អន្តរជាតិ
លោក ប្រា​យុទ្ធ ពិចារណា​បញ្ចូល​បញ្ហា​ការបំពុល​ខ្យល់​ទៅក្នុង​របៀបវារៈ​ជាតិ​
13, Feb 2019 , 9:19 pm        
រូបភាព
រូបភាព The Nation
រូបភាព The Nation
ដោយ:
​ឥទ្ធិពល​ខ្យល់​កខ្វក់​ក្នុង​រាជធានី​បាងកក បាន​ធ្លាក់ចុះ​មកដល់​កម្រិត​សុវត្ថិភាព ខណៈ​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាជន​យ៉ាងខ្លាំង​។ នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​អះអាងថា រដ្ឋាភិបាល​លោក​នៅតែ​បន្ត​ព្យាយាម​ដោះស្រាយ​បញ្ហា​ខ្យល់​បំពុល​ដែល​កំពុង​វាយប្រហារ​តំបន់​ភាគ​ខាងជើង និង​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ​។

 
​ក្រោយ​ជំនួប​គណៈរដ្ឋមន្ត្រី​ថៃ​នៅ​ថ្ងៃទី ១២ ខែកុម្ភៈ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា លើកឡើងថា លោក​បាន​ស្នើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​ដាក់បញ្ចូល​ការប្រយុទ្ធប្រឆាំង​ទៅនឹង​បញ្ហា​ខ្យល់​កខ្វក់​ទៅក្នុង​របៀបវារៈ​ជាតិ​។ ត្រង់ចំណុច​នេះ​លោក​បកស្រាយ​ថា វា​អាច​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​បញ្ហា​នេះ ហើយ​វិធានការ​ចាំបាច់​នានា​នឹងត្រូវ​អនុវត្ត​ជា​បន្តបន្ទាប់​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Bangkok Post នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ ក៏បាន​ចេញ​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ស្វែងរក​វិធី ដើម្បី​រារាំង​ប្រជាកសិករ​ថៃ​ពី​ការបន្ត​កាប់​ទន្ទ្រាន​និង​ដុត​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​កសិកម្ម ដែលជា​ប្រភព​នៃ​ការបំពុល​ខ្យល់​មួយ​ផងដែរ​។ 
 
​ទន្ទឹមនឹង​គ្នា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក Weerachon Sukondhapatipak លើកឡើងថា លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ត្រូវបាន​គេ​រាយការណ៍​ប្រាប់​ជាប្រចាំ​អំពី​ស្ថានភាព​ខ្យល់​កង្វក់​ក្នុង​បណ្តា​ខេត្ត​មួយចំនួន​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ រួមមាន Lampang, Lamphun, Nan, Tak និង Phrae ។ បណ្តា​ខេត្ត​ដែល​ទទួលរង​ផលប៉ះពាល់​ទាំងអស់នេះ​ត្រូវបាន​ណែនាំ​ឲ្យ​ដាក់ពង្រាយ​កម្លាំង ដើម្បី​ទប់ស្កាត់​ការដុត​ដីចម្ការ​និង​រារាំង​ការឆាបឆេះ​នានា ដែល​បញ្ចេញ​ផ្សែង​ពុល​ធ្ងន់ធ្ងរ​។​
 
​នៅក្នុង​ខេត្ត​ឈៀង​ម៉ៃ ខ្យល់​កខ្វក់ PM2.5 ស្ថិតក្នុង​កម្រិត ៨០,៥៧ មីក្រូ​ក្រាម​ក្នុង​ខ្យល់​មួយ​ម៉ែត្រគូប (µg/m³) ។ នេះ​បើ​ផ្អែកលើ​ការសាកល្បង​គុណភាព​ខ្យល់​មួយ​ក្នុងស្រុក Muang ដោយ​បង្ហាញ​លើ​វេ​ប​សាយ www.cmaqi.org កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។ កម្រិត​នៃ​ខ្យល់​កខ្វក់ PM2.5 នេះ គឺ​ឡើង​លើសពី​កម្រិត​សុវត្ថិភាព​ដែល​កំណត់​ត្រឹម ៥០ µg/m³ ប៉ុណ្ណោះ​៕
 

Tag:
 ថៃ​
  ប្រា​យុទ្ធ​ចាន់​អូ​ចា​
  ការបំពុល​ខ្យល់
© រក្សាសិទ្ធិដោយ thmeythmey.com