កីឡាជាតិ
ជាតិ
Tae Woong kim សម្រេចចាកចេញពីភ្នំពេញក្រោន ក្រោយរួមរស់បាន២ខែ កីឡាករ Tae Woong Kim អំឡុងពេលបង្ហាញខ្លួនជាមួយក្លិបភ្នំពេញក្រោនកាលពីពេលកន្លងទៅ, រូបភាពពីក្លិបបាល់ទាត់ភ្នំពេញក្រោន
× ខ្សែបម្រើកូរ៉េខាងត្បូងកីឡាករ Tae Wong Kim បានសម្រេចចាកចេញពីក្លិបភ្នំពេញក្រោនមុនកិច្ចសន្យា ក្រោយរួមរស់ជាមួយគ្នាបានប្រមាណ២ខែ។ ក្លិបភ្នំពេញក្រោនអះអាងថា ការចាកចេញរបស់កីឡាកររូបនេះ គឺមានការឯកភាពទាំងសងខាង តែក្លិបមិនបានបញ្ជាក់លម្អិតពីមូលហេតុនៃការចាកចេញនេះឡើយ។
កីឡាករកូរ៉េខាងត្បូង Tae Woong Kim ដែលបានចូលរួមជាមួយក្លិបភ្នំពេញក្រោនកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ បានសម្រេចចាកចេញពីភ្នំពេញក្រោនមុនកិច្ចសន្យានៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ គេហទំព័រក្លិបភ្នំពេញក្រោនបានបញ្ជាក់ថា ការចាកចេញរបស់ខ្សែបម្រើប្រយុទ្ធកូរ៉េខាងត្បូងរូបនេះ គឺឈរលើគោលការណ៍ពិភាក្សារវាងភាគីទាំងពីរ ដែលបានឯកភាពគ្នា។
ប៉ុន្តែក្លិបជើងឯកលីកកំពូល៥សម័យកាលមួយនេះ មិនបានបញ្ជាក់លម្អិតពីមូលហេតុនៃការចែកផ្លូវគ្នាទាំងមិនទាន់បើករដូវកាលថ្មីនេះឡើយ គ្រាន់តែអះអាងថា ក្រោមហេតុផលផ្ទាល់ខ្លួនមួយចំនួន។ ក្លិបភ្នំពេញក្រោនបានរៀបរាប់យ៉ាងដូច្នេះថា៖«កីឡាករកូរ៉េខាងត្បូងរូបនេះបានសម្រេចចិត្តចាកចេញពីក្លិបភ្នំពេញក្រោន ជាមួយនឹងហេតុផលផ្ទាល់ខ្លួនមួយចំនួន និងដោយមានការព្រមព្រៀងគ្នាក្នុងការបញ្ចប់កិច្ចសន្យាជាមួយក្លិបភ្នំពេញក្រោនជាស្ថាពរ»។
ជាមួយការអរគុណដល់ការខិតខំប្រឹងប្រឹងរបស់កីឡាករ Tae Woong Kim ក្រោយរួមរស់មួយរយៈពេលខ្លី ក្លិបភ្នំពេញក្រោន ក៏បានជូនពរឲ្យកីឡាកររូបនេះជោគជ័យក្នុងអាជីពនាអនាគតទៀតផង។ ក្រោយការចាកចេញរបស់កីឡាកររូបនេះ ភ្នំពេញក្រោនត្រូវការជ្រើសរើសបរទេសម្នាក់ជាដាច់ខាត ដើម្បីបំពេញកូតាកីឡាករអាស៊ី សម្រាប់ត្រៀមប្រជែងក្នុងរដូវកាលថ្មី៕
Tag:
បាល់ទាត់
ភ្នំពេញក្រោន
Tae Woong Kim
© រក្សាសិទ្ធិដោយ thmeythmey.com