ជាតិ
ប្រពៃណី​តម​ភូមិ​៖ រយៈពេល​៣​ថ្ងៃ ចេញ​-​ចូល​ភូមិ ត្រូវ​ពិន័យ​ជា​ប្រាក់ ម៉ូតូ​២០០០ រថយន្ត ៥០០០​រៀល​
13, Feb 2019 , 8:59 pm        
រូបភាព
​បា​រ៉ា​ស់ត្រូវ​បានដាក់​នៅ​មាត់​ផ្លូវ​ចូល​ភូមិ ដោយ​ដាក់​ស្លាក «​ហាម​ចូល​ភូមិ​៣​ថ្ងៃ ម៉ូតូ ២០០០​រៀល ឡាន​៥០០០​រៀល​» និង​ស្លាក «​តម​ភូមិ​៣​ថ្ងៃ​»​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
​បា​រ៉ា​ស់ត្រូវ​បានដាក់​នៅ​មាត់​ផ្លូវ​ចូល​ភូមិ ដោយ​ដាក់​ស្លាក «​ហាម​ចូល​ភូមិ​៣​ថ្ងៃ ម៉ូតូ ២០០០​រៀល ឡាន​៥០០០​រៀល​» និង​ស្លាក «​តម​ភូមិ​៣​ថ្ងៃ​»​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
ដោយ:
​ស្ទឹងត្រែង​៖ ប្រពៃណី «​ឡើង​ចាស់​ស្រុក​» និង «​តម​ភូមិ​» របស់​អ្នក​ភូមិភាគ​ឦសាន​ស្ថិតនៅតាម​បណ្តោយ​ដង​ទន្លេសេសាន ស្ថិតនៅក្នុង​ឃុំ​តា​ឡា​ត ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​មួយ​នេះ នៅតែ​ប្រកាន់​បាន​យ៉ាង​ខ្ជាប់ខ្ជួន​តាំងពី​ដូនតា តរៀងមក​រហូតដល់​បច្ចុប្បន្ន​។ ថ្វីដ្បិតតែ​ចូលដល់​សម័យ​ទំនើប មាន​ផ្លូវ​គមនាគមន៍​ខ្វាត់ខ្វែង អាចធ្វើ​ដំណើរ​ទៅ​គ្រប់ទិសទី​បាន និង​គ្រួសារ​ខ្លះ មាន​រថយន្ត ម៉ូតូ ព្រមទាំង​របស់​ប្រើប្រាស់​ទំនើបៗ ហើយ​ក្តី ក៏​ពួកគេ​មិន​បោះបង់ចោល​ប្រពៃណី​នេះដែរ​។

 
​លោក មួន ខិ​ប អាយុ ៤៥​ឆ្នាំ ជា​ក្រុមប្រឹក្សាឃុំ​តា​ឡា​ត ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ប្រពៃណី «​តម​ភូមិ​» ត្រូវបាន​ប្រជាជន​រស់នៅ​ក្នុងភូមិ​ខ្សាច់​ថ្មី គោរព​យ៉ាង​ខ្ជាប់ខ្ជួន តាំងពី​យូរយារ​ណាស់​មកហើយ ពោលគឺ​តាំងពី​គាត់​ដឹងក្តី​មក ឃើញ​ឪពុកម្តាយ ជីដូន​ជីតា​របស់គាត់ ចាស់ទុំ​ក្នុងភូមិ ប្រារព្វ​ធ្វើ​ពិធី​នេះ​ជា​រៀងរាល់ឆ្នាំ​។ 
 

លោក អន ប៊​ន នៅមុខ​អាស្រម​អ្នកតា​ឃ្លាំង​មៀង​ក្រហម​ក កន្លែង​ធ្វើ​ពិធី «​ឡើង​ចាស់​ស្រុក​»​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
 
​លោក មួន ខិ​ប មានប្រសាសន៍ថា​៖ «​ប្រពៃណី «​ឡើង​ចាស់​ស្រុក​» និង «​តម​ភូមិ​» ត្រូវបាន​ប្រជាជន​ក្នុងភូមិ​នេះ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​មួយឆ្នាំ​២​ដង គឺ​ថ្ងៃ ៣​កើត ដល់ ៦​កើត ខែមាឃ ម្តង និង​ថ្ងៃទី​៦​កើត ដល់​ថ្ងៃ​៩​កើត​ខែ​ពិសាខ ម្តងទៀត​។ អ្នកភូមិ​ហៅ​ពិធី​នេះ​ថា «​ឡើង​ចាស់​ស្រុក​»​។ ក្នុង​រយៈពេល​បី​ថ្ងៃ ប្រជាជន​ក្នុងភូមិ និង​អ្នកដំណើរ​មកពី​ទីជិត​ឆ្ងាយ ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចេញ​-​ចូល​ភូមិ​ទេ​។ បើ​ចូល​គឺ​ត្រូវ​ស្នាក់នៅ​ក្នុងភូមិ​រហូតដល់​ថ្ងៃ​បញ្ចប់ «​តម​ភូមិ​» ៣​ថ្ងៃ​។ បើ​ចេញ​ត្រូវ​នៅ​ខាងក្រៅ​ភូមិ​រហូតដល់​ថ្ងៃ​បញ្ចប់ «​តម​ភូមិ​» ៣​ថ្ងៃ​ដែរ ទើប​អាច​ចូល​ភូមិ​វិញ​បាន​។ ប៉ុន្តែ សម័យ​បច្ចុប្បន្ន ច្បាប់​ប្រពៃណី «​តម​ភូមិ​» នេះ ហាក់​ត្រូវបាន​បន្ធូរបន្ថយ​ខ្លះ​។ ប្រជាជន​ក្នុងភូមិ ឬ​អ្នកដំណើរ​មកពី​ទីជិត​ឆ្ងាយ អាច​ចេញចូល​បាន​តាមចិត្ត តែ​ត្រូវ​បង់ប្រាក់ «​ពិន័យ​» ក្នុងតម្លៃ ម៉ូតូ​មួយគ្រឿង ២០០០ រៀល រថយន្ត​មួយគ្រឿង ៥០០០»​។​
 
«​ចំពោះ​ប្រាក់ «​ពិន័យ​» ដែល​ប្រមូលបាន គណៈកម្មការ​រៀបចំ​ក​ម្ម​វិធី «​ឡើង​ចាស់​ស្រុក​» នឹង​យកទៅ​ទិញ​ដ​ង្វា​យ​ផ្សេងៗ មាន​មាន់ ទា ផ្លែឈើ ទៀន ធូប ស្លា បារី យកទៅ​ថ្វាយ​ចាស់​ស្រុក ដែលមាន​ព្រះនាម​ថា «​លោកតា​ឃ្លាំងមឿង​ក្រហម​ក​» ដើម្បី​សុំ​ខ​មាល​ទោស​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ មួន ខិ​ប​។​


លោក អន ប៊​ន នៅលើ​អាស្រម​អ្នកតា​ឃ្លាំង​មៀង​ក្រហម​ក កន្លែង​ធ្វើ​ពិធី «​ឡើង​ចាស់​ស្រុក​»​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
 
​ដូចគ្នានេះ លោក អន ប៊​ន អាយុ ៣៧​ឆ្នាំ ជា​កសិករ ក៏បាន​លើកឡើង​ស្រដៀង​នឹង​លោក​ក្រុមប្រឹក្សាឃុំ ដែរ​ថា ៖«​ពិធីបុណ្យ «​ឡើង​ចាស់​ស្រុក​» នេះ ពេល​ខ្ញុំ​ដឹងក្តី​មក ឃើញ​ចាស់ទុំ​ក្នុងភូមិ​ប្រារព្វ​មិនដែល​ខាន ក្នុង​មួយឆ្នាំ​ពីរដង​។ អ្នកភូមិ​បាន​រៀប​រណ្តាប់ សម្រាប់ «​ឡើង​ចាស់​ស្រុក​» ក្នុង​ខែមាឃ ចាប់ពី​ថ្ងៃ​៣​កើត ដល់ ៦​កើត មានដូចជា ពងមាន់ ស្រា បារី ទៀនធូប ឬ​នំអន្សម​ជាដើម​។ ចំណែកឯ​ថ្ងៃ​៦​កើត ដល់​ថ្ងៃ​៩​កើត ខែ​ពិសាខ អ្នកភូមិ​មិន​យក​ពងមាន់​ទៅ​ថ្វាយ​ដូច​មុន​ទៀត​ទេ គី​គេ​យក​មាន់​ម្តង ព្រមទាំង​ស្រា បារី ទៀនធូប ឬ​នំអន្សម​ជាដើម​ទៅ​ថ្វាយ​ម្តង​។ ពេល​យក​ដ​ង្វា​យមក​ថ្វាយ អ្នកភូមិ​ច្រើនតែ​សំបូ​ង​ស​ម្រូ​ង​សុំ​សេចក្តីសុខ ឬ​សុំ​អ្វីដែល​ល្អៗ​សម្រាប់​គ្រួសារ​របស់​ពួកគេ​»​។​
 
​បើតាម​ការរៀបរាប់រ​បស់​លោក​ក្រុមប្រឹក្សាឃុំ​តា​ឡា​ត ប្រជាជន​ក្នុងភូមិ​ខ្សាច់​ថ្មី​នេះ​ភាគច្រើន គឺជា​ជនជាតិ ខ្មែរ​-​ឡាវ​។ នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់គេ ពោល​ការទំនាក់ទំនង​ក្នុង​គ្រួសារ ក៏ដូចជា​មួយ​អ្នកភូមិផង​របង​ជាមួយ ពួកគេ​និយាយ​ជា​ភាសា​ឡាវ​។ ចំណែក​ភាសា​ខ្មែរ គឺ​សម្រាប់​ប្រើប្រាស់​ខាងក្រៅ​ភូមិ ឬ​ជាមួយ​អ្នក​មកពី​ខាងក្រៅ​ភូមិ​ដែល​មិនចេះ​ភាសា​ឡាវ​។ ភាគច្រើន ពួកគេ​ប្រក​បរបរ​នេសាទ និង​ធ្វើ​ស្រែចំការ​។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com