អន្តរជាតិ
តំណាង​បក្ស​ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ​ឯកភាព​លើ​កិច្ចព្រមព្រៀង​ថ្មី​ផ្តល់​លុយ​ត្រឹម ១,៤ ពាន់​លាន​សម្រាប់​សង់​ជញ្ជាំង​
12, Feb 2019 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សមាជិកសភា​អាមេរិក​បាន​បង្ហើប​ថា តំណាង​ក្រុម​ចរចា​បាន​ឯកភាព​លើ​កិច្ចព្រមព្រៀង​បឋម​មួយ​ហើយ​លើ​ការធានា​សន្តិសុខ​ព្រំដែន​ដែល​អាច​បញ្ចៀស​ការបិទ​រដ្ឋាភិបាល​សហព័ន្ធ​បាន​។ កិច្ចព្រមព្រៀង​នេះ​កំណត់​កញ្ចប់​ថវិកា​ត្រឹម​ជិត ១,៤​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ការសង់​ជញ្ជាំង​ព្រំដែន​។​


 
​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​លោក Richard Shelby បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្ងៃ​ចន្ទ​ទី ១១ ខែកុម្ភៈ​ថា កិច្ចព្រមព្រៀង​ជា​គោល​មួយ​សម្រាប់​ផ្តល់​ហិរញ្ញវត្ថុ​គាំទ្រ​កម្មវិធី​រក្សា​សន្តិសុខ​ព្រំដែន​ដល់​ចុងខែ កញ្ញា​នោះ ត្រូវបាន​ភាគី​ចរចា​ទទួលយក​ហើយ​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថ្វីបើ​សមាជិក​ព្រឹទ្ធសភា​រូបនេះ​បង្ហើប​ពី​ការឯកភាព​គ្នា​លើ​ចំណាត់ការ​គាំទ្រ​ការបង្កើន​សន្តិសុខ​ព្រំដែន និង​ឈានទៅ​បញ្ចៀស​ការបិទ​រដ្ឋាភិបាល​សហព័ន្ធ​ជាថ្មី​មែន វា​គ្មាន​ការផ្តល់​ថវិកា​ក្នុង​ទំហំ​ច្រើន​សម្រាប់​សង់​ជ​ញ្ជាំ​តាម​លោក ត្រាំ ទារ​ឡើយ​។​
 
 លោក ត្រាំ ទាមទារ​ថវិកា​ទំហំ ៥,៧ ពាន់​លាន​ដុល្លារ​សម្រាប់​សង់​ជញ្ជាំង​ព្រំដែន​ម៉ិ​ក​ស៊ិ​ក ប៉ុន្តែ​កិច្ចព្រមព្រៀង​ថ្មី​នេះ​ផ្តល់​ថវិកា​ត្រឹម ១,៣៧៥​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ 
 
​ពេល​សាក​សួរថា តើ​លោក ត្រាំ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​កញ្ចប់​លុយ​សន្តិសុខ​ព្រំដែន​នេះ​ឬទេ លោក Shelby បាន​បញ្ជាក់ថា តំណាង​ភាគី​ចរចា​បន្ត​ជជែក​ពិភាក្សា​ជាមួយ​តំណាង​សេត​វិមាន​រួចរាល់​ដែរ​។ សមាជិក​ព្រឹទ្ធ​រូបនេះ​មិន​និយាយ​ចំៗ​ថា ប្រធានាធិបតី​នឹង​គាំទ្រ​ចំណាត់ការ​នេះ​ឬ​អត់​ទេ ប៉ុន្តែ​លោក​គ្រាន់តែ​បញ្ជាក់ថា លោក​សង្ឃឹមថា លោក ត្រាំ នឹង​គាំទ្រ​កិច្ចព្រមព្រៀង​ថ្មី​នេះ​។ 
 
​ដោយឡែក តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ Nita Lowey ដែល​ស្ថិតក្នុង​ដំណើរការ​ចរចា​គ្នា​នេះដែរ​បានបញ្ជាក់​ស្រដៀង​គ្នា​ថា កិច្ចព្រមព្រៀង​មួយ​អាច​នឹងត្រូវ​សម្រេច​បានជា​ផ្លូវការ​ត្រឹម​ថ្ងៃ​ពុធ​ដែរ​។  
 
​តំណាង​ភាគី​ចរចា​ទាំង​អស់ចង់​ឲ្យ​មាន​បញ្ចប់​ការចរចា និង​បញ្ជូន​កិច្ចព្រមព្រៀង​ថ្មី​នេះ​ទៅកាន់​រដ្ឋសភា និង​ព្រឹទ្ធសភា​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​អនុម័ត មុននឹង​បន្ត​ដាក់ជូនទៅ​ប្រធានាធិបតី​ដើម្បី​ចុះហត្ថលេខា​ត្រឹម​ថ្ងៃ​សុក្រ​។ ប៉ុន្តែ​បើសិនជា​លោក ត្រាំ មិន​ចុះហត្ថលេខា​ទេ ការបិទ​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​ជាថ្មី​នឹង​កើតឡើង​ទៀត​មិន​ខាន​។ 
 
​សូមបញ្ជាក់ថា ក្រោយ​រដ្ឋាភិបាល​សហព័ន្ធ​ដោយ​ផ្នែក​ត្រូវ​បិទ​អស់​ជាង​មួយខែ នៅ​ចុង​ខែមករា​កន្លងទៅ​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ បាន​ឯកភាព​បើក​ដំណើរការ​រដ្ឋាភិបាល​ទាំ​ស្រុង​ឡើង​ក្នុង​រយៈពេល​បី​សប្តាហ៍​ដើម្បី​យក​ពេល​ចរចា​លើ​កញ្ចប់​ថវិកា​ផ្គត់ផ្គង់​លើ​ការរក្សាសន្តិសុខ​ព្រំដែន​។ ប្រធានាធិបតី​រូបនេះ​នៅតែ​ទាមទារ​ថវិកា​សម្រាប់​ការសាងសង់​ជញ្ជាំង​ព្រំដែន ខណៈដែល​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ព្រមាន​ជាមុន​ថា គ្មាន​លុយ​សម្រាប់​សង់​ជញ្ជាំង​ឡើយ​៕
 

Tag:
 អាមេរិក​
  ជញ្ជាំង​ម៉ិ​ក​ស៊ិ​ក​
  Richard Shelby
© រក្សាសិទ្ធិដោយ thmeythmey.com