ជាតិ
សង្គមជាតិ
សមត្ថកិច្ច​បាន​បង្ក្រាប​គ្រឿងញៀន​ជាង​៥០០​គីឡូ ក្នុង​ឆ្នាំ​២០១៨
14, Feb 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ សមត្ថកិច្ច​បាន​ចាប់ និង​បង្ក្រាបបាន​ជាង​៥០០​គីឡូក្រាម និង​ចាប់ខ្លួនបាន​ជាច្រើន​នាក់ ចាប់តាំងពី​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​កាលពី​ឆ្នាំ​២០១៦​កន្លងមក  ។

 
​បើទោះជា​សមត្ថកិច្ច​ខំប្រឹង​បង្ក្រាប​គ្រឿងញៀន​យ៉ាងណា ក៏​ករណី​បទល្មើស​មិនទាន់​ថមថយ​នៅឡើយ​ទេ​។  នេះ​ជា​ការលើកឡើង​របស់​សម្តេច ស ខេង ដែល​សន្យា​ពង្រឹង​ការបង្ក្រាប​បន្ថែមទៀត​ចំពោះ​បទល្មើស​នេះ ដោយ​មិន​បណ្ដោយ​ឲ្យ​បញ្ហា​គ្រឿងញៀន​រីក​រាលដាល​បំផ្លាញ​សង្គម​កម្ពុជា​នោះទេ​។  បើតាម​សម្ដេច ស ខេង សកម្មភាព​បង្ក្រាប​គ្រឿងញៀន​របស់​ស​ម​ត្ថ​កិច្ច​នាពេល​កន្លងមក គឺ​អនុវត្តបាន​ត្រឹមត្រូវ ដោយ​មិន​បានធ្វើ​ឲ្យ​មានការ​រិះគន់ និង​ប៉ះពាល់​ដល់​សិទ្ធមនុស្ស​ឡើយ​។ 
 
​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៨ នា​ព្រឹក​ថ្ងៃ​១៣ ខែកុម្ភៈ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនោះ បាន​និយាយ​ដូច្នេះ​ថា​៖«​ចុះបើ​យើង​ចាប់​មិនបាន​ចំនួន​នេះ នឹង​ជ្រៀតចូល​សរសៃឈាម​ប្រជាពលរដ្ឋ​ប៉ុន្មាន​? ប៉ុន្តែ​យើង​បង្ក្រាបបាន ក៏ប៉ុន្តែ​សួរថា​អស់​ទេ គឺ​មិនទាន់​អស់​ទេ នៅ​ទៀត​»​។ 
 
​បច្ចុប្បន្ននេះ អ្នក​កំពុង​ជាប់ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​គឿង​ញៀន​មាន​ចំនួន​ប្រមាណ ២ ភាគ​៣ ក្នុងចំណោម​អ្នក​ជាប់ពន្ធ​ធនាគារ​សរុប ៣,១ ម៉ឺន​នាក់​។ នេះ​បើតាម​សម្ដេច ស ខេង​។​
 
​កាលពី​ឆ្នាំ​២០១៨ អាជ្ញាធរ​បង្ក្រាប​គ្រឿងញៀន​សរុប​ជាង​៥០០​គីឡូក្រាម ដោយ​កើនឡើង​៣៦០​គីឡូក្រាម បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ខណៈ​បទល្មើស​គ្រឿងញៀន​ជាង​៨​ពាន់​ករណី ថយចុះ​ជាង​១០០​ករណី​។ ក្នុង​ឆ្នាំ​២០១៧ រដ្ឋាភិបាល​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំងប្រទេស​បាន​ចំនួន​ជាង​៨​ពាន់​ករណី​(៨.១៧៣​ករណី​) ឃាត់ខ្លួន​ជនសង្ស័យ​១៧,៧៩៥​នាក់ ហើយ​គ្រឿងញៀន​ដែល​ចាប់បាន មាន​ចំនួន​១៧៣​គីឡូក្រាម និង​៨៨៦​កញ្ចប់ កញ្ឆា​ក្រៀម​ជាង​១១៣​គីឡូក្រាម និង​២៧៥.៨១៥​ដើម និង​មាន​អ្នកប្រើប្រាស់​សរុប​ចំនួន​ជាង​១​ម៉ឺន​៤​ពាន់​នាក់ (១៤.៣៥៣​នាក់​)​។ រដ្ឋាភិបាល បានប្រកាស​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ចាប់តាំងពី​ចុងឆ្នាំ​២០១៦​មក​៕

Tag:
 ស ខេង​
  គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com