ជាតិ
សុខភាព
ក្រសួងសុខាភិបាល​ប្រាប់​វិធី​បង្ការ​ពេល​អាកាសធាតុ​ក្តៅ​
14, Feb 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ ស្រ្តី​ម្នាក់​ដឹក​គោ​របស់​គាត់​ឲ្យ​ស៊ី​ស្មៅ​នៅ​វាល​លំហ​មួយ​នៅ​ភូមិ​អំពិល​ផ្អែម ស្រុកពញាឮ នៃ​ខេត្ត​កណ្ដាល កាលពី​ថ្ងៃទី​១៣ ​ខែ​ឧសភា ឆ្នាំ២០១៦។​
រូបឯកសារ៖ ស្រ្តី​ម្នាក់​ដឹក​គោ​របស់​គាត់​ឲ្យ​ស៊ី​ស្មៅ​នៅ​វាល​លំហ​មួយ​នៅ​ភូមិ​អំពិល​ផ្អែម ស្រុកពញាឮ នៃ​ខេត្ត​កណ្ដាល កាលពី​ថ្ងៃទី​១៣ ​ខែ​ឧសភា ឆ្នាំ២០១៦។​
ដោយ: VOA
​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​កម្ពុជា ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បង្ការ​បញ្ហា​សុខភាព​ដែល​អាច​កើតមាន​ក្នុងអំឡុងពេល​អាកាសធាតុ​ក្តៅ បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាសថា កម្តៅ​នៅ​កម្ពុជា​ក្នុង​ខែមេសា​នេះ អាច​នឹង​ហក់​ឡើង​រហូតដល់​៤០ ទៅ​៤២​អង្សារ​។

 
​តាម​គេហទំព័រ និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ផ្សព្វផ្សាយ​កាលពី​ថ្ងៃអាទិត្យ បញ្ជាក់ថា ក្នុងអំឡុង​រដូវក្តៅ​ដែល​កំពុង​ឈានចូល​មកដល់​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ពិសារ​ទឹក​ឲ្យ​បាន​ច្រើន កុំ​ពិ​សារជាតិ​អាល់កុល ឬ​ជាតិ​ស្ករ​ច្រើនពេក​។ ត្រូវ​ស្លៀក​សំលៀកបំពាក់​ស្តើងៗ ឬ​មាន​ពណ៌​ស្រាល និង​ស្លៀកពាក់​រលុង ព្រមទាំង​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​។ គួរ​ចេញទៅ​ខាងក្រៅ​ផ្ទះ នៅពេល​ព្រឹក​និង​ពេល​ល្ងាច​។ ហាម​ទុក​ទារក​និង​កុមារ​ក្នុង​រថយន្ត​ចត​ចោល​។ ជៀសវាង​អាហារ​ក្តៅៗ​និង​ជៀសវាង​ពិសារ​អាហារ​ច្រើនពេក​ដែល​អាច​បង្កើន​កម្តៅ​ដល់​រាងកាយ​។​
​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បានបញ្ជាក់​អំពី​វិធានការ​បន្ថែម​ដើម្បី​ជៀស​ផុតពី​ជំងឺរាក ក្អួត ក្តៅខ្លួន ថា​៖
 
«​ដោយ​រួម​និង​វិធានការ​អាកាសធាតុ​ក្តៅ​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ​អនុវត្ត​៖ លាង​សំអាត​បន្លែ ផ្លែឈើ​ឲ្យ​បាន​ស្អាត​មុន​បរិភោគ​។ សំអាត​សម្ភារៈ​ប្រើ​សម្រាប់​ចម្អិន​ម្ហូបអាហារ​ឲ្យ​បាន​ត្រឹមត្រូវ​។ ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ជាពិសេស សាច់ សត្វ​ស្លាប ស៊ុត និង​អាហារ​សមុទ្រ​។ ទុកដាក់​ចំណីអាហារ​ឆៅ និង​ឆ្អិន​ដាច់ដោយឡែក​ពីគ្នា​។ កុំ​រក្សាទុក​អាហារ​ក្នុង​កំដៅ​ធម្មតា​លើសពី​២​ម៉ោង​។ មិនត្រូវ​រក្សាទុក​អាហារ​ជាច្រើន​ថ្ងៃ​ទេ ទោះជា​ស្ថិតក្នុង​កម្រិត​សីតុណ្ហភាព​សុវត្ថិភាព​ក៏ដោយ​»​។​
 
​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ដោយ​លាងដៃ​នឹង​សាប៊ូ និង​ទឹក​ក្រោយពេល​ចេញពី​បង្គន់ មុនពេល​រៀបចំ​អាហារ មុនពេល​បញ្ចុក​កូន និង​មុនពេល​ពិសារ​អាហារ​។ បើ​មាន​បញ្ហា​សុខភាព​ដែល​បណ្តាល​ឲ្យ​មាន​រាក ក្អួត ក្តៅខ្លួន និង​សន្លប់ សូម​ស្វែងរក​ការព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​។​
 
​ការចេញ​សេចក្តីអំពាវនាវ​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង អំពី​ការប្រុងប្រយ័ត្ន​សុខភាព​ក្នុង​រដូវក្តៅ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ប្រកាស​អំពី​ការ​កើន​កម្តៅ​ក្នុង​រដូវប្រាំង ខណៈ​រដ្ឋាភិបាល​បានចេញ​សារាចរ ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រៀម​ទឹក​ទុក​ប្រើប្រាស់​ប្រចាំថ្ងៃ​សម្រាប់​រដូវប្រាំង​ឆ្នាំ​២០១៩ ដែល​នឹងមាន​កើន​កម្តៅ​ខ្លាំង​ខុសពី​ធម្មតា​និង​ខ្សត់​ភ្លៀង​។ ក្នុង​សារាចរ​នោះ​ក៏បាន​បញ្ជាក់ថា នៅ​ខែមេសា និង​ឧសភា​នេះ កម្ពុជា​នឹងមាន​សីតុណ្ហភាព​អតិបរមា​ពេលខ្លះ​ហក់​ឡើង​ខ្ពស់​រហូតដល់​៤០ ទៅ​៤២​អង្សារ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com