ជាតិ
នាវាទ័ពជើងទឹកឥណ្ឌា គ្រោងនឹងចូលចតចុងខែមីនា នៅកំពង់ផែព្រះសីហនុ រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ
× លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានចូលជួបជាមួយលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្នើរសុំការចូលចតនាវាកងទ័ពជើងទឹកឥណ្ឌានៅចុងខែមីនា ឆ្នាំ២០១៩នេះ នៅកំពង់់ផែព្រះសីហនុ។ ការចូលចតនាវាទ័ពជើងទឹកឥណ្ឌា គោលបំណងដើម្បីផ្លាស់ប្ដូរបទពិសោធន៍រវាង កងទ័ពជើងទឹក និងកិច្ចសហប្រតិបតិ្តការងាររដ្ឋាភិបាលប្រទេសទាំងពីរ។ បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុបានចេញផ្សាយ។
រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានចូលជួបពិភាក្សា ការងារជាមួយអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១កុម្ភៈនេះ គឺដើម្បីស្វែងយល់ពីសក្ដានុពលខេត្តព្រះសីហនុ សំរាប់គោលដៅវិនិយោគទេសចរណ៍ និងស្នើរសុំការចូលចតនាវាទ័ពជើងទឹកឥណ្ឌានៅកំពង់ផែព្រះសីហនុ។ លោក យន្ត មីន បានបញ្ជាក់ថា កម្ពុជា និងឥណ្ឌា មានទំនាក់ទំនងល្អដូចបងប្អូននឹងគ្នាតាំងពីដើម។ លោក ក៏បានសំណូមពរដល់លោកស្រី អគ្គរដ្ឋទូតឥណ្ឌា ផ្សព្វផ្សាយដល់អ្នកវិនិយោគគិនឥណ្ឌា ឲ្យមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ។
លោកស្រីបានបញ្ជាក់ថា ឥណ្ឌា និងកម្ពុជាមានទំនាក់ទំនងល្អលើវិស័យសហប្រតិបតិ្តការអាស៊ាន គម្រោងអភិវឌ្ឍន៏មេគង់ និងវិស័យអប់រំ។ ប្រទេសឥណ្ឌាបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស១៥០នាក់ក្នុងឆ្នាំៗ ហើយឆ្នាំ២០១៩ថ្មីៗនេះ ២៩នាក់ទៀតលើវិស័យការពារជាតិ ផ្នែកកងទ័ពជើងទឹក លើបច្ចេកទេសដោះមីន និងយុទ្ធផណ័មិនទាន់ផ្ទុះជាដើម។ លោកស្រីអគ្គរដ្ឋទូតបានអះអាងថា នឹងជំរុញឲ្យភ្ញៀវទេសចរឥណ្ឌា និងអ្នកវិនិយោគ មើលឃើញពីគោលដៅសម្រាប់វិនិយោគទៅអនាគតនៅខេត្តព្រះសីហនុ។ យោងតាមរដ្ឋបាលខខេត្តព្រះសីហនុបានសរសេរបញ្ជាក់ឲ្យដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការ៕
តួរលេខភ្ញៀវទេសចរឥណ្ឌាមកកម្សាន្តខេត្តព្រះសីហនុមានការកើនឡើងពីឆ្នាំ២០១៧ទៅឆ្នាំ២១០៨។ អ្នកទេសចរឥណ្ឌាចំនួនជាង១ពាន់នាក់ក្នុងឆ្នាំ២០១៧ រីឯឆ្នាំ២០១៨មានចំនួនជាង២ពាន់នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com