កីឡាអន្តរជាតិ
អន្តរជាតិ
សាកសព​កីឡាករ​បាល់ទាត់ Sala នឹង​ដឹក​ទៅ​ស្រុកកំណើត​នៅ​អា​ហ្ស​ង់​ទីន​
13, Feb 2019 , 4:33 pm        
រូបភាព
​សាកសព​របស់​កីឡាករ​បាល់ទាត់ Emiliano Sala ដែល​ស្រង់​ចេញពី​បាតសមុទ្រ​នឹង​ត្រូវយក​ទៅកាន់​ប្រទេស​អា​ហ្ស​ង់​ទីន​វិញ​នៅ​ចុង​សប្តាហ៍​នេះ​។ នេះ​បើតាម​ការអះអាង​របស់​លោក Julio Muller អភិបាលក្រុង Progreso ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន APF នៅ​ថ្ងៃទី​១២ ខែកុម្ភៈ​។​


 
​ភ្នាក់ងារ​ស៊ើបអង្កេត​គ្រោះថ្នាក់​ផ្លូវអាកាស (AAIB) របស់​អង់គ្លេស បាន​រកឃើញ​សាកសព​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​២៨​នេះ​នៅក្រោម​បាតសមុទ្រ ក្នុង​បំណែក​យន្តហោះ ដែល​បាន​ដឹក​រូ​បគេ រួមជាមួយ​ពី​ឡុ​ត​ម្នាក់ទៀត​ឈ្មោះ David Ibbotson កាលពី​សប្តាហ៍​មុន​។​
 
​យន្តហោះ​ធុន​តូច​ម៉ាក Piper Malibu ដែល​ដឹក Sala ពី​ក្រុង Nantes ឆ្ពោះទៅ Cardiff បាន​បាត់​ការទាក់ទង​កាលពី​ថ្ងៃទី​២១ ខែមករា​។ Sala ទើបតែ​បញ្ចប់​ការផ្ទេរ​ពី Nantes នៃ​ក្របខណ្ឌ Ligue 1 ដោយ​ក្លាយជា​កីឡាករ​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​នៅ Cardiff City នៃ​ក្របខណ្ឌ Premier League ក្នុងតម្លៃ​ប្រមាណ​១៩​លាន​ដុល្លារ​អាមេរិក​។​
 
​លោក​អភិបាលក្រុង Muller លើកឡើងថា​សាកសព Sala នឹង​មកដល់​ក្រុង Progreso ជាទី​កំណើត​របស់គេ​នៅពេល​ល្ងាច​ថ្ងៃទី​១៥ ខែកុម្ភៈ ហើយ​សាកសព​នោះ នឹងត្រូវ​ដឹក​ទៅកាន់​កន្លែង​ហាត់ប្រាណ​ក្បែរ​ទីស្នាក់ការ​កណ្តាល​ក្លិប​យុវជន​របស់គេ​។ ម្តាយ និង​បងប្អូន​ប្រុស​ស្រី​របស់ Sala នៅទីនោះ​រួចស្រេច​ដើម្បី​រង់ចាំ​ទទួល​សាកសព​៕
 
 
 

Tag:
 បាល់ទាត់​
  Emiliano Sala
© រក្សាសិទ្ធិដោយ thmeythmey.com