ជាតិ
បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
EBA៖ ទូត​អឺរ៉ុប​ថា កម្ពុ​ជាមាន​ពេល​យ៉ាងហោចណាស់​២០​ខែ​ទៀត …
13, Feb 2019 , 8:36 am        
រូបភាព
៣​សំណួរ​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក ច​ច អេ​ដ​ហ្កា (George Edgar) បន្ទាប់ពី​គណៈកម្មការ​អឺរ៉ុប​ប្រកាស​ចាប់ផ្តើម​នីតិវិធី​នៃ​ការព្យួរ​ភាពអនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។ លោក​ឯកអគ្គរដ្ឋទូត​បាន​ពន្យល់​អំពី​ដំណើរការ​នៃ​ការអនុវត្ត​នីតិវិធី​ព្យួរ ឬ​មិន​ព្យួរ​ភាពអនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប និង​អះអាងថា​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​មិនបាន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នយោបាយ​ឡើយ​។​

 
​លោក លាង ដឺ​លុច​៖ ខ្ញុំ​ជឿជាក់ថា​លោក​ពិតជា​បានដឹងហើយថា ពលរដ្ឋ​កម្ពុជា​បាន​ជជែក​គ្នាច្រើន​ជាមួយនឹង​ការយល់ឃើញ​ផ្សេងៗ​គ្នា​អំពី​ការអនុវត្ត​នីតិវិធី​នៃ​ការព្យួរ​ភាពអនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​។ ខ្ញុំ​ចង់​ស្តាប់​ការពន្យល់​លំអិត​របស់លោក​ឯកអគ្គ​រដ្ឋទូត ថា​តើ​នីតិវិធី​នោះ​នឹង​ប្រព្រឹត្តទៅ​យ៉ាងដូចម្តេច​ពិតប្រាកដ​នោះ​?
 
​លោក ច​ច អេ​ដ​ហ្កា​៖ នីតិវិធី​ដែល​គណៈកម្មការ​អឺរ៉ុប​ប្រកាស​កាលពី​ម្សិលមិញ​[ថ្ងៃទី១១ ខែកុម្ភៈ]នឹង​ចាប់ផ្តើម​ដោយ​ដំណាក់កាល​៦​ខែ​ដំបូង​នៃ​ការត្រួតពិនិត្យ និង​ការវាយតម្លៃ​រួមគ្នា​រវាង​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​គណៈកម្មការ​អឺរ៉ុប​។ ដំណាក់កាល​នេះ នឹងត្រូវ​បន្ត​ដោយ​រយៈពេល​៦​ខែ​ទៀ​តនៃ​ការសរសេរ​របាយការណ៍​ស្តីអំពី​លទ្ធផល​នៃ​ការវាយតម្លៃ និង​ការសន្និដ្ឋាន​បញ្ចប់​នីតិវិធី​ដោយ​ការសម្រេច​ពី គណៈកម្មការ​មួយទៀត​។ រដ្ឋាភិបាល​កម្ពុជា​នឹងត្រូវ​បាន​អញ្ជើញ​ឲ្យ​ការពារ​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការវាយតម្លៃ​នោះ​។ គណៈកម្មការ​ទី​២​នេះ​អាចធ្វើ​សេចក្តីសម្រេចចិត្ត​ក្នុង​ដក​ភាពអនុគ្រោះ​ពន្ធ សម្រាប់​ទំនិញ​ទាំងអស់ (​បានន័យថា គឺ​តម្រូវ​ឲ្យ​បង់ពន្ធ​ឡើងវិញ​រាល់​ទំនិញ​ទាំងអស់ ដែល​នាំ​ចេញពី​កម្ពុជា​ចូលទៅ​ទីផ្សារ​អឺរ៉ុប​) ឬ​ដក​ភាពអនុគ្រោះ​ពន្ធ​សម្រាប់តែ​ទំនិញ​ខ្លះ ឬ​រក្សា​ភាពអនុគ្រោះ​ពន្ធ​ឲ្យ​នៅ​ដដែល​ទាំងអស់​។​
 
​ប្រសិនបើ​គណៈកម្មការ​សម្រេចចិត្ត​យកពន្ធ​ឡើងវិញ​លើ​រាល់​ទំនិញ​ទាំងអស់ និង​យកពន្ធ​លើ​ទំនិញ​ខ្លះ​ក៏ដោយ​នោះ គេ​ត្រូវការ​រយៈពេល​២​ខែ​ទៀត ដើម្បី​ឲ្យ​សភា​អឺរ៉ុប ឬ​សមាជិក​នៃ​សហភាព​អឺរ៉ុប​អាច​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​ទី​២​នេះ​។​
 
​ក្នុងករណី​ដែលមាន​ការជំទាស់​មែន​នោះ សេចក្តីសម្រេច​របស់​គ​ណៈ​កម្ម​ការ​ទី​២ នឹង​មិនអាច​ត្រូវអនុវត្ត​បានទេ​។ ប៉ុន្តែ​បើ​មិនមាន​ការជំទាស់ សេចក្តីសម្រេច​ស្តីពី​ការលើកលែង​ការអនុគ្រោះ​ពន្ធ​នោះ​នឹង​ចូល​ជា​ធរមាន ក្រោយពី​រយៈពេល​៦​ខែ​។ ដូច្នេះ​បើ​រាប់​ចាប់ពីពេលនេះ​ទៅ ក្នុងករណី​ដែលមាន​ការព្យួរ​ភាពអនុគ្រោះ​ពន្ធ​មែន​នោះ កម្ពុជា​នៅមាន​ពេល​យ៉ាងហោចណាស់​១៨​ខែ ឬ​អាច​២០​ខែ​ទៀត​ឯណោះ​។​

​លោក លាង ដឺ​លុច​៖ នៅក្នុង​ដំណាក់កាល​នៃ​ចាប់ផ្តើម​នីតិវិធី​នេះ តើ​លោក​មាន​តួនាទី​អ្វីខ្លះ​ដែរ​នៅក្នុង​សំណុំ​រឿងនេះ​?
 
​លោក ច​ច អេ​ដ​ហ្កា​៖ តួនាទី​ខ្ញុំ​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​នៅពេលនេះ ម្យ៉ាង​គឺ​ដើម្បី​ធានាថា គណៈកម្មការ​អឺរ៉ុប និង ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ពិតជា​បានទទួល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ស្តីអំពី​ការអភិវឌ្ឍ​នៅ​កម្ពុជា និង​ម្យ៉ាងទៀត​គឺ​ដើម្បី​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​កម្ពុជា និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​នៅ​កម្ពុជា និង​ដើម្បី​ផ្សព្វផ្សាយ​អំពី​គំនិត និង​កង្វល់​របស់​សហ​ភាព​អឺរ៉ុប និង​ដើម្បី​យល់​អំពី​ជំហរ​របស់​ភាគី​កម្ពុជា​។​
 
​លោក លាង ដឺ​លុច​៖ មានមតិ​មហាជន​ខ្លះ​រិះគន់ថា សេចក្តីសម្រេចចិត្ត​រប​ស់​គណៈកម្មការ​អឺរ៉ុប ត្រូវបាន​ធ្វើឡើង​ក្រោម​មូលហេតុ​នយោបាយ​។ តើ​លោក​ឆ្លើយតប​យ៉ាងដូចម្តេច​វិញ​?

​លោក ច​ច អេ​ដ​ហ្កា​៖ សេចក្តីសម្រេច​របស់​គ​ណៈ​កម្ម​ការ​អឺរ៉ុប​ត្រូវបាន​ធ្វើឡើង​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ក្តីបារម្ភ​ចំពោះ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ជាពិសេស​ក្នុង​រយៈពេល​១៨​ខែ​ចុង​ក្រោយនេះ ដែល​ពាក់ព័ន្ធ​ដល់​ការអំពាវនាវ​ឲ្យ​កម្ពុជា​គោរព​ស្នូល​នៃ​សិទ្ធមនុស្ស​អន្តរជាតិ និង​សន្ធិសញ្ញា​នៃ​សិទ្ធិ​ការងារ​។ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​អន្តរជាតិ​ទាំងនេះ ដែល​វា​ជា​ផ្នែក​នៃ​លក្ខខណ្ឌ​ទាំងឡាយ ដែល​ប្រទេស​នានា​ដែល​ទទួលបាន​ប្រយោជន៍​ពី EBA ត្រូវអនុវត្ត​។ សេចក្តីសម្រេច​របស់​គ​ណៈ​កម្ម​ការ​អឺរ៉ុប​មិនត្រូវ​បានធ្វើ​ឡើង​ក្រោម​មូលហេតុ​នយោបាយ​បាយ​នោះឡើយ​។
សហភាព​អឺរ៉ុប​មិន​ធ្វើការ​ក្នុងនាម​ក្រុម​នយោបាយ​កម្ពុជា​ណាមួយ ឬ​គាំទ្រ​ក្រុម​ណាមួយ​ដើម្បី​ប្រឆាំង​ក្រុម​មួយទៀត​នោះឡើយ​។ តែសហភាពអឺរ៉ុប​ធ្វើការ​ដើម្បី​ឲ្យប្រជាជនកម្ពុជា​ជ្រើសរើស​រវាង​គណបក្ស​នយោបាយ និង​កម្មវិធីនយោបាយ៕

Tag:
 EBA
  Goerge Edgar
  EU
© រក្សាសិទ្ធិដោយ thmeythmey.com