ជាតិ
សម្ដេច ស ខេង ប្រាប់​ឲ្យ​អាជ្ញាធរ​ចេញមុខ​ដោះស្រាយ​រាល់​បញ្ហា​ពលរដ្ឋ​ភ្លាមៗ ដោយ​មិនបាច់​រង់ចាំ​ចំណាត់ការ​ពី​ក្រសួង​ឡើយ​
13, Feb 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ រាល់​បញ្ហា​របស់​ពលរ​ដ្ឋ ដែល​កើតមានឡើង​នៅតាម​មូលដ្ឋាន​នោះ អាជ្ញាធរ​ទាំងអស់​ត្រូវ​ចេញមុខ​ដោះស្រាយ​ភ្លាម ដោយ​មិនចាំបាច់​រង់ចាំ​ចំណាត់ការ​ណាមួយ ពី​ក្រសួង​ឡើយ​។ នេះ​ជាការ​បញ្ជា​របស់​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​


 
​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ សម្ដេច ស ខេង បាន​ប្រាប់​ឲ្យ​មន្ត្រី និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​តាមដាន​រាល់​ប្រភពព័ត៌មាន​ផ្សព្វផ្សាយ​នានា តាមរយៈ​ទូរទស្សន៍ វិទ្យុ កាសែត និង​ព័ត៌មាន​អន​ឡាញ​ជាដើម ដើម្បី​ចេញមុខ​ឆ្លើយតប និង​បកស្រាយ​រាល់​ការពិត​ទៅនឹង​បញ្ហា​ពលរដ្ឋ និង​រឿងរ៉ាវ​ណា​ដែល​ជាប់​ព័ន្ធ​ជាមួយ​អង្គភាព ឬ​ស្ថាប័ន​ខ្លួន​។​
 
​ត្រង់ចំណុច​នេះ សម្ដេច ស ខេង សង្កត់ធ្ងន់ថា ក្នុងករណី​មាន​ព័ត៌មាន​ណាមួយ​ដែល​ប៉ះពាល់​ដល់​អង្គភាព ឬ​ទាក់ទង​នឹង​ដែន​សមត្ថកិច្ច​របស់ខ្លួន ត្រូវ​ប្រជុំ​ពិភាក្សាគ្នា និង​តាមដាន​ស៊ើបអង្កេត​រក​ដើមចម​នូវ​បញ្ហា​ទាំងនោះ ដើម្បី​រក​ចំណុច​ដោះស្រាយ​ជូន​ពលរដ្ឋ​។ បើតាម​សម្ដេច ស ខេង ស្ថាប័នរដ្ឋ និង​រដ្ឋបាលខេត្ត​មួយចំនួន នៅមាន​ការយឺតយ៉ាវ​ក្នុងការ​បកស្រាយ​ឆ្លើយតប​ទៅ​ប្រជាពលរដ្ឋ ក៏ដូចជា​ដោះស្រាយ​បញ្ហា​ជាដើម​។​
 
​បន្ថែម​ពីនេះ​សម្ដេច ស ខេង ក៏បាន​ផ្ដាំ​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ ត្រូវ​ចេះ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ប្រសើ​ជាង​ប្រើ​កម្លាំងបាយ​លើ​ពលរដ្ឋ​ផងដែរ​។ «​សាល​ដី​របស់​តុលាការ បើ​យើង​មិន​ធ្វើតាម​គឺ​ខុស​ហើយ ប៉ុន្តែ​យើង​ទៅធ្វើ​ឲ្យ​មាន​ព្យុះ​សន​កម្ម ច្បាប់​ក៏​អនុញ្ញាត​ឲ្យ​យើង​ដកខ្លួន​សិន ដើម្បី​ពិចារណា​រក​វិធី​ដោះស្រាយ​។ ហើយ​យើង​មិន​ធ្វើបែបនេះ បែរ​ទៅ​(​អនុវត្ត​)​ទាំង​កម្រោល​ហ្មង ឲ្យ​ទៅ​ម៉េច​ក៏​ទៅៗ​។ ក្នុងស្ថានភាព ស្ថានការណ៍​បែបនេះ យើង​លេង​របៀបនេះ​មិន​បានទេ ហើយ​ទៅមុខ​ក៏​រឹតតែ​មិនបាន​ទៀត​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​៕

Tag:
 ស ខេង​
  ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com