កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Pochettino ជឿជាក់ថា Spurs អាច​ឈានទៅ​វគ្គ​បន្ត​ក្រោយ​ឈ្នះ Dortmund ៣-០
14, Feb 2019 , 11:39 am        
រូបភាព
Tottenham Hotspur បានទទួល​ជ័យជម្នះ​លើ​ក្រុម Borussia Dortmund ដល់​ទៅ ៣-០ នា​ការប្រកួត​ពានរង្វាន់ UEFA Champions League ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ នៅ​រាត្រី​ថ្ងៃទី​១៣ ខែកុម្ភៈ​។ លទ្ធផល​នេះ លោក Mauricio Pochettino ថា Spurs អាច​បោះជំហាន​ឆ្ពោះទៅកាន់​វគ្គ​បន្តបាន ជាមួយ​ទម្រង់​លេង​ដ៏​ល្អ​របស់​កូនក្រុម​។​


 
​ក្រុម​មាន់​ខ្នាយ​មាស​ធ្វើ​មិនសូវ​បានល្អ​នោះទេ​ក្នុង​ការបើកឆាក ៤៥​នាទី​ដំបូង​នៅឯ​កីឡដ្ឋាន Wembley​។ ក្នុង​ម៉ោង​សម្រាក​១៥​នាទី​ក្រោយ​បញ្ចប់​វគ្គ​ទី​១ លោក Pochettino បានរៀបចំ​ទម្រង់​លេង​ថ្មី​ដោយ​បង្កើន​ការលេង​នៅ​តំបន់​ប្រយុទ្ធ​។​


 
​ចូលដល់​វគ្គ​ទី​២ Spurs ពិតជា​បានបង្ហាញ​ការលេង​ដ៏​អស្ចារ្យ​ដោយ​អា​ចរក​គ្រាប់​បាល់​រហូតដល់​ទៅ​៣​គ្រាប់​ដែល​ធ្វើបាន​ពី​សំណាក់​កីឡាករ​ខ្សែបម្រើ​កំពុង​ឡើង​ជើង Heung-Min Son (៤៧) ខ្សែការពារ Jan Vertonghen (៨៣) និង ខ្សែប្រយុទ្ធ Fernando Llorente (៨៦)​។ ជ័យជម្នះ ៣-០ លើ​ក្រុម Dortmund បានធ្វើ​ឲ្យ​អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​ជឿជាក់ថា​ក្រុម​លោក​អាច​ឈានទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​បាន​។​


 
«​យើង​បានបង្ហាញ​ទម្រង់​លេង​អស្ចារ្យ​នៅ​តង់​ទី​ពីរ​។ នៅ​វគ្គ​ទីមួយ វា​ពិតជា​លំបាក​ណាស់​តាំងពីដើម​តង់​សម្រាប់​យើង​ក្នុង​ការលេង​ឲ្យ​ត្រូវ​តំណែង ខណៈ​ការប្រកួត​បញ្ចប់​ទៅដោយ​គ្មាន​គ្រាប់​បាល់​»​។ Pochettino ប្រាប់ BT Sport ដូច្នេះ​ដោយ​ភាព​រី​រាយ​។​


 
​លោក​បន្ថែមថា​៖« នៅ​វគ្គ​ទី​ពីរ​យើង​បាន​ស្តា​ស្ថានភាព​ដោយ​អាច​ស៊ុត​បញ្ចូល​ទី​១​គ្រាប់ ហើយ​បន្ទាប់មក​ក្រុម​ទាំងមូល​ចាប់ផ្តើម​លេង​ដោយមាន​ទំនុកចិត្ត​ខ្ពស់ និង​អាច​រក​គ្រាប់​បាល​បន្តបន្ទាប់​។ ៣-០ ជា​លទ្ធផល​ល្អ ប៉ុន្តែ​យើង​ត្រូវ​ព្យាយាម​បន្តទៀត​នៅ​ប្រកួត​ក្រោយ​»​។​




រូបភាព ទំព័រហ្វេសប៊ុកផ្លូវការរបស់ UEFA Champions League
 
​ចំណែក ម្ចាស់​ការពារ​ជើងឯក​ឆ្នាំ​ចាស់ Real Madrid នៅតែ​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​នេះ​ដោយ​អាច​យកឈ្នះ​ម្ចាស់ផ្ទះ Ajax ២-១ សម្រាប់​ជំនួប​ជើង​ទី​១​នេះ​។ ក្រុម​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​មាន​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី​២​គ្រាប់​ជា​ទន់​សម្រាប់​ការប្រកួត​ជើង​ទី​២ ដើម្បី​បន្ត​គ្រង​ជើងឯក​ពាន​នេះ​៤​រដូវ​កាល​ជាប់​គ្នា​។ ២​គ្រាប់​របស់ Real ធ្វើបាន​ដោយ Karim Benzema និង Marco Asensio ហើយ​១​គ្រាប់​របស់ Ajax សម្រេច​ពី​កីឡាករ Hakim Ziyech៕
 


Tag:
 បាល់ទាត់​
  UEFA Champions League
  Mauricio Pochettino
© រក្សាសិទ្ធិដោយ thmeythmey.com