ONE Championship
កីឡាជាតិ
ជាតិ
កីឡាការិនី​វាយ​ក្នុង​ទ្រុង ឯម សុ​វណ្ណា​រី ប្រាប់​របៀប​ប្រារព្ធ​ថ្ងៃ​នៃ​ក្តី​ស្រលាញ់​ឲ្យ​មានន័យ​
13, Feb 2019 , 7:19 pm        
រូបភាព
​អត្ថបទ​៖ Matias Andres
 
​កីឡាការិនី​វាយ​ក្នុង​ទ្រុង​ខ្មែរ​-​អាមេរិក ឯម សុ​វណ្ណា​រី បាន​បញ្ចេញថ្វីដៃ​ដ៏​អស្ចារ្យ​ក្នុងការ​ប្រកួត​កក្រើក​ឆាក​ជា​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS នៅ​សង្វៀន​ធំ ONE Championship កាលពីដើម​ខែធ្នូ ឆ្នាំមុន​។ មិន​ត្រឹមតែ​ទទួលជោគជ័យ​ខ្ពស់​ក្នុង​អាជីព​ប៉ុណ្ណោះ​ទេ តែ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​នាង អាចនិយាយបាន​ថា​មាន​សុភ​ម​ណ្គ​ល​ល្អ​ដូចគ្នា​ដែរ​។​

 
​អ្នកលេង​គុន​ចម្រុះ (MMA) ដែលមាន​រហស្សនាម «Sweet Savage» បានក្លាយ​ជានា​រី​ដ៏​រឹងមាំ និង​មាន​ទំនុកចិត្ត​ម្នាក់​ក៏ដោយ​សារ​មាន​មនុស្ស​ជាទី​ស្រលាញ់​របស់ខ្លួន​គឺ​លោក Daniele Bolelli ដែល​សព្វ​ថ្ងៃជា​អ្នកនិពន្ធ​មួយរូប​។​
 
​គូស្នេហ៍​មួយគូ​នេះ ចាប់ផ្តើម​មាន​ទំនាក់ទំនង​ជាមួយគ្នា​តាំងពី​ឆ្នាំ ២០១២​មកម្ល៉េះ ហើយ​បាន​ចែករំលែក​រឿងរ៉ាវ​ជាច្រើន​ហូ​ហែរ​ទៅវិញទៅមក ជាពិសេស​ខាង​ក្បាច់គុន និង​ចំណង់​ចំនូលចិត្ត​លើ​ម្ហូបអាហារ​។​


 
​ដោយសារ​ថ្ងៃ​នៃ​ក្តី​ស្រលាញ់​«Valentine’s Day» កាន់តែ​ខិតជិត​មកដល់​នោះ សុ​វណ្ណា​រី បាន​ចែករំលែក​គន្លឹះ​ល្អៗ​មួយចំនួន​សម្រាប់​គូស្នេហ៍​នានា​នៅ​ថ្ងៃ ១៤​កុម្ភៈ​។​
 
១. មិនបាច់​រៀប​គំរោង​ធំ​ពេក​ទេ​
 
​តាមពិត​មនុស្ស​គ្រប់គ្នា​តែងតែ​ចង់​ធ្វើ​រឿង​រំភើប​ខ្លាំង​មួយ​ដើម្បី​មនុស្ស​ដែល​យើង​ស្រលាញ់ ប៉ុន្តែ​ពេលខ្លះ​វា​ល្អ​ដែរ បើ​យើង​ចេះ​ធ្វើ​រឿង​សាមញ្ញៗ​។ ជំនួស​ពី​ការទិញ​របស់​ថ្លៃៗ​ជា​កាដូ សុ​វណ្ណា​រី ជាមួយ​សង្សា យក​ពេលនេះ​ទៅ​ប្រឡែង​គ្នា​លេង និង​នាំគ្នា​ធ្វើ​សកម្មភាព​ផ្សេងៗ​ដែល​ពួកគេ​ចូលចិត្ត​វិញ​។​
 
​នាង​រៀបរាប់​ពីថ្ងៃ​នៃ​ក្តី​ស្រលាញ់​រាល់​ឆ្នាំ​ថា​៖ «​ពីរ​នាក់​យើង​អត់​រៀប​គម្រោង​អី​ច្រើន​ទេ បើ​ស្តាប់ទៅ​ប្រហែល​ថា​ដូច​គ្មានអ្វី​សប្បាយ ប៉ុន្តែ​ចំពោះ​ពួក​ខ្ញុំ​គឺ​ធ្វើ​អ្វីៗ​រៀងៗ​ខ្លួន​។ ប្រហែល​យើង​ធ្វើ​ម្ហូប​ប្លែកៗ​ជាមួយគ្នា ឬក៏​រក​ស្នៀត​ថ្មី​វាយ​គ្នា​លេង​ដែរ អ៊ីចឹង​មានតែ​ពីរ​ទេ គឺ​ធ្វើ​ម្ហូប ឬក៏​វាយ​គ្នា​»​។​
 
២. រំលឹក​រឿងរ៉ាវ​ស្នេហា​ដំបូង មក​និយាយ​លើកទឹកចិត្ត​គ្នា​
 
​សុ​វណ្ណា​រី និង Daniele មុននឹង​មាន​ចំណង​ស្នេហ៍​ដល់ពេលនេះ គឺ​ចាប់ផ្តើម​ដោយ​គ្រាន់តែ​ជា​អ្នកជិតខាង​គ្នា រួច​ក៏បាន​ក្លាយ​មិត្តភក្តិ​ល្អ រហូត​បង្កើត​ទំនាក់ទំនង​ស្នេហា​ចេញពី​មិត្តភាព​។ 
 
​ចាប់តាំងពី​ផ្តើម​ស្នេហ៍​ដំបូង​មក ពួកគេ​បើក​ចិត្ត​ទូលាយ​ឲ្យ​គ្នា​ទៅវិញទៅមក ជាហេតុ​ដែល​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​នេះ​នៅ​ថិ​ត​ថេរ​រហូត​បាន​ជាង​៦​ឆ្នាំ​មកហើយ​។​
 
​កីឡាការិនី​កូនកាត់​រូបនេះ បង្ហើប​ថា​គឺ​សង្សា​ខ្លួន​នេះហើយ​ជា​អ្នក​ណែនាំ​ឲ្យ​នាង​ចាប់យក​ការហ្វឹកហាត់​ប្រដាល់ នឹង​ជំរុញ​នាង​រហូត​បានក្លាយ​ជាតា​រា​ក្បាច់គុន​ម្នា​ក់នៅ ONE Championship​។ 
 
​នាង រៀបរាប់​ពី​ដំណើររឿង​ដូច្នេះ​ថា​៖ «​ស្គាល់គ្នា​ដំបូងៗ គាត់​ឧស្សាហ៍​ហៅ​ខ្ញុំ​មកលេង​ផ្ទះ​គាត់ ហើយ​ឲ្យ​ភ្លក់​ម្ហូប​ប្លែកៗ ពិសេស​ម្ហូប​អ៊ីតាលី​ហ្នឹង ហើយ​ពេល​ផ្តើម​ស្រលាញ់គ្នា យើង​ចូលចិត្ត​ដើរទៅ​សមុទ្រ​ជាមួយគ្នា ពេលខ្លះ​យើង​សមាធិ ឬក៏​ប្រដាល់​គ្នា​ជាដើម​។ ដោយសារ​អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​ចាប់ផ្តើម​អាជីព​ប្រដាល់ ក្រោយៗ​មក យើង​ចូលចិត្ត​នៅ​ជិតគ្នា ហើយ​គ្រប់យ៉ាង​វា​រីកដុះដាល​តាម​ហ្នឹង​ទៀត​ទៅ​»​។​
 
៣. បង្កើត​ក្តី​ស្រ​ម៉ៃ​ជាមួយគ្នា​
 
​សុ​វណ្ណា​រី ប្រាប់ថា​នាង​ចូលចិត្ត​ទៅលេង​សមុទ្រ រីឯ Daniele ថា​ចូលចិត្ត​ដើរ​ឡើង​ភ្នំ​ជាង​។ នាង​រៀបរាប់ថា ប្រសិនបើ​ពួកគេ​មាន​ពេលវេលា និង​ប្រាក់កាស​គ្រប់គ្រាន់ នាង​ចង់​ធ្វើ​ឲ្យ​សង្សា​ខ្លួន​ភ្ញាក់ផ្អើល ដោយ​ទិញ​សំបុត្រ​យន្តហោះ​ដើរ​កម្សាន្ត​ឲ្យ​ឆ្ងាយៗ​។ 
 
​សុ​វណ្ណា​រី ប្រាប់​ទាំង​ស្នាមញញឹម​ថា​៖ «​យើង​ធ្លាប់​គិត​ចង់​ទៅលេង ប៊ូ​តង់ កន្លែង​ដែល​យើង​ស្រ​ម៉ៃ​ចង់ទៅ​ថ្មីៗ​នេះ ខ្ញុំ​ក៏​ចង់ទៅ​កម្ពុជា និង​ថៃ​ជាមួយ​គាត់​ដែរ ប៉ុន្តែ​ប់​ឥឡូវ​ទៅ​ប៊ូ​តង់ មុន​សិន​។ ប៊ូ​តង់​ជា​ទឹកដី​ដ៏​សែន​ស្អាត ហើយ​មិនសូវមាន​សេវា​អ៊ី​ន​ធឺ​ណែ​ត​ទេ ដូចនេះ​យើង​អាច​ផ្ចង់អារម្មណ៍​ជាមួយ​ធម្មជាតិ​បាន​ច្រើន រីឯ​ម្ហូប​ប្រទេស​នេះ មើលទៅ​គួរ​ឲ្យ​ឆ្ញា​ញ់​ណាស់​»​។​
 
​សុ​វណ្ណា​រី បន្ថែមទៀតថា​អ្វីដែល​សំខាន់​នោះ គឺ​យើង​ត្រូវ​ប្រើ​ពេលវេលា​ដ៏​មានន័យ​នេះ​ជាមួយ​មនុស្ស​ដែល​យើង​ស្រលាញ់ និង​ឲ្យ​តម្លៃ​យើង ថែមទាំង​ជាម​នុស្ស​ចេះ​ផ្តល់​ភាពកក់ក្តៅ​ឲ្យ​យើង​ផងដែរ​។​
 
«​គាត់​ធ្វើ​ដូច​សព្វដង អ៊ីចឹង​អារម្មណ៍ល្អ​ធម្មតា​មិន​ច្របូកច្របល់ អាច​ថាបើ​នរណាម្នាក់​ភិតភ័យ​ឬ​មាន​ទឹកមុខ​ខុសធម្មតា យើង​អាច​ដឹង​តែម្តង​។ សម្រាប់​ពួក​ខ្ញុំ​គឺ​តែងតែ​លេង​ឲ្យ​គ្នា​សើច និង​ផ្តល់​ស្នាមញញឹម​ឲ្យ​គ្នា​គ្រប់ពេលវេលា​ទាំងអស់​។ ឥឡូវ​ខ្ញុំ​ដូច​ទំនើង​បន្តិច​ហើយ​»​។ សុ​វណ្ណា​រី ​និយាយ​ទាំងអស់​សំណើច​៕

Tag:
 ឯម សុ​វណ្ណា​រី​
© រក្សាសិទ្ធិដោយ thmeythmey.com