អន្តរជាតិ
មេទ័ពអាមេរិកប្រចាំអាស៊ី៖ កូរ៉េខាងជើងមិនបោះបង់នុយក្លេអ៊ែរទាំងស្រុងឡើយ នាយឧត្តមនាវី Philip Davidson មេបញ្ជាការកងទ័ពអាមរិកប្រចាំឥណ្ឌូ-ប៉ាស៊ីហ្វិក ផ្ដល់សក្ខីកម្មក្នុងគណៈកម្មាធិការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក។ (រូបភាព Stars And Stripes)
× ខណៈប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជឿជាក់ខ្លាំងលើការប្ដេជ្ញាចិត្តរបស់កូរ៉េខាងជើងក្នុងការរំសាយនុយក្លេអ៊ែរទាំងស្រុង មន្ត្រីថ្នាក់ក្រោមរបស់លោកបែរជាយល់ឃើញផ្ទុយទៅវិញ។ ក្រៅពីសហគមន៍ចារកម្មអាមេរិកដែលអះអាងថា ក្រុងព្យុងយ៉ាងគ្មានបំណងបោះបង់អាវុធមហាប្រល័យនេះ មេទ័ពអាមេរិកនៅអាស៊ី Philip Davidson ក៏មិនទាន់ទុកចិត្តការសន្យារបស់កូរ៉េខាងជើងដែរ។ មេទ័ពរូបនេះប្រាប់ព្រឹទ្ធសភាអាមេរិកថា កូរ៉េខាងជើងអាចលុបបំបាត់នុយក្លេអ៊ែរមួយផ្នែកណាប៉ុណ្ណោះ។
ពីរសប្ដាហ៍មុនប្រធានាធិបតី ដូណាល់ ត្រាំ ជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន យោធាអាមេរិកប្រចាំអាស៊ី បានវាយតម្លៃអវិជ្ជមានលើការសន្យារបស់កូរ៉េខាងជើងក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ខ្លួន។ ទោះមានទស្សនវិជ្ជមានលើជំនួបមេដឹកនាំលើកទីពីរនៅវៀតណាម ឧត្តមនាវី Philip Davidson មេបញ្ជាការទីបញ្ជាការកងទ័ពអាមេរិកប្រចាំឥណ្ឌូ-ប៉ាស៊ីហ្វិក (USINDOPACOM) បានប្រាប់គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកថា កូរ៉េខាងជើងមិនបោះបង់នុយក្លេអ៊ែរទាំងស្រុងឡើយ។
ក្នុងលិខិតផ្ញើទៅគណៈកម្មាធិការកិច្ចការយោធានៅថ្ងៃទី១២ ខែកុម្ភៈ លោក Davidson បញ្ជាក់ថា ការវាយតម្លៃរបស់ USINDOPACOM គឺស្របគ្នានឹងរបាយការណ៍របស់ក្រុមចារកម្មជាតិអាមេរិក។ ពោល គឺក្រុងព្យុងយ៉ាងទំនងជាមិនលុបបំបាត់នុយក្លេអ៊ែរ ឬសមត្ថភាពផលិតកម្មរបស់ខ្លួនទាំងអស់ឡើយ ប៉ុន្តែព្យាយាមចរចាដើម្បីឈានទៅកាន់ការរំសាយផ្នែកណាមួយជាថ្នូរការលើកលែងទណ្ឌកម្ម និងការធ្វើសម្បទានពីសំណាក់អាមេរិក និងអន្តរជាតិ។
ប្រធានាធិបតី ត្រាំ នឹងត្រូវជួបជាមួយលោក គីម នៅវៀតណាមនៅចុងខែកុម្ភៈនេះ ដើម្បីបន្តការជជែកលើការលុបបំបាត់នុយក្លេអ៊ែរ ដែលព្រមព្រៀងគ្នាកាលពីជំនួបលើកទីមួយនៅសិង្ហបុរី ប៉ុន្តែមានដំណើរតិចតួចបំផុត។ លោក ត្រាំ ដែលតែងអួតអាងពីទំនាក់ទំនងវិជ្ជមានជាមួយលោក គីម នោះ ក៏បានលើកឡើងជារឿយៗការផ្អាកការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលជាងមួយឆ្នាំមកនេះ។ ប៉ុន្តែរបាយការណ៍ថ្មីៗរបស់អង្គការសហប្រជាជាតិបែរជាបង្ហាញថា កូរ៉េខាងជើងនៅតែមានសកម្មភាពដដែល។
ក្នុងរបាយការណ៍នោះ កូរ៉េខាងជើងបានប្រើប្រាស់ទីតាំងស៊ីវិលរាប់ទាំងព្រលានយន្តហោះផងដើម្បីលាក់បាំងអាវុធយុទ្ធភណ្ឌរបស់ខ្លួនពីការវាយប្រហារណាមួយ។ ជាងនេះទៅទៀត កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលក៏នៅតែមានសកម្មភាពឥតឈប់ដែរ។
បន្ថែមពីលើទង្វើខុសពីមាត់និយាយហើយនោះ ក្រុងព្យុងយ៉ាងក៏ទាមទារឲ្យក្រុងវ៉ាស៊ីនតោនចាត់វិធានការតបនឹងអ្វីដែលខ្លួនបានធ្វើនាពេលកន្លងមកដូចជាការកម្ទេចទីតាំងសាកល្បងនុយក្លេអ៊ែរ និងការបិទទីតាំងបាញ់មីស៊ីលផង។ ប៉ុន្តែអាមេរិកនៅតែចង់ឲ្យកូរ៉េខាងជើងធ្វើសកម្មភាពច្រើនជាងនេះ ពិសេសត្រូវរំសាយនុយក្លេអ៊ែរសិន មុននឹងទទួលបានការលើកចិត្តផ្សេងៗតាមការចង់បាន៕
Tag:
អាមេរិក
កូរ៉េខាងជើង
ដូណាល់ ត្រាំ
គីម ជុងអ៊ុន
USINDOPACOM
© រក្សាសិទ្ធិដោយ thmeythmey.com