កីឡាជាតិ
ជាតិ
ប្រដាល់សកល​កម្ពុជា​នឹង​ទៅ​ហាត់​នៅ​ជប៉ុន ដើម្បី​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
12, Feb 2019 , 2:48 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​ចុះ​អនុសារណៈ​យោគយល់​គ្នា​(MOU) ជាមួយ​ក្លិប​ប្រដាល់សកល​ដ៏​ធំ​របស់​ជប៉ុន Motohashi Boxing Gym​។ តាមរយៈ MOU រយៈ​៥​ឆ្នាំនេះ ភាគី​កម្ពុជា​អាច​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ជប៉ុន ឬ​ហៅ​កីឡាករ​ខ្លាំងៗ​របស់​ជប៉ុន​មក​ចែករំលែក​បទពិសោធ​និង​ហ្វឹកហាត់​រួមគ្នា​នៅ​កម្ពុជា​។ ទាំង​ភាគី​កម្ពុជា និង​ជប៉ុន​សុទ្ធតែ​ជឿជាក់ថា MOU នេះ នឹង​ជួយ​ជំរុញ​ឲ្យ​វិស័យ​កីឡា​ប្រដាល់សកល​កម្ពុជា​កាន់តែ​រីកចម្រើន​។​

 
​ចាប់ពី​ឆ្នាំ​២០១៩​នេះ​តទៅ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​អាច​បញ្ជូន​កីឡាករ​កីឡាការិនី​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ជប៉ុន ដើម្បី​ត្រៀម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​ជាតិ​និង​អន្តរជាតិ​នានា ពិសេស​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​កម្ពុជា​។ សិទ្ធិ​បញ្ជូន​កីឡាករ​ទៅ​ជប៉ុន​នេះ បន្ទាប់ពី​សហព័ន្ធ​បាន​ចុះ​អនុសារណៈ​យោគយល់​គ្នា​ជាមួយ​ក្លិប​ប្រដាល់សកល​ជប៉ុន Moyohashi Boxing Gym ដែលមាន​សុពលភាព​រយៈពេល​៥​ឆ្នាំ​។​


 
​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា លោក ឆឹង យ៉ៅ​យ៉េន ជឿជាក់ថា តាមរយៈ MOU នេះ នឹង​ជួយ​ជំរុញ​ឲ្យ​វិស័យ​កីឡា​ប្រដាល់សកល​កម្ពុជា​មានការ​រីកចម្រើន​កាន់តែខ្លាំង ព្រោះ​ជប៉ុន​ជា​ប្រទេស​សក្កា​នុព​ល​លើ​វិស័យ​កីឡា​។ លោក​ចាត់ទុក​ភាពជា​ដៃគូ​នេះ​ថា ជា​សញ្ញាណ​វិជ្ជមាន​មួយ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ពិសេស​ស៊ី​ហ្គេម​ឆ្នាំ​២០១៩​។ 
 
«​យើង​នឹងចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំ​២០១៩ ដែល​វា​ជា​ផែនការ​រយៈពេល​ខ្លី ដូច្នេះ​កិច្ចសហប្រតិបត្តិការ​នេះ វា​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​កម្ពុជា​។ ឆ្លងកាត់​ការចូលរួម​ស៊ី​ហ្គេម​មួយរយៈ​កន្លងមក យើង​តែងតែ​បញ្ជូន​កីឡាករ​ឲ្យ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន តែ​នៅតែ​មិនអាច​ទៅរួច​។ ហេតុនេះហើយ​ទើប​យើង​សម្រេច​ចុះ MOU ជាមួយ​ក្លិប​ជប៉ុន ដោយ​ជប៉ុន​ថា​នឹង​ផ្តល់​ឲ្យ​យើង​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​រយៈពេល​វែង ដើម្បី​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣»​។ នេះ​ជាការ​លើកឡើង​របស់លោក ឆឹង យ៉ៅ​យ៉េន​។​
 
​ក្រៅពី​ជួយ​ផ្នែក​បច្ចេកទេស​ហ្វឹកហាត់ ភាគី​ជប៉ុន ក៏បាន​ជួយ​ជា​ថវិកា​ក្នុងការ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្ភារ​ហ្វឹកហាត់​ដល់​ភាគី​កម្ពុជា​ផងដែរ​។ នេះ​ជាការ​អះអាង​របស់​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​។ ជាក់ស្តែង​ក្នុង​ថ្ងៃ​ចុះ MOU កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ភាគី​ជប៉ុន​បានផ្តល់​សម្ភារ​ហ្វឹកហាត់​មួយចំនួន និង​ថវិកា​ចំនួន​២​ពាន់​ដុល្លារ ដើម្បី​យកទៅ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីលាន​ហ្វឹកហាត់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។​


 
​លោក Motohashi Yukiharu ប្រធាន​ក្លិប​ប្រដាល់សកល​ជប៉ុន Motohashi Boxing Gym បាន​បញ្ជាក់ថា ការដែល​លោក​សម្រេច​ចុះ MOU ជាមួយ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ដោយសារ​ចង់​ជួយ​អភិវឌ្ឍន៍​វិស័យនេះ​ឲ្យ​កាន់តែ​រីកចម្រើន​នៅ​កម្ពុជា​។ ព្រោះ​លោក​ជឿជាក់ថា ការហ្វឹកហាត់​នៅ​ជប៉ុន ឬ​ហ្វឹកហាត់​នៅ​កម្ពុជា​ដោយមាន​ការចូលរួម​ពី​កីឡាករ​ជប៉ុន នឹង​ជួយ​ឲ្យ​កីឡាករ​កម្ពុ​ជាមាន​សម​ត្ថ​ភាពល្អប្រសើរ​ជាង​ការបញ្ជូន​ពួកគេ​ទៅ​ហ្វឹកហាត់​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។  
 
​ជាមួយ​ការសន្យា​ផ្តល់​បច្ចេកទេស​ហ្វឹកហាត់​ថ្មីៗ​ដល់​កីឡាករ​កម្ពុជា​ក្នុង​អភិវឌ្ឍន៍​សមត្ថភាព លោក Motohashi Yukiharu ជឿជាក់ថា តាមរយៈ MOU នេះ កម្ពុជា​នឹងមាន​ការរីកចម្រើន​ខ្លាំង រហូត​ឈានទៅ​ទទួលបាន​លទ្ធផល​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​កម្ពុជា​។ ទន្ទឹមនឹងនេះ លោក​ក៏មាន​គម្រោង​នាំយក​កីឡាករ​ល្អ​របស់​ជប៉ុន​មក​ចែករំលែក​បទពិសោធន៍ និង​ប្រកួត​មិត្តភាព​ដកស្រង់​បច្ចេកទេស​ជាមួយ​កីឡាករ​កម្ពុជា​ផងដែរ​។​
 
​ប្រធាន​ក្លិប​ប្រដាល់សកល​ជប៉ុន​រូបនេះ សង្កេតឃើញថា បច្ចុប្បន្ន​សម្ភារ​ហ្វឹកហាត់​នៅ​កម្ពុជា​មិន​ចោទ​ជា​បញ្ហា​ប៉ុន្មាន​នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​នៅ​ខ្វះ​បច្ចេកទេស​ក្នុងការ​ហ្វឹកហាត់​។ ជាមួយគ្នានេះ​លោក​សន្យាថា នឹង​ជួយផ្តល់​បច្ចេកទេស​ល្អៗ​ដល់​កីឡាករ​កម្ពុជា​។ លោក​អះអាងថា បើសិន​កីឡាករ​ខិតខំ​ហ្វឹកហាត់​ដោយ​អនុវត្តតាម​បច្ចេកទេស​ដែល​លោក​បានផ្តល់​ឲ្យ កម្ពុជា​នឹង​អាច​ដណ្តើម​មេដាយ​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ជាក់​ជាមិនខាន​ឡើយ​។     


 
​កង្វះ​ការចាប់អារម្មណ៍​ពី​មហាជន​និង​ស្ថានីយទូរទស្សន៍​ផ្សេងៗ​ក្នុងការ​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​ប្រចាំ​សប្តាហ៍​ឬ​ខែ​ត្រូវបាន​លោក ឆឹង យ៉ៅ​យ៉េន ចាត់ទុកជា​បញ្ហា​ប្រឈម​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡាប្រដាល់​សកល​នៅ​កម្ពុជា​។ លោក​បន្ថែមថា បញ្ហា​នេះហើយ ដែល​ជំរុញ​កីឡាករ​ឲ្យ​ងាក​ទៅ​ចាប់អារម្មណ៍​លើ​វិស័យ​កីឡាប្រដាល់​គុន ជាង​ប្រដាល់សកល​។ ព្រោះ​ប្រដាល់​គុន​ខ្មែរ​មានការ​ប្រកួត​រៀងរាល់​សប្តាហ៍​នៅតាម​ស្ថានីយទូរទស្សន៍ ដែល​អនុញ្ញាត​ឲ្យ​កីឡាករ​បានបង្ហាញ​សមត្ថភាព​ស្ទើរ​រាល់​សប្តាហ៍​។​
 
​ជាមួយគ្នានេះ លោក ឆឹង យ៉ៅ​យ៉េន បាន​ប្តេជ្ញា​ថា លោក​នឹង​ខិតខំ​រិះរក​វិធីសាស្ត្រ​ដើម្បី​អភិវឌ្ឍ​វិស័យ​ប្រដាល់សកល​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ពិសេស លោក នឹង​ស្វែងរក​ដៃគូ​សហការ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ឲ្យ​បាន​ច្រើន ដើម្បី​ទាក់ទាញ​ការចូលរួម​កាន់តែច្រើន​ពី​កីឡាករ និង​មហាជន​។ 
 
​នា​ពិធី​ចុះ​អនុសារណៈ​យោគយល់​គ្នា​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ធ្វើឡើង​ក្រោម​វត្តមាន​លោក ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​ជាមួយ​លោក Motohashi Yukiharu ប្រធាន​ក្លិប​ប្រដាល់​ជប៉ុន Motohashi Boxing Gym​។ ក្នុង​ពិធី​ចុះហត្ថលេខា​នេះ ក៏មាន​ការចូលរួម​ពី​តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ផងដែរ​៕    

Tag:
 ​ប្រដាល់សកល​
  ឆឹង យ៉ៅ​យ៉េន​
  Motohashi Yukiharu
© រក្សាសិទ្ធិដោយ thmeythmey.com