អន្តរជាតិ
ឥណ្ឌូណេស៊ី​ទម្លាក់​តម្លៃ​ប្រេង​មុន​បោះឆ្នោត​ដើម្បី​ចំណេញ​«​ប្រយោជន៍​នយោបាយ​»
13, Feb 2019 , 8:39 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន​ប្រេង​រដ្ឋ​ឥណ្ឌូណេស៊ី Pertamina បាន​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ​របស់ខ្លួន​ដល់​ទៅ ០,០៦ ដុល្លារ​ក្នុង​មួយ​លីត្រ​កាលពី​ថ្ងៃអាទិត្យ​ទី​១០ ខែកុម្ភៈ​។ សម្រាប់​ការទម្លាក់​តម្លៃ​ប្រេង​ថ្មី​នេះ អ្នកជំនាញ​យល់ឃើញថា វា​គឺជា​ការ​ទាញ​ប្រយោជន៍​នយោបាយ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​មកដល់​នៅ​ខែមេសា​ខាងមុខ​។​

 
​សម្រាប់​តារាង​តម្លៃ​លក់​ថ្មី ក្រុមហ៊ុន Pertamina បានកំណត់​តម្លៃ​ប្រេងសាំង​ប្រភេទ​ស៊ុប​ពែរ  (Premium) មក​ត្រឹម ០,៤៦ ដុល្លារ​ក្នុង​មួយ​លីត្រ​សម្រាប់​កោះ Java,   Madura និង Bali​។ ប្រេងឥន្ធនៈ​ប្រភេទ RON 98 ក្នុង​រដ្ឋធានី​ហ្សា​ការ​តា​គឺ​ស្មើនឹង ០,៧៩ ដុល្លារ​ក្នុង​មួយ​លីត្រ​។ ។ ប្រេងឥន្ធនៈ​ប្រភេទ RON 92 គឺ​ស្មើនឹង ០,៧០ ដុល្លារ​ក្នុង​មួយ​លីត្រ​។ ចំណែកឯ​តម្លៃ​សម្រាប់​ប្រេងម៉ាស៊ូត​គឺ​ស្មើនឹង ០, ៨៣ ដុល្លារ​ក្នុង​មួយ​លីត្រ​។​
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន The Jakarta Post ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន Pertamina លោក Mas'ud Khamid បាន​និយាយថា ការកែប្រែ​តម្លៃ​ប្រេងឥន្ធនៈ​នេះ គឺធ្វើឡើង​បន្ទាប់ពី​តម្លៃ​ប្រេង​ឆៅ​សកល​ធ្លាក់ចុះ និង​ក្នុង​គោលដៅ​ពង្រឹង​តម្លៃ​លុយ​រ៉ូ​ពីរ​បស់​ឥណ្ឌូណេស៊ី​ប្រឆាំង​ទៅនឹង​លុយ​ដុល្លារ​អាមេរិក​។ 
 
​ទាក់ទិន​នឹង​ការទម្លាក់​តម្លៃ​ប្រេង​នេះ ប្រធាន​គ្រប់គ្រង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​ប្រឹក្សា Saiful Mujani (SMRC) លោក Djayadi Hanan បាន​ប្រាប់​សារព័ត៌មាន The Jakarta Post ថា គោលនយោបាយ​ស្តីពី​តម្លៃ​ប្រេងឥន្ធនៈ​នៅតែ​ជា​សូចនាករ​ដ៏​សំខាន់​មួយ ដែល​សាធារណជន​វាយតម្លៃ​លើ​កិច្ចការ​ប្រតិបត្តិ​របស់​រដ្ឋាភិបាល​។ កត្តា​នេះ​ធ្វើ​ឲ្យ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ក្នុង​តំណែង​មួយចំនួន​រួមទាំង លោក ចូ​កូ វី​ដូ​ដូ ផង​នោះ សម្រេច​អនុវត្ត​គោលនយោបាយ​ប្រជា​ឧបាយ​និយម (Populism) ក្នុង​គោលបំណង​បង្កើន​ប្រជាប្រិយភាព​មុន​ការបោះឆ្នោត​។​
 
​ទោះជា​បែបនេះ​ក្តី លោក Djayadi បាន​ពន្យល់​ទៀតថា វា​គ្មានអ្វី​ខុសឆ្គង​ឡើយ​ជាមួយ​គោលនយោបាយ​បែបនេះ ឲ្យ​តែ​ទង្វើ​របស់​អ្នកនយោបាយ​ទាំងនោះ​ផ្អែកលើ​ហេតុផល​សមស្រប​និង​មាន​គោលដៅ​ច្បាស់លាស់​។ ហើយ​ការអនុវត្ត​គោលនយោបាយ​បែបនេះ​ក៏​ជា​ផលចំណេញ​ផ្នែក​នយោបាយ​មួយ​ផងដែរ​សម្រាប់​លោក ចូ​កូ ខណៈ​ការបោះឆ្នោត​កាន់តែ​ខិតជិត​មកដល់​។​
 
​យ៉ាងណាមិញ អគ្គនាយក​គ្រប់គ្រង​ប្រេង​និង​ឧស្ម័ន​នៃ​ក្រសួង​ធនធាន​រ៉ែ​និង​ថាមពល​ឥណ្ឌូណេស៊ី លោក  Djoko Siswanto បាន​ច្រាល​ចោលការ​លើកឡើងថា​ការទម្លាក់​តម្លៃ​ប្រេង​គឺ​ដើម្បី​ផលប្រយោជន៍​នយោបាយ ដោយ​អះអាងថា ការកែប្រែ​តម្លៃ​ប្រេងឥន្ធនៈ​នេះ​គឺជា​លទ្ធផល​នៃ​ការធ្លាក់ចុះ​តម្លៃ​ប្រេង​សកល​។ លោក​បន្តថា រដ្ឋាភិបាល​បាន​ខិតខំ​ពង្រឹង​ការគ្រប់គ្រង​លើ​តម្លៃ​ប្រេង ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​ទាំងអស់​អនុវត្តតាម​រូបមន្ត​របស់​រដ្ឋាភិបាល​ក្នុងការ​កំណត់​តម្លៃ​ប្រេង​។ បណ្តា​ក្រុមហ៊ុន​ទាំងអស់​ក៏​តម្រូវ​ឲ្យ​ផ្ញើ​របាយការណ៍​កែប្រែ​តម្លៃ​ប្រេង​របស់​ពួកគេ​ទៅ​ឲ្យ​ក្រសួង ដើម្បី​វាយតម្លៃ​លើ​ទិន្នន័យ​ដែល​ប្រមូល​ជា​រៀងរាល់ខែ​។​
 
​សូមបញ្ជាក់ថា តម្លៃ​ប្រេងឥន្ធនៈ​គឺជា​បញ្ហា​រសើប​បំផុត​មួយ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី ដ្បិតថា​ការប្រែប្រួល​ឆាប់រហ័ស​ពេក​ក្នុងតម្លៃ​ប្រេង​អាច​បង្ក​ផលប៉ះពាល់​ដល់​តម្លៃ​នៃ​ផលិតផល​ឬ​សេវាកម្ម​ផ្សេងទៀត ដែល​ទាក់ទង​ទៅនឹង​ផ្នែក​ដឹកជញ្ជូន​។ ហើយ​វា​ក៏​អាចបង្កើត​ទៅជា​បញ្ហា​អតិផរណា​ខ្ពស់​ផងដែរ ជា​អ្វីដែល​លោក ចូ​កូ មានបំណង​បញ្ចៀស​ឲ្យ​ផុត ខណៈ​លោក​ចង់​បន្ត​ឈ្នះ​ការបោះឆ្នោត​ជាថ្មី​។ 
 
​កាលពី​ខែតុលា ឆ្នាំ​២០១៨ រដ្ឋមន្ត្រីក្រសួង​ធនធាន​រ៉ែ​និង​ថាមពល​ឥណ្ឌូណេស៊ី លោក Ignasius Jonan បានប្រកាស​ពី​គម្រោង​ដំឡើង​តម្លៃ​ប្រេង​ប្រភេទ​ស៊ុប​ពែរ​ចំនួន ៧ ភាគរយ ដោយ​លើក​ហេតុផល​ថា តម្លៃ​ប្រេង​សកល​ហក់​ឡើង​យ៉ាងគំហុក​។ ការប្រកាស​នេះ ទទួលរង​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី ដែល​ពឹង​ផ្អែកលើ​ប្រេងឥន្ធនៈ​ប្រភេទ​ស៊ុប​ពែរ​នេះ ដោយសារតែ​វា​ជា​ប្រេងឥន្ធនៈ​មានតម្លៃ​ថោក​បំផុត​ក្នុងប្រទេស​។ 
 
​ប៉ុន្មាន​ម៉ោង​ក្រោយមក រដ្ឋាភិបាល​បានប្រកាស​ទម្លាក់​តម្លៃ​ប្រេងឥន្ធនៈ​វិញ ដោយ​រដ្ឋមន្ត្រីក្រសួង​សហគ្រាស​រដ្ឋ លោកស្រី Rini Soemarno បាន​អះអាងថា លោកស្រី​និង​ក្រុមហ៊ុន​ប្រេង​រដ្ឋ Pertamina ពុំ​ទទួលបាន​សេចក្តីជូនដំណឹង​ពី​គម្រោង​ដំឡើង​តម្លៃ​ប្រេង​នេះឡើយ ហើយ​ក្រុមហ៊ុន​ក៏​មិនទាន់​អនុវត្ត​វា​ផងដែរ​៕
 

Tag:
 ឥណ្ឌូណេស៊ី​
  ក្រុមហ៊ុន​ប្រេង​
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com