ជាតិ
សង្គមជាតិ
១០​ឆ្នាំ​ចុងក្រោយ ទំនាក់ទំនង​ផ្លូវភេទ​នៅ​ថ្ងៃ Valentine's Day ធា្ល​ក់​ចុះ​ជាង​ពាក់កណ្តាល
13, Feb 2019 , 5:06 pm        
រូបភាព
 លោក តុង សុប្រាជ្ញ អនុបណ្ឌិត និងអ្នកស្រាវជ្រាវឯករាជ្យ ផ្នែកសុខភាពសាធារណៈ
លោក តុង សុប្រាជ្ញ អនុបណ្ឌិត និងអ្នកស្រាវជ្រាវឯករាជ្យ ផ្នែកសុខភាពសាធារណៈ
​ភ្នំពេញ​៖ រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ ឥរិយាបថ​របស់​យុវវ័យ​ចំពោះ​សេចក្តីស្រលាញ់ និង​ទំនាក់ទំនង​ស្នេហា ក្នុង​ផ្លូវភេទ​នៅ​ថ្ងៃ​នៃ​ក្តី​ស្រលាញ់ ១៤​កុម្ភៈ​(Valentine's Day) បាន​ធ្លាក់ចុះ​ជាង​ពាក់កណ្តាល​។ និន្នាការ​នៃ​ការ​ធា្ល​ក់​ចុះ​នេះ បណ្តាលមកពី​ការយល់ដឹង​ច្រើន​ពី​យុវវ័យ​ផ្ទាល់ ពី​គ្រួសារ រួមទាំង​មានការ​អប់រំ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន និង​ការកៀបសង្កត់​ពី​ឥទ្ធិពល​សង្គម​ជាច្រើន​ទៀត​។

 
 
​តាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ទៅលើ​យុវវ័យ​អាយុ​ចន្លោះ​អាយុ​ពី​១៥ ទៅ​២៤​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ របស់ លោក តុង សុ​ប្រាជ្ញ អនុបណ្ឌិត និង​អ្នកស្រាវជ្រាវ​ឯករាជ្យ ផ្នែក​សុខភាព​សាធារណៈ ក្នុងចំណោម​យុវវ័យ ១,១៧៦​នាក់ (​ស្រី​៦៧៤​នាក់​)​នៅ​ឆ្នាំ​២០១៩ មាន​ជិត​៣៤​ភាគរយ​ប៉ុណ្ណោះ ដែល​បាន​ចាប់អារម្មណ៍​ចំពោះ​ថ្ងៃ​នៃ​សេចក្តីស្រលាញ់​ថា​«​ជា​ថ្ងៃ​ពិសេស​» ដែល​កាល​ឆ្នាំ​២០០៩ មាន​អត្រា​ខ្ពស់ជាង​៦១​ភាគរយ​។ 
 
​ក្នុង​រយៈពេល​ដូចគ្នានេះ យុ​វ័​វយ​ដែលមាន​ដៃគូ បាន​ពី​ធា្ល​ក់​ចុះ​ពី​៨១​ភាគរយ ក្នុង​ឆ្នាំ​២០០៩ មក​នៅត្រឹម​៤២,៥​ភាគរយ​នៅ​ឆ្នាំ​២០១៩ ដែល​ពួកគេ​មាន​ផែន​ការចេញ​ដើរលេង នៅ​ថ្ងៃ​១៤ កុម្ភៈ នៅតាម​កន្លែង​បែប​រ៉ូ​មែន​ទិច​ផ្សេងៗ ឬ​កន្លែង​ស្ងប់ស្ងាត់ ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ចំណង់​ផ្លូវភេទ​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ខ្លាំង​បំផុត​នោះ គឺ​ទំនាក់ទំនង​ផ្លូវភេទ​ក្នុងចំណោម​យុវវ័យ​ដែល​អាច​នឹងធ្វើ​សកម្មភាព​បែបនេះ នៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ បាន​ធ្លាក់ចុះ​នៅត្រឹម​៥,៤​ភាគរយ ក្នុង​ឆ្នាំ​២០១៩  បើ​ប្រៀបធៀប​នឹង​ការសិក្សា​ក្នុង​ឆ្នាំ​២០០៩ មាន​ជិត​១៣​ភាគរយ​។ នេះ​បើតាម​របាយការណ៍​ដដែល​ខាងលើនេះ​។ 
 
​ជាមួយគ្នា លោក តុង សុ​ប្រាជ្ញ បាន​ប្រសាសន៍​ដូច្នេះ កន្លងមក​យុវវ័យ​ខ្មែរ​ជាច្រើន ដែល​បាន​យល់​ខុសពី​អត្ថន័យ​នៃ​ថ្ងៃ​១៤​កុម្ភៈ ឬ​ថ្ងៃ​នៃ​សេចក្តីស្រលាញ់ ស្របពេល​មាន​និន្នាការ និង​លំហូរ​នេះ ផលិតផល​ផ្សេងៗ​ពី​បរទេស នៅក្នុង​ថ្ងៃ​នៃ​សេចក្តីស្រលាញ់ បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​យុវវ័យ ក្នុង​ថ្ងៃនោះ ។ លោក បាន​បញ្ជាក់ថា ក្រៅពី​កម្ពុជា មាន​ប្រទេស​ថៃ និង​ឥណ្ឌា ក្នុង​តំបន់​អាស៊ី ដែល​យុវជន​បានចាត់ទុក​ថ្ងៃ​នៃ​សេចក្តីស្រលាញ់ ជា​ថ្ងៃ​ពិសេស​សម្រាប់​ពួក​ជាមួយ​គូសង្សា គឺមាន​ច្រើនជាង​កម្ពុជា​ទ្វេដង​។ 
 
​លោក​បាន​បន្តថា កម្ពុជា​ទម្រាំ​មានការ​ធា្ល​ក់​ចុះ​នេះ មាន​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​បានធ្វើការ​ផ្សព្វផ្សាយ និង​ពន្យល់​ណែនាំ​កាន់តែច្បាស់​អំពី​ថ្ងៃ​នៃ​សេចក្តីស្រលាញ់ ១៤​កុម្ភៈ  រួមផ្សំ​ជាមួយ​ចំណេះដឹង​នៃ​ការអប់រំ និង​រង​ការស្តីបន្ទោស ពី​សង្គម ផងដែរ​។​
 
​ដំណើ​រវិ​វត្ត​ពាក្យ​ប្រើប្រាស់​នៃ​ថ្ងៃ​នៃ​១៤ កុម្ភៈ ត្រូវបាន​សង្គម​កម្ពុជា កែប្រែ​ដើម្បី​អប់រំ​យុវវ័យ​ឲ្យ​យល់ដឹង​កាន់តែច្បាស់ ដោយបាន​ប្តូរ​ពី​ពាក្យ​ថ្ងៃបុណ្យ​សង្សា ទៅជា​បុណ្យ​នៃ​សេចក្តីស្រលាញ់ ក្រោយមកទៀត​ដើម្បី​យុវវ័យ​យល់​ឲ្យ​កាន់តែ​ច្បាប់ បាន​ប្តូរ​មក​ប្រើពាក្យ ទិវា​នៃ​សេចក្តី រហូតដល់​ពេលនេះ ត្រូវបាន​ប្រើពាក្យ​ថ្មី​មួយទៀត គឺ​ថៃ្ង​នៃ​សេចក្តីស្រលាញ់​។ នេះ​បើតាម លោក តុង សុ​ប្រាជ្ញ​។ 
 
​ទោះជា​មានការ​ធា្ល​ក់​ចុះ​បែបនេះ​ក៏ដោយ លោក តុង សុ​ប្រាជ្ញ បាន​អះអាងថា ចំពោះ​ចំណេះដឹង​របស់​ឪពុកម្តាយ​នៅមានកម្រិត​ទាប​នៅឡើយ​ដែល​ទាក់ទង​នឹង​ការ​ទូន្មាន​កូនៗ​នៅ​ថ្ងៃ​នៃ​ក្តី​ស្រលាញ់ ដើម្បី​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​បំណង​របស់​ពួកគេ​។ ដោយ​លទ្ធផល​ប្រែប្រួល​មាន​តិចតួច​បំផុត ក្នុង​រយៈពេល ១០​ឆ្នាំ​កន្លងមកនេះ​។ «​របកគំហើញ​នេះ​ធ្វើ​ឲ្យ​មានការ​ពញ្ញាក់​ដល់​យុវវ័យ ក្នុងការ​ប្រើប្រាស់​ស្រោមអនាម័យ​មាន​កម្រិត​ទាប​នៅឡើយ  ហើយក៏​មិនទាន់​មានចំណេះដឹង​ទូលំទូលាយ​ផងដែរ ដែល​ទាក់ទិន​នឹង​សិទ្ធិ​ក្នុងការ​រួមភេទ​។ បើ​មាន​យុវវ័យ ៤០ នាក់ មានតែ​២០​នាក់​ប៉ុណ្ណោះ​ដែល​ប្រើប្រាស់​ស្រោមអនាម័យ នៅ​ថ្ងៃ​នៃ​សេចក្តីស្រលាញ់​»​។ 
 
​ដូច្នេះហើយ បទ​អន្តរាគមន៍ គួរតែ​ផ្តោតលើ​ការអប់រំ​ទូទៅ​ចំពោះ​សិទ្ធិ​ក្នុងការ​រួមភេទ​ជាមួយ​នរណាម្នាក់ និង​ការប្រើប្រាស់​ស្រោមអនាម័យ ជាពិសេស​គឺ​ការផ្សព្វផ្សាយ​ឲ្យ​បាន​មុន​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ ដោយមាន​ការបង្កើន​ចំណេះដឹង​ជុំវិញ​បញ្ហា​នៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ និង​ការអប់រំ​សុខភាព​ផ្លូវភេទ​ទូទៅ រួមមាន ការយល់ដឹង​ពី​ការរួម​ភេទ និង​សុវត្ថិភាព​ផ្លូវភេទ និង​បន្ត​កម្មវិធី​សុខភាព​បន្ត​ពូជ និង​អេដស៍​ក្នុងចំណោម​យុវវ័យ​ក្រុម​គោលដៅ​មុន​និង​ចំ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​តាមរយៈ​លទ្ធផល​នៃ​ការសិក្សា​នេះ​នៅ​ទីតាំង​រាជធានី ដោយ​ផ្ដោត​តាម​វិទ្យាល័យ និង​សាកលវិទ្យាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​៕ 
 

Tag:
 Valentine’s day
  ១៤​កុម្ភៈ
© រក្សាសិទ្ធិដោយ thmeythmey.com