អន្តរជាតិ
វិបត្តិ​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​៖ ជប៉ុន មិន​ជាន់ពន្លិច​មី​យ៉ាន់​ម៉ា តែពិចារណា​ផ្តល់ជំនួយ​អភិវឌ្ឍន៍​បន្ថែម​
14, Feb 2019 , 2:05 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បានបង្ហាញ​ពី​គោលជំហរ​គាំទ្រ និង​ជ្រោមជ្រែង​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដើម្បី​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​បញ្ចប់​បញ្ហា និង​ជម្លោះ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ជាពិសេស​នោះ​នៅក្នុង​តំបន់​រ៉ា​ខាន ( Rakhine) តែម្តង​។ ក្រុង​តូ​ក្យូ យល់ឃើញថា មានតែ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​នោះទេ ដែលជា​ដំណោះស្រាយ​សក្តិសម​បំផុត​នៅក្នុង​ជម្លោះ​រដ្ឋ រ៉ា​ខាន​។​

 
​ខុសពី​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​អាមេរិក រដ្ឋាភិបាល​ជប៉ុន នៅតែមាន​គោលនយោបាយ​ការបរទេស​នឹងធឹង​ជាមួយនឹង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក្នុង​កិច្ចសហប្រតិបត្តិការ​ដៃគូ និង​ជាពិសេស​ក្នុងពេលដែល​មី​យ៉ាន់​ម៉ា កំពុងតែ​រង​ការស្តីបន្ទោស និង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ដោយសារតែ​វិបត្តិ​ជនភៀសខ្លួន និង​ជម្លោះ​នៅក្នុង​រដ្ឋ រ៉ា​ខាន ។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា Myanmar Times នៅ​ថ្ងៃ​១០ កុម្ភៈ អគ្គរាជទូត​ជប៉ុន​ប្រចាំ​មី​យ៉ាន់​ម៉ា​លោក Ichiro Maruyama  បានផ្តល់​អនុសាសន៍​ស​ម្រា​ប់​ជា​ដំណោះស្រាយ​លើ​វិបត្តិ​ក្នុង​រដ្ឋ​រ៉ា​ខាន ដោយ​លោក អះអាងថា មានតែ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​នោះ ដែលជា​ដំណោះស្រាយ​ដ៏​សក្តិ​សិទ្ធ​សម្រាប់​បញ្ហា​នេះ​។ 
 
​លោក​អគ្គរាជទូត បាន​លើកឡើងថា អ្វីដែល​គេ​ស្គាល់​មុនគេ​បង្អស់​អំពី​រដ្ឋ រ៉ា​ខាន គឺជា​ជម្លោះ តែម្តង ដែល​ចំណុច​នេះ លោក យល់ឃើញថា គួរតែ​ដល់ពេល​ត្រូវ​បញ្ចប់​ការគិត និង​បញ្ហា​នេះហើយ​។ លោក សង្កត់ធ្ងន់ថា ការអភិវឌ្ឍ​សេដ្ឋកិច្ច គឺជា​ការងារ​ចាំបាច់​បំផុត​សម្រាប់​បញ្ហា​នេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ដដែល​។ 
 
​បេសកជន​ជាន់ខ្ពស់​របស់​ជប៉ុន​រូ​ប​នេះ បាន​បញ្ជាក់ថា គោលបំណង​ធំ​បំផុត​របស់​រដ្ឋាភិបាល​ជប៉ុន និង​ក្រុមហ៊ុន​ជនជាតិ​ជប៉ុន គឺ​ការអភិវឌ្ឍ​គ្រប់​ជ្រុងជ្រោយ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​រាប់បញ្ចូល​នយោបាយ និង​សេដ្ឋកិច្ច​ជាដើម​។ លោក ក៏បាន​សន្យា ផ្តល់ជំនួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​បន្ថែម ជាពិសេស​នោះ​លើ​ការតភ្ជាប់​ផ្លូវ និង​អគ្គិសនី​ឲ្យ​បាន​គ្រប់​ទីកន្លែង​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ រដ្ឋាភិបាល​ជប៉ុន មិន​និយាយ​ត្រឹមតែ​មាត់​នោះឡើយ​។ ជាក់ស្តែង​នោះ នៅ​ថ្ងៃ​២១ ដល់​២៣ កុម្ភៈ​ខាង​មុននេះ រដ្ឋាភិបាល​ជប៉ុន និង​សហការ​ជាមួយនឹង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា នឹង​រៀបចំ​ពិព័រណ៍​វិនិយោគ​ធំ​មួយ​នៅក្នុង​រដ្ឋ រ៉ា​ខាន ដើម្បី​ផ្សព្វផ្សាយ និង​ទាក់ទាញ​អ្នកវិនិយោគ ជាពិសេស​ក្រុមហ៊ុន​ជប៉ុន ឲ្យ​ទៅ​បណ្តាក់ទុន​នៅ​ទីនោះ​តែម្តង​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា វិបត្តិ​ក្នុង​រដ្ឋ​រ៉ា​ខាន ដែលជា​តំបន់​ក្រីក្រ​បំផុត​មួយ​របស់​មី​យ៉ាន់​ម៉ា និង​ជា​ទម្លាប់​មានការ​ប៉ះទង្គិច​គ្នា​រវាង​សហគមន៍​ពុទ្ធសាសនិក និង​សហគមន៍​ជនជាតិ​ភាគ​តិ​ត​ឥស្លាម បានអូសបន្លាយ​អស់​រយៈពេល​ជាង​មួយឆ្នាំ​ហើយ​។ ខណៈដែល​ប្រជាជន​ក្នុង​តំបន់​នោះ​រាប់សិប​ម៉ឺន​នាក់ បាន​ភៀសខ្លួន​ចេញទៅ​កាន់​ប្រទេសជិតខាង​ដោយសារតែ​ការប៉ះទង្គិច​ប្រដាប់អាវុធ​រវាង​អាជ្ញាធរ និង​ក្រុម​ឧទ្ទាម រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា នៅ​មិនទាន់​ស្តារ​ស្ថានភាព​ដើម​បាន​នៅឡើយ​នោះទេ​។​
 
​កន្លងមក​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ត្រូវបាន​សហគមន៍​អន្តរជាតិ​ពិសេស​នោះ​ប្រទេស​លោកខាងលិច​ដែល​អាមេរិក​នាំមុខគេ បាន​ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​មួយចំនួន ដោយ​ចោទ​មី​យ៉ាន់​ម៉ា មិនបាន​គិតគូរ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ប្រជាជន និង​បណ្តែតបណ្តោយ​ឲ្យ​ប្រជាជន​រស់នៅក្នុង​ស្ថានភាព​លំបាក​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com