អន្តរជាតិ
អាជ្ញាធរហ្វីលីពីនចាប់ខ្លួនអ្នកសារព័ត៌មានស្ត្រី Maria Ressa ពីបទបរិហារកេរ្តិ៍
× អ្នកសារព័ត៌មានល្បីឈ្មោះហ្វីលីពីន លោកស្រី Maria Ressa ដែលតែងតែរិះគន់ប្រធានាធិបតីហ្វីលីពីន ត្រូវបាន ចាប់ខ្លួនក្នុងការិយាល័យលោកស្រីនៅរដ្ឋធានី ម៉ានីល កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ ការឃាត់ខ្លួននេះ គឺធ្វើឡើងក្រោមបទចោទ «បរិហារកេរ្តិ៍លើអ៊ីនធឺណិត»។ ចំណាត់ការផ្លូវច្បាប់ថ្មីនេះកំពុងដាក់សម្ពាធកាន់តែខ្លាំងលើលោកស្រី Ressa និងវេបសាយព័ត៌មាន Rappler របស់លោកស្រី ដែលបច្ចុប្បន្នប្រឈមមុខនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងគេចពន្ធផងនោះ។
លោកស្រី Ressa ដែលជាប់ឈ្មោះជា «បុគ្គលឆ្នើមប្រចាំឆ្នាំ» របស់ទស្សនាវដ្តី Time ក្នុងឆ្នាំ២០១៨ សម្រាប់អាជីពសារព័ត៌មាន បានចាកចេញពីការិយាល័យ Rappler ជាមួយនឹងភ្នាក់ងាររបស់ការិយាល័យស៊ើបអង្កេតជាតិហ្វីលីពីន។ ភ្លាមៗក្រោយការចាប់ខ្លួនអ្នកសារព័ត៌មានស្រីវ័យ៥៥ឆ្នាំរូបនេះ ក្រុមអ្នកសារព័ត៌មានហ្វីលីពីនបានចេញមុខប្រតិកម្មយ៉ាងខ្លាំងលើការចេញដីការចាប់ខ្លួនដែលគួរឲ្យភ្ញាក់ផ្អើលមួយនេះ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP សហភាពជាតិនៃអ្នកសារព័ត៌មានហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍មួយថា៖ «ការចាប់ខ្លួនលោកស្រី Ressa លើបទចោទបរិហារកេរ្តិ៍នេះគឺជាសកម្មភាពនៃការធ្វើទុក្ខបុកម្នេញដោយគ្មានភាពខ្មាស់អៀនពីសំណាក់រដ្ឋាភិបាលហ្វីលីពីន។ ហើយឥឡូវនេះរដ្ឋាភិបាលបានបង្ហាញយ៉ាងច្បាស់ថា ខ្លួនហ៊ានប្រើប្រាស់មធ្យោបាយសព្វបែបយ៉ាងដើម្បីបិទមាត់ប្រព័ន្ធផ្សព្វផ្សាយណា ដែលហ៊ានចេញមុខរិះគន់រដ្ឋាភិបាលចំៗ»។
ទន្ទឹមនឹងនេះ សហស្ថាបនិកសារព័ត៌មាន Rappler លោកស្រី Beth Frondoso និយាយថា លោកស្រីនឹងព្យាយាមស្នើសុំសិទ្ធិនៅក្រៅឃុំសម្រាប់លោកស្រី Ressa ។
សូមបញ្ជាក់ថា សារព័ត៌មាន Rappler ចាប់ផ្តើមទទួលរងការប្រតិកម្មពីរដ្ឋបាលប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ចាប់តាំងពីខ្លួនបានចុះផ្សាយអត្ថបទព័ត៌មានរិះគន់ចំៗលើយុទ្ធនាការប្រឆាំងគ្រឿងញៀនដែលបានសម្លាប់មនុស្សរាប់ពាន់នាក់គិតចាប់ពីឆ្នាំ២០១៦មក។ ក្នុងរឿងក្តីពន្ធដារ រដ្ឋាភិបាលហ្វីលីពីនចោទប្រកាន់ថា សារព័ត៌មាន Rappler, លោកស្រី Ressa និងសហការីផ្នែកគណនេយ្យ មិនបង់ពន្ធជាង ៣ លានដុល្លារក្នុងឆ្នាំ២០១៥ ។
ក្រៅពីសារព័ត៌មាន Rappler ប្រធានាធីបតីហ្វីលីពីន ឌូទើតេក៏បានប្រតិកម្មចំពោះសារព័ត៌មានដែលហ៊ានចេញមុខរិះគន់ផ្សេងទៀត រួមមាន Philippine Daily, កាសែត Inquirer និងទូរទស្សន៍ ABS-CBN ។ ត្រង់ចំណុចនេះលោកបានព្រមានតាមជាន់កែងម្ចាស់សារព័ត៌មានទាំងនោះជុំវិញបទចោទគេចពន្ធ ឬលែងផ្តល់សិទ្ធិបើកអាជីវកម្មជាដើម៕
Tag:
ហ្វីលីពីន
Maria Ressa
© រក្សាសិទ្ធិដោយ thmeythmey.com