ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់បានដឹងអំពីអត្ថប្រយោជន៍នៃការទទួលទានផ្លែត្របែកចំពោះសុខភាពរួចមកហើយ ប៉ុន្តែប្រហែលជាមិនធ្លាប់លឺទេថា ស្លឹកត្របែក ក៏មានផ្ទុកសារធាតុចិញ្ចឹម និងវីតាមីនសំខាន់ៗដែលជួយទប់ស្កាត់ និងព្យាបាលបញ្ហាសុខភាពមួយចំនួនបាន។
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃស្លឹកត្របែក រួមទាំងរបៀបឆុងតែស្លឹកត្របែក ៖
– របៀបឆុងតែស្លឹកត្របែក
អ្វីដែលអ្នកត្រូវការ គឺ ស្លឹកត្របែកស្រស់ ៦ ស្លឹក, ទឹកធម្មតា ១ លីត្រ និងទឹកឃ្មុំ។
អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវលាងសម្អាតស្លឹកត្របែកឱ្យស្អាតសព្វជាមុនសិន។ បន្ទាប់មកដាក់ដាំស្លឹកត្របែកក្នុងទឹករហូតដល់ពុះ។ ក្រោយពីពុះប្រហែល ១០ នាទី សឹមត្រងយកស្លឹកត្របែកចេញ។ បន្ថែមទឹកឃ្មុំចូលដើម្បីបន្ថែមរសជាតិក្នុងតែស្លឹកត្របែកជាការស្រេច។ ទទួលទានឱ្យទាន់នៅក្ដៅឧណ្ហៗ។
១. បញ្ចុះកូឡេស្តេរ៉ូលមិនល្អ
តែស្លឹកត្របែកមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងការរលាកដែលជួយកម្ចាត់ និងបញ្ចុះកូឡេស្តេរ៉ូលមិនឱ្យប្រមូលផ្ដុំនៅក្នុងសរសៃឈាម។ ដូច្នេះអ្នកនឹងអាចជៀសផុតពីហានិភ័យនៃជំងឺបេះដូង។
២. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
អ្នកអាចជៀសផុតពីហានិភ័យនៃជំងឺមហារីកដោយគ្រាន់តែទទួលទានតែស្លឹកត្របែកឱ្យបានទៀងទាត់។ នោះក៏ព្រោះតែស្លឹកត្របែកមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់ភាពការផ្លាស់ប្ដូរមិនប្រក្រតីនៃកោសិកាដែលជាកត្តាបង្កជំងឺមហារីក។ ស្លឹកត្របែកក៏មានប្រសិទ្ធិភាពទប់ទល់នឹងការរលាករ៉ាំរ៉ៃដែលអាចបណ្តាលឱ្យកើតជំងឺមហារីកផងដែរ។
៣. ព្យាបាលជំងឺរាគ
មួយក្នុងចំណោមមូលហេតុផ្សេងៗទៀតដែលបង្កជំងឺរាគ គឺការទទួលទានអាហារមិនស្អាតមានផ្ទុកមេរោគបាក់តេរី។ ស្លឹកត្របែក ជាប្រភពដ៏ប្រសើរនៃសារធាតុដែលជួយកម្ចាត់បាក់តេរីមិនល្អ ដូច្នេះហើយទើបការទទួលទានតែស្លឹកត្របែកអាចព្យាបាលជំងឺរាគបានយ៉ាងប្រសើរ។
៤. ព្យាបាលអាការៈហើមអញ្ចាញធ្មេញ
គ្រាន់តែទំពារស្លឹកត្របែកខ្ចីមួយចំនួនក្នុងមាត់ ក៏អាចជួយព្យាបាលអាការៈហើម និងហូរឈាមអញ្ចាញបានយ៉ាងប្រសើរ។ នោះក៏ព្រោះតែស្លឹកត្របែកមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលល្អសម្រាប់ដោះស្រាយបញ្ហាសុខភាពមាត់ធ្មេញ។
៥. គ្រប់គ្រងជំងឺទឹកនោមផ្អែម
តែស្លឹកត្របែក ជាភេសជ្ជៈធម្មជាតិមួយប្រភេទដែលជួយទប់ស្កាត់ និងព្យាបាលជំងឺទឹកនោមផ្អែមបានគួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែសមាសធាតុនៅក្នុងតែស្លឹកត្របែកជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមក្រោយទទួលទានអាហារ ដោយរារាំងការស្រូបយកជាតិស្ករ ២ ប្រភេទ គឺ sucrose និង maltose។ តែស្លឹកត្របែកក៏ជួយទប់ស្កាត់អង់ស៊ីមផ្សេងៗដែលបម្លែងកាបូអ៊ីដ្រាតនៅក្នុងបំពង់រំលាយអាហារទៅជាជាតិស្ករគ្លុយកូសផងដែរ។ ហេតុនេះហើយទើបការទទួលទានតែស្លឹកត្របែកមានប្រយោជន៍ណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម ក៏ដូចជាអ្នកដែលកំពុងប្រឈមមុខខ្ពស់នឹងជំងឺនេះ៕
ត្រួតពិនិត្យដោយ www.health.com.kh