កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Man Utd ចាញ់ PSG ២-០ ហើយ Pogba កាត​ក្រហម​ទៀត​
13, Feb 2019 , 10:16 am        
រូបភាព
Presnel Kimpembe ខ្សែការពារ PSG អបអរគ្រាប់បាល់ក្រោយស៊ុតបញ្ចូលទី។ រូបភាពពីទំព័រផ្លូវការ UEFA Champions League
Presnel Kimpembe ខ្សែការពារ PSG អបអរគ្រាប់បាល់ក្រោយស៊ុតបញ្ចូលទី។ រូបភាពពីទំព័រផ្លូវការ UEFA Champions League
Manchester United បាន​រង​បរាជ័យ​ក្នុង​ដី​ខ្លួនឯង​ក្រោម​ថ្វី​ជើង​ក្រុម Paris Saint-Germain ក្នុង​លទ្ធផល ២-០ នា​ជំនួប​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ ពានរង្វាន់ UEFA Champions League នៅ​រាត្រី​ថ្ងៃទី​១២ ខែកុម្ភៈ ខណៈ Paul Pogba ទទួល​កាត​ក្រហម​ថែមទៀត​។​


 
​នា​ការប្រកួត​ក្នុង​កីឡដ្ឋាន Old Trafford ក្រុម​ទាំងពីរ​បាន​សម្រុក​គ្នា​ទៅវិញទៅមក ប៉ុន្តែ​មិនមាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​ឡើយ នៅក្នុង​តង់​ទី​១ ។ ឈាន​មកដល់​តង់​ទី​២ ក្រុម​ភ្ញៀវ PSG បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ដោយ​អាច​រក​គ្រាប់​បាល់​ចំនួន​២​គ្រាប់ ដែល​សម្រេច​ទី​បាន​ដោយ​ខ្សែការពារ Presnel Kimpembe នៅ​នាទី​៥៣ និង​ខ្សែប្រយុទ្ធ​ឆ្នើម Kylian Mbappe នៅ​៧​នាទី​បន្ទាប់ ។ គ្រាប់​បាល់​ទាំងពីរ​នេះ សុទ្ធតែ​ការបញ្ជូន​ចេញ (Assist) ពី​ជើង​ខ្សែបម្រើ Angel Di Maria ដែលជា​អតីត​កីឡាករ Man Utd ។​


 
​សម្រាប់​ក្រុម​បិសាច​ក្រហម​ដែល​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​លី​គ​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​បណ្តោះអាសន្ន Ole Gunnar Solskjaer នោះ ហាក់​ធ្វើ​មិន​បានល្អ​នៅក្នុង​ការប្រកួត​ក្របខណ្ឌ​កំពូល​អឺរ៉ុប ក្នុងជំនួប​ក្រុម​យក្ស​បារាំង​នេះឡើយ​។ Man Utd ស្ទើ​តែ​គ្មាន​ឱកាស​ស៊ុត​ទៅលើ​ក្រុម PSG ខណៈ​ម្ចាស់​ការពារ​ជើងឯក Ligue 1 នេះ​មានឱកាស​សម្រេច​ទី​ច្រើនលើក​ក្នុង​ជ័យជម្នះ ២-០ បើ​ទោះ​ពួកគេ​អវត្តមាន​កីឡាករ​សំខាន់ៗ​ដូចជា Neymar, Edinson Cavani និង​ខ្សែការពារ Thomas Meunier​។​


 
​ជា​រឿង​ធ្ងន់ធ្ងរ​សម្រាប់ Man Utd មួយទៀត​គឺ​ខ្សែបម្រើ​ឆ្នើម Paul Pogba ត្រូវបាន​អាជ្ញាកណ្តាល​សម្រេច​ផ្តល់​កាត​លឿង​ពីរដង ស្មើ​កាត​ក្រហម ដែល​ធ្វើ​ឲ្យ​សមាជិក​ក្រុម​ជម្រើសជាតិ​បារាំង​មួយ​នេះ​មិន​អាចជួយ​ក្រុម​ក្នុងជំនួប​ជើង​ទី​២​នៅ​ទឹកដី Le Parc des Princes ឡើយ​។​


 
​រីឯ​ជំនួប​មួយគូ​ទៀត ម្ចាស់ផ្ទះ AS Roma បាន​យកជ័យ​ជម្នះ​លើក​ក្រុម FC Porto ដោយ​លទ្ធផល ២-១ ក្នុងការ​ប្រកួត​ជើង​ទី​១​នេះ​។​
 
​ការប្រកួត​កាត់សេចក្តី​ជើង​ទី​២ វគ្គ​១៦​ក្រុម នឹងធ្វើ​ឡើង​នៅ​រាត្រី​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៩៕
 

Tag:
 បាល់ទាត់​
  UEFA Champions League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com