ជាតិ
សង្គមជាតិ
២០ឆ្នាំចុងក្រោយ បរទេសជិត២០០០នាក់បានសញ្ជាតិខ្មែរ ខណៈខ្មែរ១៣៥នាក់បោះបង់សញ្ជាតិ ថ្នាក់ដឹកនាំមហាផ្ទៃ ចូលរួមក្នុងសន្និបាត ប្រចាំឆ្នាំ
× ភ្នំពេញ៖ បើគិតចាប់តាំងពីឆ្នាំ១៩៩៩មក កម្ពុជាបានផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសជិត២០០០នាក់ ប៉ុន្តែស្របជាមួយគ្នានោះ ជនជាតិខ្មែរចំនួន១៣៥នាក់ បានលះបង់សញ្ជាតិខ្មែររបស់ខ្លួន។ នេះបើយោងតាមរបាយការណ៍ ស្តីពីលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ។
របាយការណ៍ដែលបង្ហាញកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ បានឲ្យដឹងថា នៅឆ្នាំ២០១៨ ក្រសួងមហាផ្ទៃបានពិនិត្យសំណើបរទេសសុំចូលសញ្ជាតិខ្មែរចំនួន២២នាក់ និងសំណើសុំលះបង់សញ្ជាតិខ្មែរចំនួន៦នាក់ (ស្រី៣នាក់)។ ក្នុងចំណោមបរទេសសុំចូលសញ្ជាតិខ្មែរ២២នាក់ មាន២០នាក់ (ស្រី៣នាក់) សុំចូលតាមលក្ខខណ្ឌវិនិយោគទុន និង២នាក់ តាមលក្ខខណ្ឌស្នាក់នៅកម្ពុជាចាប់ពី៧ឆ្នាំឡើងទៅ។
ក្រសួងមហាផ្ទៃបានបញ្ជាក់ជារួមថា គិតចាប់តាំងពីឆ្នាំ១៩៩៩ ជនបរទេសដែលទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មមាន១៩៣៩នាក់ ក្នុងនោះលក្ខខណ្ឌវិនិយោគទុនមាន១,៧០៧នាក់ (៣៩សញ្ជាតិ) អ្នកស្នាក់នៅចាប់ពី៧ឆ្នាំ មាន២២៤នាក់ (២២សញ្ជាតិ) និងស្នាដៃពិសេស ៤នាក់ (សញ្ជាតិ)។ បន្ថែមពីនេះ មាន៦៦នាក់ដែលមកពី២៩សញ្ជាតិ បានក្លាយជាខ្មែរតាមលក្ខខណ្ឌអាពាហ៍ពិពាហ៍។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ របាយការណ៍បានបង្ហាញឲ្យឃើញថា ជនជាតិខ្មែរដែលបានបោះបង់សញ្ជាតិខ្លួនឯងវិញ មាន ចំនួន១៣៥នាក់ផងដែរ បើគិតចាប់តាំងពីឆ្នាំ១៩៩៩មក៕
© រក្សាសិទ្ធិដោយ thmeythmey.com