាតិ ដែល​ត្រូវបាន​ស្រង់​យកទៅ​សរសេរ​ក្នុង​សេចក្តីប្រកាស​ព័ត៌​មាន​ខាងលើ​។ 

យ៉ាងណាក៏ដោយ អ្នកស្រី បានសរសើរថា ក្នុងរយៈពេលចុងក្រោយនេះ អាជ្ញាធរ​កម្ពុជា បានធ្វើ​រឿង​វិជ្ជមាន​មួយចំនួន ដូចជា ការដោះលែង​អ្នកនយោបាយ សកម្មជន​សង្គម​ស៊ីវិល និង​អ្នកកាសែត​ ជាដើម។ លើសពីនេះ អ្នកស្រី បាន​អះអាងថា សហភាព​អឺរ៉ុប នៅតែ​ប្តេជ្ញាចិត្ត​ធ្វើជា​ដៃគូ​ជាមួយ​កម្ពុជា ក្នុង​ការផ្តល់​ប្រយោជន៍​ឲ្យប្រជាជន​កម្ពុជា​។ ប៉ុន្តែ អ្នកស្រី សង្កត់ធ្ងន់ថា ​លទ្ធិប្រជាធិបតេយ្យ​ និង​សិ​ទិ្ធ​មនុស្ស​នៅ​កម្ពុជា គឺជា​បេះដូង​នៃ​ភាពជា​ដៃគូ​នេះ​។​

ជាមួយគ្នានេះ អ្នក​ស្រី Cecilia Malmstrom ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប បានលើក​ឡើងថា អឺរ៉ុបពិតជាចង់ធ្វើជាទីផ្សារបើក​ចំហរ​សម្រាប់​ប្រទេសកំពុងអភិវឌ្ឍន៍ ហើយ​អ្នក​ជឿ​ថា រដ្ឋាភិបាល​កម្ពុជានឹង​ដោះ​ស្រាយ​បញ្ហា​អវិជ្ជមាន​ដើម្បី​បន្តទទួល​បានសិទ្ធិពិសេសរបស់ខ្លួននៅទីផ្សារអឺរ៉ុប។

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា សេចក្តីសម្រេចពីកិច្ចពិភាក្សានេះ នឹងត្រូវផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ។

ជាការ​ពិត កិច្ចពិភាក្សា​នេះ គឺជា​នីតិវិធី​ទៅមុខ​បន្តិច​ម្តងៗ នៃ​ការ​ឈានទៅ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​កម្ពុជា ប៉ុន្តែ ក្នុងដំណាក់កាល​នេះ សហភាព​អឺរ៉ុប មិនទាន់​អាចឈាន​ទៅដល់​ការសម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះទេ ពីព្រោះថា នីតិវិធី ដែល​ត្រូវ​សម្រេច​ថា​ព្យួរ​ឬ​មិន​ព្យួរ គឺមាន​រយៈពេល​ដល់​ទៅមួយ​ឆ្នាំ​ឯណោះ ហើយ​មកដល់ពេលនេះ នីតិវិធី​នេះ ទើបតែ​បាន​ជិត​កន្លះ​ឆ្នាំ​ទេ​។ សហភាព​អឺរ៉ុប បានប្រកាស​ពី​ដំណើរការ​នៃ​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅកម្ពុជា ចាប់តាំងពី​ដើមខែ​តុលា ឆ្នាំ​២0១៨​មក​៕


 

Tag:
 EBA
© រក្សាសិទ្ធិដោយ thmeythmey.com